ភ្នំពេញៈ គណៈកម្មាធិការពាណិជ្ជកម្មនៃរបបកម្ពុជាប្រជាធិបតេយ្យ គឺស្ថិតក្រោមការដឹកនាំរបស់លោក ខៀវ សំផន និងលោក អៀង សារី សហជនត្រូវចោទ។ នេះបើយោងតាមលោក ស គឹម ល្មុត មានឈ្មោះបដិវត្តន៍ថា មី អតីតអនុប្រធានធនាគារជាតិក្នុងរបបខ្មែរក្រហម បានថ្លែងប្រាប់សាលាក្តីខ្មែរក្រហម កាលពីម្សិលមិញ។
សាក្សីបានថ្លែងថា បើទោះជារបបខ្មែរក្រហមបានលុបបំបាត់រូបិយវត្ថុ ហើយបានខិតខំប្រែក្លាយប្រទេសជាសង្គមកុម្មុយនីស្តមួយក៏ដោយ ប៉ុន្តែ ចិនបានបញ្ចុះបញ្ចូលមេដឹកនាំរបបនេះឲ្យបើកធនាគារជាតិ ក្នុងឆ្នាំ១៩៧៦ ជាមួយនឹងឥណទានចំណាយ ១៤០ លានយន់។
លោក ស គឹមល្មុត បានបន្តថា៖«ពួកគេ[ចិន]ថ្លែងថា ធនាគារសំខាន់ចំពោះដំណើរការ [ពាណិជ្ជកម្មប្រទេសទាំងពីរ]»។
នៅពេលរសៀលអស់ពេលជាច្រើនម៉ោង លោក Tarik Abdulhak ជំនួយការព្រះរាជអាជ្ញាជាន់ខ្ពស់ បានបង្ហាញរបាយការណ៍ជាច្រើនពីក្រសួងពាណិជ្ជកម្ម ដែលសង្ខេបកិច្ចប្រជុំ ដែលក្រសួងបានជួបជាមួយនឹងប្រតិភូអន្តរជាតិជាច្រើននាក់។
របាយការណ៍នីមួយៗក្នុងចំណោមរបាយការណ៍ទាំងនេះ មានកំណត់សរសេរដោយដៃអំពីការបញ្ជូនឯកសារពាក់ព័ន្ធទៅ ហែម ដែលជាឈ្មោះបដិវត្តន៍របស់លោក ខៀវ សំផន និងទៅ វ៉ាន់ ជាឈ្មោះបដិវត្តន៍របស់ អៀង សារី។
លោក Abdulhak បានសួរថា៖«មានន័យថា ហែម និង វ៉ាន់ ជាមេដឹកនាំក្រសួងពាណិជ្ជកម្ម ទើប របាយការណ៍នោះត្រូវដាក់ទៅឲ្យពួកគេ។ តើនោះត្រឹមត្រូវដែរឬទេ?» លោក ស គឹមល្មុត បានឆ្លើយថា ៖ «ត្រូវហើយ»។
ខណៈដែលដីកាចោទប្រកាន់ប្រឆាំងនឹងជនត្រូវចោទទាំង ៣ ក្នុងសំណុំរឿង ០០២ បានលើកឡើងថា លោក ខៀវ សំផន បណ្ឌិតសេដ្ឋកិច្ច និងជាអតីតប្រមុខរដ្ឋ ត្រូវបានតែងតាំងឲ្យទទួលខុសត្រូវកិច្ចការពាណិជ្ជកម្មផ្នែក គណនេយ្យនិងតម្លៃ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ក្នុងឆ្នាំ១៩៧៥ ហើយទំនាក់ទំនង រវាងលោក អៀង សារី និងនាយកដ្ឋាននេះ ពុំមានកត់ត្រាច្រើនទេ។
បន្ទាប់ពីបញ្ជាក់ចម្លើយកសិណពីអតីតធនាគារិក ដែលបង្ហាញថា លោក ខៀវ សំផន និងលោក អៀង សារី ទទួលខុសត្រូវចំពោះក្រសួងពាណិជ្ជកម្ម តាមរយៈឯកសារដែលបានបង្ហាញរួចហើយ បន្ទាប់មកព្រះរាជអាជ្ញាបានព្យាយាមបង្ហាញថា មេដឹកនាំទាំងពីរ ក៏ទទួលខុសត្រូវចំពោះការបញ្ជូនបុគ្គលិកពាណិជ្ជកម្មជិត ៥០០ នាក់ ទៅស្លាប់ដែរ។
លោក Abdulhak បានបង្ហាញឯកសារមួយទៀត ដែលសរសេរឡើងដោយគណៈកម្មាធិការពាណិជ្ជកម្ម បានស្នើឲ្យកំណត់ការងាររបស់ សុក ឡើងវិញ និងឲ្យគាត់វិលត្រឡប់មកប្រទេសវិញពីទីក្រុងហុងកុង ព្រមទាំងប្រពន្ធឈ្មោះ ណាត ដែលប្រចាំការនៅទីក្រុងហុងកុងនោះ។
បន្ទាប់មក លោក Abdulhak បានបង្ហាញសន្លឹកឯកសារពី ស‑២១ មានឈ្មោះ សុក ដែលត្រូវរៀបរាប់ថា ជាប្រធានពាណិជ្ជកម្ម នៅទីក្រុងហុងកុង ដែលបង្ហាញថា បុគ្គលិករូបនេះត្រូវបានបញ្ជូនទៅមន្ទីរ ស‑២១។
ដីកាចោទប្រកាន់លោក ខៀវ សំផន និងលោក អៀង សារី បានចោទប្រកាន់ថា មនុស្សប្រហែល ៤៨២ នាក់ពីក្រសួងពាណិជ្ជកម្ម ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅ ស‑២១ ក្នុងអំឡុងឆ្នាំ ១៩៧៥ ដល់ ១៩៧៩។
សហព្រះរាជអាជ្ញានៃសាលាក្តីខ្មែរក្រហមនឹងបន្តសាកសួរលោក ស គឹមល្មុត បន្តទៀត នៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះ៕ TK
ភ្នំពេញ ប៉ុស្តិ៍

