ភ្នំពេញៈ ខណៈដែលនាងតូចឈ្មោះស្រីពៅ អាយុ៦ ឆ្នាំយំសួររកម្តាយ ប្អូនប្រុសអាយុ៩ ឆ្នាំក៏យំ ហើយកុមារី ប៉ោ សុគន្ធកញ្ញា អាយុ ១១ ឆ្នាំ ក៏យំតាមប្អូនៗរបស់នាងដែរ អស់រយៈពេល ១០ ថ្ងៃមកហើយ គឺចាប់តាំងពីនគរបាល រាជធានីភ្នំពេញបានប្រើកម្លាំងសង្គ្រប់ចាប់សែងម្តាយរបស់ ពួកគេ គឺអ្នកស្រីតុល ស្រីពៅ យកទៅដាក់ឡានដឹកចេញទៅ ហើយ ៣ ថ្ងៃក្រោយមកត្រូវបានសាលាដំបូងរាជធានី ធ្វើការកាត់ទោសទាំងតក់ក្រហល់ ឲ្យជាប់ពន្ធនាគារ រហូតដល់២ ឆ្នាំកន្លះ។ បន្ទាប់មកពួកគាត់ត្រូវនគរបាលបញ្ជូនទៅឃុំខ្លួននៅគុកព្រៃ ស រហូតមកដល់ពេលនេះ ជាមួយនឹងអ្នកភូមិបឹងកក់ ១៤ នាក់ផ្សេងទៀត។
សុគន្ធកញ្ញា ដែលមានរូបថតម្តាយរបស់នាង ចងពាក់នៅលើក្បាលដូចកូនអ្នកជាប់ឃុំដទៃទៀតនោះ បានទួញយំ ហូរទឹកភ្នែករហាម ហើយ កែវ ណារ៉ុង អាយុ ១២ ឆ្នាំ ក្មួយប្រុសអ្នកស្រីទេព វ៉ាន់នី ក៏យំ ហេង ស្រីល័ក្ខ អាយុ ១៣ ឆ្នាំ កូនស្រីទោល របស់អ្នកស្រី ហេង មុំ ក៏យំ សុង ឫទ្ធិសែន អាយុ ១២ ឆ្នាំ ក្មួយប្រុសអ្នកស្រីសុង ស្រីលាភ ក៏យំ ហើយក្មេងៗកូន ក្មួយ អ្នកភូមិបឹងកក់ប្រមាណ ៤០ នាក់ផ្សេងទៀត ក៏សុទ្ធតែអង្គុយលុតជង្គង់ស្រែកយំ យ៉ាងទ្រហឹងអឺងកងដែរ ជាមួយសម្រែក និងចម្រៀងទាមទាររកយុត្តិធម៌ ឲ្យដោះលែងម្តាយ ម្តាយមីង និងឪពុករបស់ពួកគេ ជាអ្វីដែលពួកក្មេងៗទាំងនេះ បានអធិប្បាយថា ត្រូវបានចាប់ដាក់គុកទាំងអយុត្តិធម៌ដោយគ្រាន់តែធ្វើការតវ៉ា ការពារផ្ទះរបស់ខ្លួននោះ។
សម្រែកយំទួញសោក រៀបរាប់ពីភាពអយុត្តិធម៌ ដ៏សែនឈឺចាប់ កូននឹកម្តាយ ម្តាយត្រូវព្រាត់កូន «ម្ចាស់ផ្ទះជាប់គុក ចោររួចខ្លួន...» របស់ក្មេងៗកូនអ្នកភូមិបឹងកក់ នៅខាងមុខក្រសួងយុត្តិធម៌ កាលពីម្សិលមិញ បានធ្វើឲ្យអ្នកកាសែត និងមន្ត្រីអង្គការសង្គមស៊ីវិលជាច្រើនមានការរំជួលចិត្ត ស្រក់ទឹកភ្នែក អាណិតអាសូរដល់ក្មេងៗទាំងនេះ ហើយមន្ត្រីក្រសួងយុត្តិធម៌ និងក្រុមសមត្ថកិច្ច ដែលនៅក្នុងហេតុការណ៍នេះ ក៏ប្រហែលជាមានការរំជួលចិត្តផងដែរ។
អ្នកភូមិបឹងកក់ចំនួន ១៥ នាក់នៅពេលនេះ កំពុងជាប់ឃុំនៅក្នុងពន្ធនាគារព្រៃស ក្នុងនោះមានស្រ្តី ១៣ នាក់ ត្រូវបានតុលាការក្រុងភ្នំពេញ កាត់ទោសឲ្យជាប់ពន្ធនាគារ ក្នុងម្នាក់ៗ ពីរឆ្នាំកន្លះ កាលពីថ្ងៃទី ២៤ ខែឧសភា ពីបទដណ្តើមកាន់កាប់ដីរបស់នីតិបុគ្គល និងប្រឆាំងអាជ្ញាធរសាធារណៈ មានអ្នកស្រី ទេព វ៉ាន់នី, ហេង មុំ, សួង សម័យ, ង៉ែត ឃុន, ឆេង លៀប, ថូ ដាវី, បូវ សោភា, គង់ ចាន់ថា, ងួន គឹមឡាង, សុង ស្រីលៀប, ចាន់ ណាវី, ផាន់ ឈុនរ៉េត, និងអ្នកស្រីតុលស្រីពៅ។ ចំណែកពីរនាក់ទៀត គឺលោក សៅ សារឿននិងអ្នកស្រី លី ចាន់ណារី នៅមិនទាន់កាត់ទោសនៅឡើយទេ។
សុគន្ធកញ្ញា រៀនថ្នាក់ទី ៥ សាលាកុលាបមួយ បាននិយាយប្រាប់អ្នកកាសែត ជាមួយនឹងសំឡេងយំសោកថា៖«ខ្ញុំនៅតែខំតស៊ូទៅរៀនដែរ តែខ្ញុំទៅតែខ្លួនទេ ខ្ញុំអត់បានរៀនទេ ខ្ញុំនឹកម៉ែខ្ញុំ ប្អូនខ្ញុំយំរកម៉ែខ្ញុំទាំងយប់ទាំងថ្ងៃ ហើយខ្ញុំក៏យំដែរ។ ផ្ទះខ្ញុំឥឡូវនេះស្ងាត់ជ្រងំ ឮតែសំឡេងយំ តើខ្ញុំមានអារម្មណ៍ឯណានឹងរៀនទៀត?ឥឡូវប្អូនពៅខ្ញុំក៏ឈឺទៀត អត់មានអ្នកមើលថែដឹតដល់ទេ»។
ក្មេងស្រីតូច ដែលអង្គុយតែយំ ឥតស្រាកស្រាន្ត ហើយពោរពេញទៅដោយទុក្ខព្រួយរូបនេះ បាននិយាយទៀតថា៖ «ម៉ាក់ខ្ញុំ អត់បានទៅប្លន់ ទៅលួចទ្រព្យសម្បត្តិអ្នកណាទេ គាត់គ្រាន់តែធ្វើការតវ៉ា ការពារផ្ទះឲ្យពួកខ្ញុំនៅ ហេតុអីចាប់គាត់ដាក់គុក? គាត់នៅផ្ទះដាំបាយធ្វើម្ហូបឲ្យពួកខ្ញុំហូប ឥឡូវគ្មានអ្នកណាដាំបាយឲ្យពួកខ្ញុំហូបទៀតទេ។ សូមដោះលែងម៉ាក់ខ្ញុំវិញម៉ោ...»។
កុមារា កែវ ណារ៉ុង អាយុ ១២ ឆ្នាំ រៀនថ្នាក់ទី ៦ សាលាបឋមសិក្សាកុលាបមួយ ត្រូវជាក្មួយអ្នកស្រីទេព វ៉ាន់នី ដែលជាញឹកញាប់ស្រែកផងយំផង ទាមទារឲ្យដោះលែងម្តាយមីង និងអ្នកភូមិបឹងកក់ទាំង ១៥ នាក់ផង និងជាក្មេងម្នាក់ ដែលពូកែសម្តី ក្នុងចំណោមក្មេងៗមួយចំនួនទៀតនោះ បានចោទសួរថា៖«ហេតុអ្វីបានជាចាប់ម្តាយពួកយើងខ្ញុំ ដែលជាម្ចាស់ដីដាក់គុក? សូមសម្តេចតេជោ ហ៊ុន សែន មេត្តាបើកភ្នែក មើលពីទុក្ខវេទនា របស់ពួកខ្ញុំផង...ចាប់ម្តាយខ្ញុំដាក់គុកអស់ហើយ បានអ្នកណាចិញ្ចឹមមើលថែពួកខ្ញុំទៀត សូមដោះលែងពួកគាត់វិញទៅ ដោះលែងទៅ...!»។
កុមារី ហេង ស្រីល័ក្ខ អាយុ ១៣ ឆ្នាំ រៀនថ្នាក់ទី ៧ វិទ្យាល័យវត្តភ្នំ ដែលជាកូនស្រីទោលតែម្នាក់គត់ របស់អ្នកស្រី ហេង មុំ ដែលយំរហូតដែរនោះ បានស្រែកទាមទារ សូមឲ្យក្រសួងយុត្តិធម៌ ជួយអន្តរាគមន៍ ដោះលែងម្តាយរបស់នាង និងអ្នកភូមិបឹងកក់ទាំងអស់។ នាងបានសួរថា៖ «ហេតុអ្វីត្រូវចាប់ពួកគាត់ដាក់គុក? ហេតុអ្វីក៏ក្រុមហ៊ុន ដែលមករំលោភយកផ្ទះរបស់ពួកខ្ញុំរួចខ្លួន? ក្រសួងយុត្តិធម៌ មិនត្រូវនៅសម្ងំស្ងៀមចំពោះរឿងអយុត្តិធម៌បែបនេះទេ សូមដោះលែងពួកគាត់ទៅ...»។
កុមារា សុង ឫទ្ធីសែន អាយុ ១២ ឆ្នាំ រៀនថ្នាក់ទី ៥ សាលាបឋមសិក្សាកុលាបមួយ ដែលត្រូវជាក្មួយរបស់អ្នកស្រីសុង ស្រីលាភ និងក្មេងៗជាច្រើនទៀតក៏សុទ្ធតែស្រែកផង យំផង ទាមទារឲ្យដោះលែងស្ត្រីអ្នកភូមិបឹងកក់ទាំង ១៤ នាក់ និងបុរសម្នាក់។
ក្មេងៗទាំងនេះ ទួញយំខ្សឹកខ្សួល និងច្រៀងរៀបរាប់អំពីក្ដីស្រឡាញ់របស់អ្នកម្ដាយរបស់ពួកគេ ដែលបានប្រឹងប្រែងតស៊ូមតិដោយសន្តិវិធី ដើម្បីការពារសិទ្ធិដីធ្លី នឹងផ្ទះសម្បែងសម្រាប់ពួកគេរស់នៅ តែបែរជាត្រូវអាជ្ញាធរចាប់ខ្លួន បញ្ជូនឲ្យតុលាការរាជធានីភ្នំពេញកាត់ទោស ឲ្យជាប់ពន្ធនាគារទាំងអយុត្តិធម៌ទៅវិញ។ ក្មេងៗទាំងនេះ បានទទូចសុំឲ្យលោកអង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជួយអន្តរាគមន៍ ដោះលែងម្ដាយ និងអ្នកភូមិរបស់ពួកគេ។
ការតវ៉ា ដែលធ្វើឲ្យមានការរំជួលចិត្តយ៉ាងខ្លាំង របស់ក្មេងៗ កូនអ្នកភូមិបឹងកក់ និងអ្នកចូលរួមប្រមាណជា ២០០ នាក់នេះ បានធ្វើឡើងមុនមួយថ្ងៃ នៃថ្ងៃឆ្នាំ ខួបលើកទី ៦៣ នៃទិវាកុមារអន្តរជាតិ ១ មិថុនា (១៩៤៩-២០១២) ដែលរំឭកពីការលើកស្ទួយការគោរព និងការការពារសិទ្ធិរបស់កុមារ។
អ្នកស្រីបូ ឆវី មកពីភូមិ ២២ ក្នុងតំបន់បឹងកក់ បាននិយាយថា តាមពិតជម្លោះដីធ្លី ក្នុងតំបន់បឹងកក់ គួរត្រូវបញ្ចប់ហើយ ដោយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងជម្លោះនេះ ទទួលបានផលប្រយោជន៍ទាំងអស់គ្នាចាប់តាំងពីថ្ងៃដែលលោកនាយក រដ្ឋមន្ត្រីហ៊ុន សែន បានចុះហត្ថលេខា លើសេចក្ដីសម្រេចលេខ១៨៣ អ.ន.ក្រ.រ.ប.ក ចុះថ្ងៃទី ១១ ខែសីហាឆ្នាំ ២០១១ ម្ល៉េះ។ អ្នកស្រីបន្តថា ភាពរ៉ាំរ៉ៃ នៃវិវាទដីធ្លីក្នុងតំបន់បឹងកក់ ដែលបានអូសបន្លាយ រហូតមកទល់ពេលនេះ គឺបណ្ដាលមកពីអាជ្ញាធររាជធានីភ្នំពេញ មិនបានធ្វើចំណាត់ការអនុវត្ត ការបោះបង្គោលកំណត់ទីតាំងព្រំប្រទល់ដីទំហំ ១២,៤៤ ហិកតាឲ្យបានច្បាស់ ហើយមិនតែប៉ុណ្ណោះ ថែមទាំងកាត់ពលរដ្ឋចំនួន ៩៤ គ្រួសារចេញពីគម្រោងដែលត្រូវទទួលបានចំណែកដី ១២,៤៤ ហិកតា ដែលបានផ្ដល់ដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងបានវាយកម្ទេចលំនៅដ្ឋានរបស់អ្នកភូមិចំនួន ៨ ខ្នងផ្ទះថែមទៀត។
អ្នកស្រីបានបន្តថា៖ «អ្នកភូមិយើង គ្រាន់តែតវ៉ាទាមទាររកដំណោះស្រាយ និងសុំឲ្យមានការបោះបង្គោលកំណត់ទីតាំងព្រំប្រទល់ដី ១២,៤៤ ហិកតា ត្រូវបានកម្លាំងសមត្ថកិច្ចរាជធានី វាយបង្ក្រាបដោយហិង្សា និងចាប់ឃុំខ្លួនជាបន្តបន្ទាប់ និងបានប្រើប្រព័ន្ធតុលាការផ្ដន្ទាទោសអ្នកភូមិរបស់យើងខ្ញុំ ឲ្យជាប់ពន្ធនាគារថែមទៀត។ តើឯណាទៅយុត្តិធម៌?»។
អ្នកស្រីបានថ្លែងថា៖ «ទោះជាបែបណាក្ដី យើងខ្ញុំនៅតែមានសង្ឃឹមថា យុត្តិធម៌នឹងត្រូវបានផ្ដល់ជូនដល់ពលរដ្ឋក្នុងសហគមន៍យើងវិញពេល ណាមួយ»។
នៅក្នុងការតវ៉ា នៅខាងមុខក្រសួងយុត្តិធម៌ កាលពីម្សិលមិញ លោក ប៊ុន យ៉ៃណារិន នាយកខុទ្ទកាល័យ លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានទទួលយកញតិ្តរបស់អ្នកភូមិបឹងកក់ ហើយប្រាប់ថា នឹងផ្តល់ដំណឹងនៅថ្ងៃចន្ទសប្តាហ៍ក្រោយ។
បើតាមអ្នកស្រី បូ ឆវី បានអះអាងថា៖ «គាត់(ប៊ុន យ៉ៃណារិន) និយាយថា គាត់មានការអាណិតអាសូពួកយើងខ្ញុំណាស់ ពិសេសកុមារតូចៗទាំងនេះ ហើយគាត់បានសន្យាថា នឹងផ្ដល់ដំណឹងមកយើងខ្ញុំនៅថ្ងៃចន្ទ»។
លោក ប៊ុន យ៉ៃ ណារិន បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា ឥឡូវនេះ ញត្តិនោះ លោកបានបញ្ជូនទៅឲ្យលោក ប៊ុន ហ៊ុន អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ដើម្បីពិនិត្យ និងចាត់ចំណាត់ការបន្ត។ លោកថ្លែងថា៖ «ខ្ញុំពិតជាមានការអាណិតអាសូរដល់ពួកគេ ពិសេសនៅពេលដែលបានឃើញកុមារាកុមារីតូចៗទាំងនោះយំខ្សឹកខ្សួល និងស្នើសុំឲ្យជួយដោះលែងម្ដាយរបស់ពួកគេ»។
លោកអំ សំអាត ទីប្រឹក្សាបច្ចេកទេសជាន់ខ្ពស់ នៃអង្គការសិទ្ធិមនុស្សលីកាដូ ដែលតាមឃ្លាំមើលការតវ៉ា នៅខាងមុខក្រសួងយុត្តិធម៌ បាននិយាយថា ទំនួញយំសោករបស់កុមារាកុមារី ក្នុងតំបន់បឹងកក់នាពេលនេះ បានបង្ហាញថា ភាពកក់ក្ដៅ និងក្ដីស្រឡាញ់ ដែលធ្លាប់ទទួលបានពីម្ដាយរបស់ពួកគេកន្លងមកនោះ គឺកំពុងត្រូវបានរាំងខ្ទប់ដោយអាជ្ញាធរ និងប្រព័ន្ធតុលាការកម្ពុជា។
លោកថ្លែងថា៖ «កុមារកម្ពុជា ស្ទើរតែទាំងអស់ក្នុងសហគមន៍ ដែលមានជម្លោះដីធ្លី បានរងនូវសម្ពាធនៃការគំរាមកំហែងខាងស្មារតី និងរំលោភបំពានដែលនេះ ជាការជះឥទ្ធិពលដ៏អាក្រក់បំផុត សម្រាប់សង្គមកម្ពុជា នាពេលអនាគត»។
កាលពីថ្ងៃអង្គារ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសារាចរណែនាំមួយ ដោយធ្វើការអំពាវនាវ ដល់ក្រុមអ្នកពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមបង្កើនសកម្មភាពគាំទ្រ និងការពារដល់កុមារថែមទៀត ដើម្បីជំរុញនូវការអនុវត្តសិទ្ធិកុមារឲ្យកាន់តែល្អប្រសើរ ចៀសវាងរាល់ការរំលោភបំពានក្នុងទម្រង់ពលកម្មធ្ងន់ធ្ងរលើកុមារ។ នៅក្នុងសារាចរនោះ លោក បានបញ្ជាក់ថា កន្លងមក រដ្ឋាភិបាល បានបង្កើនការគាំទ្រ និងកិច្ចការពារដល់កុមារ ដើម្បីលើកស្ទួយឧត្តមប្រយោជន៍កុមារ និងការអនុវត្តសិទ្ធរបស់ពួកគេក្នុងបំណងសម្រេចឲ្យបាននូវសិទ្ធិជាចម្បង ៤ របស់កុមារ គឺសិទ្ធរស់រានមានជីវិត សិទ្ធិទទួលបានការការពារ សិទ្ធិក្នុងការអភិវឌ្ឍ និងសិទ្ធិក្នុងការចូលរួម។ លោកថែមទាំងបានទទួលស្គាល់ថា៖ «បើទោះបីជាយ៉ាងនេះក្តី នៅមានកុមារមួយចំនួនទៀត កំពុងប្រឈមមុខនឹងបញ្ហានៅឡើយដែលតម្រូវឲ្យទាំងអស់គ្នាត្រូវរួម គ្នាដោះស្រាយឲ្យបានទាន់ពេលវេលា»។
ក្រុមអង្គការសង្គមស៊ីវិលជាច្រើន បានអធិប្បាយថា ក្នុងករណីជាច្រើន ជាពិសេសទាក់ទងទៅនឹងបញ្ហាជម្លោះដីធ្លី កុមារ មិនត្រឹមតែមិនត្រូវបានជួយគាំពារ ពីស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាលប៉ុណ្ណោះទេ ថែមទាំងត្រូវបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរថែមទៀត។ ក្នុងរបាយការណ៍ និងសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់របស់អង្គការសង្គមស៊ីវិលនា ពេលកន្លងមក បានបង្ហាញថា ការបណ្តេញចេញដោយបង្ខំ ដោយគ្មានសំណងសមរម្យ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សិទ្ធិជាមូលដ្ឋានរបស់កុមារ ដូចជា សិទ្ធិទទួលបានការអប់រំ សិទ្ធិទទួលបានការគាំពារ សិទ្ធិទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់ និងសិទ្ធិមានលំនៅដ្ឋានរស់នៅសមរម្យជាដើម៕
ភ្នំពេញ ប៉ុស្តិ៍

