ភ្នំពេញៈ ក្រោយពីប្រកាសថានៅចុងខែមិថុនានេះនឹងដឹកដៃគ្នាចូលរោងការនោះ គូស្នេហ៍ក្រោមដំបូលអាជីពចម្រៀងដូចគ្នា លោក អ៊ុក ណារីម និងនាង ឆោម ឆពុំ បាននិយាយដោយពាក្យទន់ភ្លន់ខុសពីលើកមុនៗថា៖ «ថ្ងៃកំណត់ចូលរោងរបស់ពួកខ្ញុំបានកំណត់ច្បាស់លាស់ហើយ តែសូមលាក់ទស្សនិកជនបន្តិចសិន ព្រោះចង់ឲ្យមានភាពភ្ញាក់ផ្អើល»។
រយៈពេលជិត១០ឆ្នាំហើយដែលអ្នកចម្រៀងប្រុសស្រីលោក អ៊ុក ណារីម និងនាង ឆោម ឆពុំ ចាប់ដៃគ្នាសាងកេរ្តិ៍ឈ្មោះក្នុងសិល្បៈ។ នៅពេលចាប់ដៃគ្នាមិនបានប៉ុន្មាន តារាពីរដួងនេះក៏ផ្តើមបង្កាត់ភ្លើងស្នេហ៍នឹងគ្នា ក្រោមរូបភាពស្និទ្ធស្នាលទាំងលើឆាក និងក្រៅឆាកនោះ។
ប៉ុន្តែបើទោះយ៉ាងណារូបភាពនេះមិនត្រូវបានតារាដែលមានទឹកដម សំនៀងបែបសម័យលោកស៊ីន ស៊ីសាមុត ទាំងពីរដួងទទួលស្គាល់នោះទេ ដោយពួកគេអះអាងថា រូបភាពស្និទ្ធស្នាលនោះគ្រាន់តែជាលក្ខណៈគូស្នេហ៍មានតែនៅ លើឆាក ប៉ុណ្ណោះ ដោយឡែកនៅក្រោមឆាកវិញ ពួកគេជាមិត្តភក្តិធម្មតា បើទោះគេដឹងថាអ្នកទាំងពីរព្រមរស់នៅក្រោមដំបូលជាមួយគ្នាហើយក៏ដោយ ។
ពាក្យសម្តីដែលធ្លាប់តែបដិសេធទាំងគំរោះគំរើយរាល់សំណើចោទសួររបស់ អ្នកព័ត៌មានទាក់ទងនឹងចំណងស្នេហានោះ ត្រូវបានផ្លាស់ប្តូរនាពេលនេះថាជាពាក្យពិតទៅវិញ ដោយលោក អ៊ុក ណារីម និងនាង ឆោម ឆពុំ សុទ្ធតែទទួលស្គាល់ដូចៗគ្នានៅពេលនេះថា នៅចុងខែមិថុនាខាងមុខនេះ ពួកគេនឹងចូលរោងការ ហើយពេលនេះកំពុងបោះធៀបអញ្ជើញភ្ញៀវកិតិ្តយស។
ក្នុងជំនួបជាមួយភ្នំពេញ ប៉ុស្តិ៍ តាមទូរស័ព្ទកាលពីចុងសប្តាហ៍រយៈពេលខ្លី លោកអ៊ុក ណារីម បានប្រាប់ថា៖«ពេលនេះទាំងរូបខ្ញុំ និងអូន ឆពុំ ម្នាក់ៗកំពុងតែមមាញឹកក្នុងការរៀបចំចាត់ចែងពិធីរៀបមង្គលការ»។
ទោះបីជាប្រកាសថានឹងដឹកដៃគ្នាចូលរោងការជាផ្លូវការក៏ដោយ តែក្នុងជំនួបរយៈពេលដ៏ខ្លី លោក អ៊ុក ណារីម មិនបានបញ្ជាក់ពីថ្ងៃចូលរោងការថានៅថ្ងៃណាឲ្យបានច្បាស់លាស់នោះ ទេ ដោយលោកគ្រាន់តែប្រាប់ថា នៅចុងខែមិថុនានេះ លោក និង ឆោម ឆពុំ នឹងរៀបការ។
លោកបាននិយាយថា៖«ខ្ញុំ និងអូន ឆពុំ បានសម្រេចដឹកដៃគ្នាចូលរោងការបញ្ចប់ពាក្យអាស្រូវស្នេហ៍ច្រើន ឆ្នាំមកនេះ តែសុំលាក់កាលបរិច្ឆេទសិន ព្រោះពេលនោះនឹងភ្ញាក់ផ្អើល»។
ដោយមានមុខមាត់គួរសមនៅក្នុងពិភពសិល្បៈ ហើយទាំងកូនកំលោះ និងកូនក្រមុំសុទ្ធតែជាអ្នកសិល្បៈដូចគ្នានោះ លោកបានប្រាប់ថា ពិធីអាពាហ៍ពិពាហ៍ដែលគ្រោងនឹងរៀបចំឲ្យបានឆាប់ក្នុងខែនេះនឹង ទទួលស្វាគមន៍ភ្ញៀវនៅកោះពេជ្រ ដែលគ្រោងអញ្ជើញភ្ញៀវទាំងក្នុង និងក្រៅសិល្បៈប្រហែលជា៧០ទៅ៨០តុ៕
ភ្នំពេញ ប៉ុស្តិ៍






