Headlines:

ចាប់​ខ្លួន​ជន​បង្ខាំង​ជនជាតិ​វៀត​ណាម​ចាញ់​ល្បែង​នៅ​បាវិត ៣នាក់

ស្វាយរៀងៈ មន្ត្រី​នគរ​បាល​ស្រុក​ម្នាក់​បាន​អះអាង​ថា ជន​ជាតិ​វៀត​ណាម​បីនាក់​ត្រូវ​សាលា​ដំបូង​ខេត្ត​ចោទ​ប្រកាន់​កាល​ពី​ថ្ងៃ​សៅរ៍ ពាក់​ព័ន្ធ​នឹង​ការ​ឃុំ​ខ្លួន​អ្នក​លេង​ល្បែង​ម្នាក់់​ដែល​បាន​ជំពាក់​លុយ​ម្ចាស់​កាស៊ី​ណូ​ចំនួន​៣​ពាន់​ដុល្លារ ដោយ​ខុស​ច្បាប់​ក្នុង​ការ​លេង​ល្បែង​នៅ​កា​ស៊ីណូ​នៅ​ក្រុង​បាវិត ខេត្ត​ស្វាយ​រៀង។

លោក សុខ វាសនា មន្ត្រី​នគរ​បាល​ផ្នែក​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​ក្នុង​ក្រុង​បាវិត​បាន​ប្រាប់​ថា បុរស​ជន​ជាតិ​វៀត​ណាម​បី​នាក់​គឺ ឈឿង វ៉ាន់​ជីង, ទ្រឿង វ៉ាំង តាំ​និង ឡាំ យីវី ជា​បុគ្គលិក​កា​ស៊ី​ណូ​និង​សណ្ឋា​គារ​ម៉ុក​បៃ​(Moc Bay)​ត្រូវ​ចោទ​ប្រកាន់​កាល​ពី​ថ្ងៃ​ទី២ មិថុនា ពី​បទ​បង្ខាំង​មនុស្ស​ខុស​ច្បាប់។

លោក​បញ្ជាក់​ថា ពួក​គេ​ត្រូវ​កម្លាំង​នគរ​បាល​ចាប់​ខ្លួន​នៅ​កាស៊ី​ណូ​និង​សណ្ឋាគារ Moc​ Bay ស្ថិត​នៅ​ក្នុង​ក្រុង​បាវិត ខេត្ត​ស្វាយ​រៀង​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ឧសភា​បន្ទាប់​ពី​បាន​ឃុំ​ខ្លួន​បុរស​អ្នក​លេង​ល្បែង​វៀត​ណាម​ឈ្មោះ ង្វៀន យ៉ាំង​ធឺ ដោយ​ខុស​ច្បាប់​ព្រោះ​តែ​ជំពាក់​ប្រាក់​ថៅ​កែ​កា​ស៊ី​ណូ​៣​ពាន់​ដុល្លារ ។

លោក​បន្ត​ថា​៖«​ជន​រង​គ្រោះ​បាន​ខ្ចី​ប្រាក់​ពី​ថៅ​កែ​កាស៊ី​ណូ​ដើម្បី​លេង​ល្បែង​នៅ​ក្នុង​កាស៊ី​ណូ​នោះ​។ ប៉ុន្តែ​គាត់​ចាញ់​ប្រាក់​អស់ ហើយ​គ្មាន​ប្រាក់​សង​ថៅ​កែ​វិញ​។​គាត់​ក៏​ត្រូវ​ជន​សង្ស័យ​ទាំង​បី​នាក់​ឃុំ​ខ្លួន​តាម​ការ​បញ្ជា​ពី​ថៅ​កែ​កាស៊ី​ណូ​ធ្វើ​ទារុណ​កម្ម​(វាយ​ដំ)​ដើម្បី​បង្ខំ​ឲ្យ​គាត់​សង​ប្រាក់​ដែល​បាន​ជំពាក់​»។

លោក​បាន​បញ្ជាក់​ថា៖​«ដោយ​ជន​រង​គ្រោះ​មិន​អាច​ទ្រាំ​នឹង​ការ​ធ្វើ​ទា​រុណ​កម្ម​នេះ គាត់​បាន​យក​កាំបិត​ចាក់​សម្លាប់​ខ្លួន​ឯង​នៅ​ក្នុង​បន្ទប់​សណ្ឋាគារ​នេះ»។

លោក​ប្រាប់​ដែរ​ថា ជន​សង្ស័យ​ទាំង​បី​នាក់​ខាង​លើ​នេះ​ត្រូវ​នគរ​បាល​ចាប់​ខ្លួន ខណៈ​កំពុង​ព្យាយាម​ដឹក​ជន​រង​គ្រោះ​ដែល​រង​របួស​ចេញ​ពី​កាស៊ី​ណូ​ម៉ុក​បៃ​ទៅ​ជួយ​សង្គ្រោះ​នៅ​គ្លី​និក​ឯក​ជន​មួយ​កន្លែង​នៅ​ក្នុង​ក្រុង​បាវិត។

លោក កែវ គង់ អធិការ​នគរ​បាល​ក្រុង​បាវិត​មាន​ប្រសាសន៍​ថា ថៅកែ​កាស៊ី​ណូ​រូប​នេះ​ជា​ជន​ជាតិ​វៀត​ណាម ឥឡូវ​នេះ​គាត់​កំពុង​រត់​គេច​ខ្លួន។ លោក​ថា ៖​«​នគរ​បាល​ស្គាល់​ថៅកែ​កាស៊ី​ណូ​ម្នាក់​នេះ​ហើយ។ យើង​កំពុង​ធ្វើ​ការ​តាម​ចាប់​ខ្លួន​គាត់»។

តែ​លោក​បដិ​សេធ​មិន​អធិប្បាយ​លម្អិត​ពី​អត្ត​សញ្ញាណ និង​ប្រវត្តិ​ថៅកែ​កាស៊ី​ណូ​នេះ​ទេ។

ជន​សង្ស័យ​ទាំង​បី​និង​មេធាវី​ពួក​គេ​មិន​អាច​ទាក់​ទង​សុំការ​បំភ្លឺ​បាន​ទេ​ពី​ម្សិល​មិញ៕ PN



This content has been locked. You can no longer post any comments.
Show/hide comments
busy