Headlines:

ជំនាញ​វិជ្ជាជីវៈ​ធ្វើ​ឲ្យ​មាន​សេចក្តី​សង្ឃឹម​ក្នុង​ជីវិត

120605_06
លោក ផល សំណាន បង្ហាញ​ពី​ភាព​ស្ទាត់​ជំនាញ​​ក្នុង​​ការ​ជួសជុល​គ្រឿង​អេឡិចត្រូនិក។ បើ​ទោះ​ជើង​ស្តាំ​និង​ដៃ​ស្ដាំ​របស់​គាត់​​កើត​ជំងឺ​ប៉ូលីយ៉ូ​តាំងពី​កំណើត​ក៏​ដោយ ក៏​គាត់​មាន​​លទ្ធភាព​​ប្រកប​របរ​ចិញ្ចឹម​ជីវិត​​ដោយ​ខ្លួនឯង។ KAVTV

កំលោះ​ចាស់​អាយុ​៣២​ឆ្នាំ ផល សំណាន កើត​នៅ​ភូមិ​ព្រែក​ដាច់ ឃុំ​ព្រែក​ដាច់ ស្រុក​លើក​ដែក​ខេត្ត​កណ្តាល នៅ​ក្នុង​គ្រួសារ​ក្រីក្រ​មួយ​ដែល​មាន​កូន​៥​នាក់។ សំណាន ​គឺជា​កូន​ច្បង​បង្អស់​ក្នុង​គ្រួសារ​នេះ។​ ជើង​ស្តាំ​និង​ដៃ​ស្តាំ​របស់​គាត់ កើត​ជំងឺ​ប៉ូលីយ៉ូ​តាំង​ពី​កំណើត ប៉ុន្តែ​គាត់​នៅ​តែ​អាច​ដើរ​បាន​ដោយ​ទប់​លំ​នឹង​ជាមួយ​ជើង​ឆ្វេង​ដែល​មិន​ ពិការ រី​ឯ​ ដៃ​ស្តាំ​វិញ​ក៏​គាត់​អាច​ចាប់​កាន់​វត្ថុ​ផ្សេងៗ​បាន​ខ្លះ​ដោយ​យក​ដៃ​ឆ្វេង ​ជួយ​ទប់។

កាល​ពី​អាយុ​៨​ឆ្នាំ ឪពុក​ម្តាយ​បាន​បញ្ជូន​គាត់​ឲ្យ​ទៅ​រៀន​នៅ​សាលា​បឋម​សិក្សា​នៅ​ក្នុង​ភូមិ​ ហើយ​ក្រោយ​មក​ទៀត​គាត់​បាន​បន្ត​ការ សិក្សា​នៅ​វិទ្យាល័យ​កំពង់ភ្នំ​ដែល​មាន​ចម្ងាយ​១៤​គីឡូ​ម៉ែត្រ​ពីផ្ទះ។​ គាត់​ធ្វើ​ដំណើរ​ទៅ​សាលា​ដោយ​ជិះរឺម៉ក​រាល់​ថ្ងៃ ព្រោះ​គាត់​ពុំ​អាច​ជិះកង់​ឬ​ម៉ូតូ​បាន ។

ជា​អកុសល ដោយ​ឪពុក​ម្តាយ​ធ្លាក់​ខ្លួន​ក្រ បណ្តាល​មក​ពី​ជួញ​ដូរ​ខាត​បង់​ច្រើន​ពេក នាំ​ឲ្យ​គ្រួសារ​នោះ​ជួប​ប្រទះ​ភាព​ក្រីក្រ ហើយ​មានកង្វះ​ខាត​យ៉ាង​ធ្ងន់​ធ្ងរ។ នេះ​ជា​កត្តា​ធំ​មួយ​ដែល​បាន​ញ៉ាំង​ឲ្យ​យុវជន ផល​ សំណាន មាន​អារម្មណ៍​​តក់​ស្លុត​យ៉ាង​ខ្លាំង។ គាត់​បាន​សម្រេច​ចិត្ត​បោះ​បង់​ចោល​ការ​សិក្សា ត្រឹម​ថ្នាក់​ទី​១០​ប៉ុណ្ណោះ​នៃ​វិទ្យាល័យ​នោះ។ ស្ថាន​ភាព​បែប​នេះ ធ្វើ​ឲ្យ​គាត់​បាត់​បង់​សេចក្តី​សង្ឃឹម​ក្នុង​ជីវិត​ហើយ​មាន​សេចក្តី​ភ័យ ព្រួយ​ចំពោះ​ជោគ​វាសនារ​បស់​ខ្លួន​នៅ​ក្នុង​ពេល​អនាគត។ គាត់​នៅ​ផ្ទះ​ត្រឹម​តែ​បាន​ជួយ​ធ្វើ​ការងារ​ស្រាលៗ​ជំនួស​ឪពុក​ម្តាយ ប៉ុណ្ណោះ។

ផល សំណាន និយាយ​ថា៖ «ពេល​នោះ​ខ្ញុំ​មាន​អារម្មណ៍​ហាក់​ដូច​ជា​វង្វេង​វង្វាន់​ក្នុង​ខួរ​ក្បាល​ រក​នឹក​គិត​អ្វី​ក៏​លែង​ចេញ ព្រោះ​តែ​ភាព​ធ្លាក់​ចុះ​ក្រីក្រ​នៃ​គ្រួសារ។ ខ្ញុំ​កំពុង​ស្ថិត​នៅ​ក្នុង​ភាព​អស់​សង្ឃឹម ពិភព​លោក​នេះ ប្រែ​ក្លាយ​ទៅ​ជា​ខ្មៅ​ងងឹត​ឥត​រស្មី​ចំពោះ​ខ្ញុំ តើ​ខ្ញុំ​មាន​អ្វី ជា​ទី​ពឹង សម្រាប់​ជីវិត​នៅ​ក្នុង​ពេល​អនាគត?»។

ជា​ភ័ព្វ​សំណាង ថ្ងៃ​មួយ​គាត់​បាន​មក​ជួប​អង្គការ KAVTV (Khmer Association for Vocational Training and Vocation) ដែល​បាន​ផ្តល់​វគ្គ​បណ្តុះ​បណ្តាល​ផ្នែក​ជួស​ជុល​គ្រឿង​បរិក្ខារ​អគ្គិសនី-អេឡិចត្រូនិក​ដល់​ជន​ពិការ។ គាត់​អាច​ស្គាល់​អង្គ​ការ​នេះ​តាម​រយៈ​សិស្ស ម្នាក់​ដែល​បាន ទទួល​វគ្គ​បណ្តុះ​បណ្តាល​នៅ​ទី​នោះ​រួច​ហើយ​គាត់​ក៏​បាន​មក​ចុះ​ឈ្មោះ​សុំ​ ចូល​រៀន​វគ្គ​បណ្តុះ​បណ្តាល​ជំនាញ ។

នៅ​ខែ​មករា ឆ្នាំ​២០១០ គាត់​ទទួល​បាន​អាហា​រូបករណ៍​ឧបត្ថម្ភ​ដោយ​ ធនាគារ ANZ Royal Bank Cambodia, អង្គការ CSG កាណាដា និង​គ្រួសារ WoodFall Nix Family។ តាម​រយៈ​កម្មវិធី​នេះ សិក្ខា​កាម​ជន​ពិការ​ចំនួន​៣០​នាក់ ទទួល​បាន​នូវ​ការ​ជួយ​ឧបត្ថម្ភ​រាល់​ចំណាយ​លើ​ការ​ស្នាក់​នៅ និង​ចំណី​អាហារ​ក្នុង​ពេល​កំពុង​បំពេញ​សកម្មភាព​សិក្សា​ជំនាញ​ជួសជុល​ គ្រឿង​បរិក្ខារ​អគ្គិសនី និង​អេឡិចត្រូនិក រយៈ​ពេល​៦​ខែ។ កម្ម​វិធី បណ្តុះ​បណ្តាល​នេះ​ត្រូវ​បាន​រៀប​រៀង​អនុវត្ត និង គ្រប់គ្រង​ដោយ​អង្គការ​សមាគម​ខ្មែរ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ និង បណ្តុះ​គំនិត​អាជីវកម្ម (KAVTV)។ ពេល​នេះ​សំណាន​មាន​សេចក្តី​សោមនស្ស ហើយ​ការ​រស់​នៅ​របស់​គាត់​បាន​ប្រសើរ​ជាង​មុន ក្តី​សង្ឃឹម​ក៏​កើត​មាន​ឡើង​សម្រាប់​ពេល អនាគត​ផង​ដែរ។

នៅ​ខែ​មិថុនា ២០១០ សំណាន​បាន​ទទួល​វិញ្ញាបនបត្រ​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​អគ្គិសនី​អេឡិច ​ត្រូនិក ប្រកប​ដោយ​និទ្ទេស​ល្អ បន្ទាប់​មក ត្រូវ​បាន​បញ្ជូន​ទៅ​អនុវត្ត​ជំនាញ​បន្ថែម រយៈ​ពេល​៦​ខែ​ទៀត​នៅ​ក្នុង​រោង​ជាង​របស់​អង្គការ​ KAVTV ក្នុង​ភូមិ​កំពង់​ព្រីង​ឃុំ​សិត្បូ​ស្រុក​ស្អាង ខេត្តកណ្តាល។ នៅ​ពេល​ដែល​គាត់​បាន​បញ្ចប់​ការ​អនុវត្ត​ជំនាញ​បន្ថែម​នៅ​រោង​ជាង​នោះ សំណាន​ត្រូវ​បាន​អង្គការ KAVTV ហៅ​មក​ធ្វើ​ជា​បុគ្គលិក ជួស​ជុល​បរិក្ខារ នៅ​ឯ​រោង​ជាង​របស់ KAVTV នៅ​ការិយាល័យ​ទួលគោក។ ក្នុង​រយៈ​ពេល​ប្រហែល​មួយ​ឆ្នាំ​ដែល​គាត់​បាន​ធ្វើ​ការ​ទីនោះ សំណាន មាន​សេចក្តី​រីករាយ​ណាស់ ហើយ​ការ​រស់​នៅ​មាន​ភាព​ប្រសើរ​ជាង​មុន។ គាត់​អាច​រក​បាន​ប្រាក់​ចំណូល​សម្រាប់​ទ្រទ្រង់​ជីវភាព​ប្រចាំ​ថ្ងៃ និង​ផ្ញើ មួយ​ចំណែក​ជូន​ដល់​ម្តាយ​នៅ​ឯ​ផ្ទះ​ទៀត​ផង។

សំណាន ថ្លែង​ថា៖ «ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ ព្រោះ​ពេល​នេះ ខ្ញុំ​ទទួល​បាន​មុខ​ជំនាញ​សម្រាប់​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ដោយ​ខ្លួន​ឯង ខ្ញុំ​ឈប់​ពឹង​ពាក់​លើ​អ្នក​ដទៃ​ទៀត ហើយ​មនុស្ស​ទាំង​ឡាយ​រាប់​រក​ខ្ញុំ​យ៉ាង​រាក់​ទាក់​មិន​មាន​ភាព​រើស​អើង​កើត ​ឡើង​ចំពោះ​ខ្ញុំ​ទៀត​ទេ ជា​ពិសេស​ក្រុម​គ្រួសារ​របស់​ខ្ញុំ​មាន​មោទនភាព និង​ជួយ​ជំរុញ​លើក​ទឹក​ចិត្ត​ដល់​ខ្ញុំ។ ខ្ញុំ​បាន​ជួប​វត្ថុ​ដែល​ប៉ង​ប្រាថ្នា​ក្នុង​ជីវិត​របស់​ខ្ញុំ​ហើយ»។

សំណាន បន្ថែម​ទៀត​ថា៖ «ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ និង​ការ​ដឹង​គុណ​ជា​អនេកប្បការ​ដល់​ធនាគារ ANZ Royal Bank Cambodia អង្គ​ការ CSG កាណាដា និង​គ្រួសារ WoodFall Nix Family ដែល​បាន​ជួយ​ជ្រោមជ្រែង​ផ្តល់​អាហា​រូបករណ៍​ដល់​រូប​ខ្ញុំ​ដើម្បី​អាច​មាន​ឱកាស​បាន​រៀន​មុខ​ជំនាញ​នេះ ជា​ពិសេស​ដល់​អង្គការ KAVTV​ ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ជួយ​បណ្តុះ​បណ្តាល​មុខ​ជំនាញ​វិជ្ជាជីវៈ​ដល់ រូប​ខ្ញុំ ​ទើប​ខ្ញុំ​មាន អនាគត​ភ្លឺ​ស្វាង​ដូច​សព្វ​ថ្ងៃ​នេះ៕

(អង្គការ​KAVTV អាច​ទក់ទង​បាន​តាម​រយៈ​អាសយ​ដ្ឋាន​ផ្ទះ​លេខ  ១២ FE0 ផ្លូវ​ ៦១៤ និង២៩៥ សង្កាត់​បឹងកក់២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។ ទូរស័ព្ទ ០១២ ៨៥០ ៦៤៩, ០១២ ៥០៨ ២១៩ ឬ អ៊ីមែល hem_phang@yahoo.com, ប្រអប់​សំបុត្រ ៧០១)



This content has been locked. You can no longer post any comments.
Show/hide comments
busy