ព្រះវិហារៈ គ្រូពេទ្យប្រចាំភូមិម្នាក់អាយុ៦២ឆ្នាំ ដែលរងការចោទប្រកាន់ថា បានល្បួងរំលោភក្មេងស្រីប្រាំនាក់ រួមមានក្មេងស្រីគ ម្នាក់ផង កំពុងត្រូវសមាគមសិទ្ធិមនុស្សអាហុកនិងនគរបាលខេត្តព្រះវិហារ ធ្វើការស៊ើបអង្កេតនិងស្វែងរកចាប់ខ្លួន។
លោក ឡោ ចាន់ អ្នកសម្របសម្រួលសមាគមសិទ្ធិមនុស្សអាដហុកប្រចាំខេត្តព្រះវិហារបានឲ្យដឹងថា អាណាព្យាបាលនិងម្តាយរបស់ក្មេងស្រីរងគ្រោះប្រាំនាក់រស់នៅក្នុងឃុំរមទម ស្រុករវៀងកាលពីព្រឹកថ្ងៃអង្គារ បានដាក់ពាក្យបណ្តឹងសុំអន្តរាគមន៍ លើករណីដែលបានអះអាងដូចៗគ្នាថា កូនស្រីអាយុពី៧ទៅ១២ឆ្នាំត្រូវគ្រូពេទ្យភូមិឈ្មោះ ម៉ៅ ថេន អាយុ៦២ឆ្នាំ ល្បួងនាំទៅរំលោភក្នុងខែមីនា-ខែឧសភា។
លោក ឡោ ចាន់ បានបញ្ជាក់ថា៖ «តាហ្នឹងគាត់យកក្មេងស្រីទាំងនេះទៅចម្ការឲ្យជួយជម្រះស្មៅជាថ្នូរនឹងលុយតិចតួច ហើយបានចាប់រំលោភម្តងម្នាក់ៗរហូតមក។ រាល់ការរំលោភសុទ្ធតែបានសម្រេច»។ លោកបន្តថា ក្មេងស្រីទាំងនោះមានសុខភាពខ្សោយ និងមានម្នាក់ដំបៅប្រដាប់ភេទ។
កញ្ញា ហ៊ូ ម៉ាបូណ្ណី បុគ្គលិកផ្នែកអង្កេតស្ត្រីប្រចាំសមាគមអាដហុកដែលកំពុងស៊ើបអង្កេតករណីនេះប្រាប់ថា ជនរងគ្រោះម្នាក់ក្នុង៥នាក់ អាយុ៨ឆ្នាំ ត្រូវជននេះនាំយកទៅដេកក្រៅពីនាំទៅចម្ការមួយយប់កាលពីអំទ្បុងខែមេសា។ កញ្ញាថា៖ «ពេលដេកហើយមកផ្ទះវិញក្មេងស្រីបានធ្លាក់ឈាមតាមប្រដាប់ភេទជាច្រើន។ ម្តាយក្មេងស្រីមិនចាប់អារម្មណ៍រឿងធ្លាក់ឈាមទេហើយ ក៏មិននាំយកទៅមន្ទីរពេទ្យដែរ ព្រោះតែភាពក្រីក្រ។។
អ្នកស្រី ដួង ថេត អាយុ៤៧ បានអះអាងពីថ្ងៃអង្គារថា កូនស្រីគាត់ម្នាក់អាយុ៩ឆ្នាំ ចៅស្រី២នាក់ និងក្មួយស្រីម្នាក់ត្រូវ ម៉ៅ ថេន ចាប់រំលោភនៅនឹងចម្ការ។ ក្នុងនេះចៅស្រីម្នាក់គ្នាជាមនុស្សគផង។ អ្នកស្រី្តថា ករណីចាប់រំលោភនេះបែកធ្លាយនៅថ្ងៃទី២៤ ខែឧសភា បន្ទាប់ពីចៅស្រីគ មិនព្រមទៅចម្ការជាមួយនឹងជនសង្ស័យ។ ដោយការសង្ស័យគាត់ក៏សួរដេញដោលរឿងនេះ ខណៈក្មេងឯទៀតខ្លាចការគំរាមថា បើហ៊ានប្រាប់គេ ប៉ូលិសនឹងចាប់ដាក់គុកទាំងអស់គ្នា។
អ្នកស្រី ដួង ថេត និយាយថា៖ «ខ្ញុំបានសួរចៅស្រីគ។ នាងធ្វើកាយវិការប្រាប់ខ្ញុំថាតា ថេន ចាប់រំលោភពួកគេ។ ខ្ញុំក៏សួរកូនស្រីឯទៀត ហើយខ្ញុំមើលប្រដាប់ភេទឃើញហើមក៏ទៅប្តឹង។ ខ្ញុំហួសចិត្តនិយាយមិនចេញ កូនផង ចៅផង ក្មួយផង ត្រូវគេរំលោភពីរដងបីដងម្នាក់។
អ្នកស្រី ដួង ថេត បានប្តឹងសមត្ថកិច្ចស្នើចាត់វិធានការតាមច្បាប់លើជនសង្ស័យហើយទាមទារជំងឺចិត្ត៤៥លានរៀល។ គ្រួសារក្មេងស្រីរងគ្រោះពីរនាក់ទៀតទាមទារ១៥លានរៀលនិង៣ពាន់ដុល្លាអាមេរិក។
ក្មេងស្រីរងគ្រោះត្រូវបានអង្គការសេចក្តីសង្ឃឹមពិភពលោកអន្តរជាតិនៅក្រុងសៀមរាប នាំយកទៅថែទាំនិងជួយព្យាបាល។ បុគ្គលិកអង្គការនេះម្នាក់បានឲ្យដឹងថា ក្មេងស្រីរងគ្រោះបន្ទាប់ពីទទួលបានការព្យាបាលថែទាំ ពួកគេមានសុខភាពប្រសើរគ្រាន់ហើយ។ បុគ្គលិកម្នាក់នេះបន្តថា អាណាព្យាបាលនិងឪពុកម្តាយ មានការធ្វេសប្រហែស រឿងរ៉ាវកើតយូរយ៉ាងនេះទើបបានដឹង។
លោក កែវ ចំរើន ស្នងការងខេត្តព្រះវិហារ បានថ្លែងថា៖ «ប៉ូលិសកំពុងធ្វើការតាមនីតិវិធីច្បាប់។ ឪពុកម្តាយជនរងគ្រោះបានឈ្លោះជាមួយជនសង្ស័យ ហើយគំរាមប្តឹងទើបជនសង្ស័យដឹងខ្លួនរត់គេចបាត់»៕
ភ្នំពេញ ប៉ុស្តិ៍

