
ក្រុងគូឡាឡាំពួៈ ការសិក្សានៅប្រទេសម៉ាឡេស៊ីបានរកឃើញថា បុរសដែលចង់ឲ្យសម្ផស្សស្បែករបស់ខ្លួនទាក់ភ្នែកនារីៗ គួរតែទទួលទានបន្លែផ្លែឈើឲ្យបានច្រើនដើម្បីឲ្យពណ៌សម្បុរ ស្រស់ស្រាយ។ ការសិក្សារបស់សាកលវិទ្យាល័យណ័រធីងហាម នៅប្រទេសម៉ាឡេស៊ី បានរកឃើញថា ស្រីភាគច្រើនមានជាប់ចិត្តនឹងបុរសដែលមានស្បែកលឿងភ្លឺរលោង ឬដែលគេថាស្បែកចាំងដូច «មាស» នោះជាជាងបុរសដែលមានមុខផត ថ្គាមខ្លា ឬមានសាច់ដុំ។
បណ្ឌិតផ្នែកចិត្តវិទ្យាលោក អៀន ស្ទីហ្វិន ជាអ្នកដឹកនាំការសិក្សា រួមទាំងសហការី បានប្រមែប្រមូលរូបថតបុរសគ្រប់ជាតិសាសន៍ មកធ្វើតេស្តវិភាគដោយតាមដានប្រតិកម្មរបស់នារីដែលបានមើលរូបថត នោះ។ ក្រោយមករូបថតត្រូវបានយកទៅវិភាគតាមប្រព័ន្ធកុំព្យូទ័រដើម្បី ស្វែងរកកម្រិតល្បាយនៃពណ៌នៅក្នុងស្បែក។
ឆ្លងកាត់ការវិភាគ លោកបានថ្លែងថា៖ «ការញ៉ាំបន្លែផ្លែឈើអាចធ្វើឲ្យសុខភាពស្បែករបស់បុរសភ្លឺថ្លា និងទទួលបានសម្បុររលោងដូចមាស ដែលជាការទាក់ទាញដល់ស្ត្រី»។
លោកបានទាញចេញជាសេចក្ដីសន្និដ្ឋានទៀតថា ការចាប់ផ្ដើមរបបអាហារដែលមានបន្លែ និងផ្លែឈើ៥កូនចាន (១កូនចានចំណុះប្រមាណ១៥០មិល្លីលីត្រ) ក្នុងមួយថ្ងៃឲ្យបានទៀងទាត់ គឺជាអ្វីដែលបុរសគ្រប់រូបគួរតែអនុវត្ត៕
ភ្នំពេញ ប៉ុស្តិ៍






