រួមចំណែកនិពន្ធសៀវភៅ WIN SCHOLARSHIPS ABROAD និង Successful Application Forms
មិនថាជាតិសាសន៍ណាក៏ដូចជាជាតិសាសន៍ណាដែរ ប្រទេសជាតិមួយអាចរីកចម្រើន និងអភិវឌ្ឍទៅបាន លុះត្រាតែមានការរួមចំណែកថែរក្សា និង ចូលរួមពីសំណាក់យុវជន។ វាពុំមែនកើតឡើងដោយការបង្ខិតបង្ខំនោះទេ ប៉ុន្ដែវាផុសចេញពីការស្រឡាញ់ និងចង់រួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ។
ស្ថិតក្នុងវ័យ២៤ឆ្នាំ លោក លី ប៊ុនហេង និស្សិតឆ្នាំទី៤ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ផ្នែកសេដ្ឋកិច្ចកសិកម្ម និងអភិវឌ្ឍជនបទ កំពុងតែមមាញឹកក្នុងការសិក្សា និងសរសេរនិក្ខេបបទបញ្ចប់ឆ្នាំសិក្សារបស់លោក ប៉ុន្តែលោកនៅតែឆ្លៀតពេលវេលាដ៏មានតម្លៃមកចូលរួមចំណែកជា ផ្នែកតូចមួយក្នុងសង្គមជាតិ។
លោក បាននិយាយថា៖ «ស្នេហាជាតិគឺមិនមែនស្ថិតលើបបូរមាត់នោះទេ ប៉ុន្តែវាជាអ្វីដែលយើងអាចធ្វើ និងផ្ដល់ប្រយោជន៍ចំពោះអ្នកជុំវិញខ្លួន និងសង្គមជាតិតាមលទ្ធភាពដែលយើងមាន»។
លោក ប៊ុនហេង បានចាប់ផ្តើមចូលរួមក្នុងការងារសង្គម និងការងារស្ម័គ្រចិត្តតាំងពីឆ្នាំ២០០៩ ដែលនាពេលនោះលោកជាអ្នករៀបចំកម្មវិធីម្នាក់នៅក្នុងកម្មវិធីចែក រំលែកបទពិសោធរបស់អង្គការ Hope Our Homeland (HOH) នៅឯវិទ្យាស្ថានជាតិអប់រំ ដែលផ្តោតទៅលើការជ្រើសរើសមហាវិទ្យាល័យ ឱកាសការងារ និងការទទួលបានអាហារូបករណ៍។
លោក បានបន្តថា នោះជាការងារសង្គមដំបូងដ៏ធំបំផុតសម្រាប់លោកដែលបានរួម ចំណែកក្នុងការរៀបចំកម្មវិធីចែករំលែកបទពិសោធដល់និស្សិតជាង ១០០០នាក់។
ក្រៅពីកម្មវិធីនេះ លោកប៊ុនហេង ក៏មានបទពិសោធការងារសង្គមជាច្រើនទៀតដូចជា ការជួយពង្រឹងសមត្ថភាពប្រើប្រាស់ភាសាអង់គ្លេសដល់និស្សិតឆ្នាំទី១ ការចុះទៅចែកសៀវភៅ និងសម្ភារសិក្សាឲ្យដល់កុមារនៅតាមបណ្ដាខេត្ត។
ជាក់ស្តែង នាឆ្នាំ២០១០កន្លងទៅនេះ លោក ប៊ុនហេង បានទទួលអាហារូបករណ៍ Undergraduate Intensive English Language Study Program «UIELSP» ទៅសិក្សានៅសហរដ្ឋអាមេរិករយៈពេល២ខែ។ បន្ទាប់ពីវិលត្រឡប់មកមាតុភូមិវិញ លោក ប៊ុនហេង និងអ្នកដែលធ្លាប់ទទួលអាហារូបករណ៍ទៅសិក្សានៅសហរដ្ឋអាមេរិក ដទៃទៀតប្រមាណជាង១០នាក់ បានរួមគ្នាសរសេរគម្រោងសុំប្រាក់ឧបត្ថម្ភក្នុងការរៀបចំ កម្មវិធី Alumni Engagement Innovation Fund ដើម្បីចែករំលែកបទពិសោធដែលពួកគាត់បានរៀននៅសហរដ្ឋអាមេរិកដល់ យុវជនខ្មែរផ្សេងទៀត។
លោក បានបង្ហើបប្រាប់ថា៖ «វាពុំមែនជាការបង្ខិតបង្ខំពីកម្មវិធីសហរដ្ឋអាមេរិកដែលពួកយើងបាន ចូលរួមនោះទេ ប៉ុន្តែវាកើតឡើងដោយសារតែពួកយើងចង់ចែករំលែកបទពិសោធ និងចំណេះដឹងដែលពួកយើងបានរៀន បានចេះពីប្រទេសក្រៅដល់កូនខ្មែរផ្សេងទៀត»។
ដោយសារតែមានបទពិសោធមកពីក្រៅប្រទេស គួបផ្សំនឹងបទពិសោធក្នុងការងារសង្គម និងចំណេះដឹងពីសាលាដែលលោកកំពុងសិក្សា លោក ប៊ុនហេង បានសហការជាមួយមិត្តភក្តិ៣នាក់ទៀត ដើម្បីបង្កើតជាក្រុមហ៊ុនមួយឈ្មោះថា Social Enterprise for Capacity Development(SCD) ហើយពួកគេទើបតែនិពន្ធសៀវភៅដែលមានចំណងជើងថា WIN SCHOLARSHIP ABOARD និង Successful Application Forms។
សៀវភៅទាំងពីរក្បាលនេះ ទទួលបានជោគជ័យយ៉ាងធំធេង ដោយគ្រាន់តែបោះពុម្ពបានត្រឹមតែ៣សប្តាហ៍ប៉ុណ្ណោះ ដែលលក់ដាច់អស់រហូតដល់ទៅ ១០០០ក្បាលឯណោះ។
លោក ប៊ុនហេង បានអះអាងថា៖ «ការបង្កើតសៀវភៅនេះឡើង គឺមានគោលបំណងចូលរួមចំណែកក្នុងការអភិវឌ្ឍ និងជួយឲ្យកូនខ្មែរមានឱកាសទៅរៀននៅខាងក្រៅប្រទេសដូចពួកយើង ដែរ»។
លោកបានបន្តទៀតថា៖ «សៀវភៅនេះ មិនមែនចេះតែបកប្រែ ឬយកលំនាំតាមសៀវភៅបរទេសណាមួយនោះទេ ប៉ុន្ដែវាត្រូវបានបង្កើត និងចងក្រងដោយពួកយើងទាំង៤នាក់ ដែលផ្អែកលើបទពិសោធរបស់ពួកយើង ដែលជាអ្នកធ្លាប់ទទួលបានអាហារូបករណ៍ទៅសិក្សានៅបណ្ដាប្រទេស ផ្សេងៗ និងអ្នកធ្លាប់ធ្វើការងារនៅក្នុងគណៈកម្មការជ្រើសរើសនិស្សិតអាហារូបករណ៍ផ្សេងទៀត»។
ជាចុងក្រោយ យុវជនវ័យក្មេង លោក ប៊ុនហេង បាននិយាយប្រាប់ពីក្ដីបំណងរបស់លោកថា៖ «នៅថ្ងៃអនាគត ខ្ញុំចង់ឲ្យកូនខ្មែរយើងចេះស្រឡាញ់ជាតិ និងមានគំនិតចង់អភិវឌ្ឍប្រទេស តាមរយៈរូបភាពផ្សេងៗ ដូចជាការបង្កើតមុខជំនួញទាំងឡាយណាដែលអាចផ្តល់ប្រយោជន៍ឲ្យ ខ្លួនឯងផង និងសង្គមជាតិផង»៕
ភ្នំពេញ ប៉ុស្តិ៍







