ក្រុងគូឡាឡាំពួរៈ អាស៊ី នឹងខ្វះឧស្ម័នធម្មជាតិរហូតដល់នៅឆ្នាំ២០១៨ ក្នុងគ្រាដែលមានកំណើនតម្រូវការពីបណ្តាប្រទេសមួយចំនួន ដូចជាប្រទេសចិន និងជប៉ុនជាដើម។ នេះបើយោងតាមក្រុមហ៊ុន Wood Mackenzie Ltd។
លោក Gavin Thompson ប្រធានផ្នែកស្រាវជ្រាវឧស្ម័នអាស៊ីប៉ាស៊ីហ្វិក ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង បានឲ្យដឹងនៅក្នុងបទសម្ភាសមួយនៅទីក្រុងកូឡាឡាំពួរកាលពីម្សិលមិញថា ខណៈតម្រូវការឧស្ម័នធម្មជាតិនៅប្រទេសចិន ជប៉ុន ឥណ្ឌូនេស៊ី និងកូរ៉េខាងត្បូង កើនឡើង គម្រោងនៅប្រទេសអូស្រ្តាលី នឹងមិនទាន់រួចរាល់ដើម្បីផ្គត់ផ្គង់ឧស្ម័ននោះទេ ចំណែកឯការផ្គត់ផ្គង់ឧស្ម័នរបស់អាមេរិកខាងជើងវិញ ក៏មិនអាចអនុវត្តទៅបានដែរ រហូតដល់ឆ្នាំ២០១៦។
លោកមានប្រសាសន៍បន្តថា តំបន់អាស៊ី នឹងត្រូវទិញឧស្ម័នបន្ថែមទៀតពីប្រទេសកាតា ដើម្បីរក្សាតុល្យភាពតម្រូវការ បើទោះជាការផ្គត់ផ្គង់ឧស្ម័នពីអាងសមុទ្រអាត្លង់ទិច ត្រូវបានបែងចែកចេញពីអឺរ៉ុបក៏ដោយ»។
ភ្នំពេញ ប៉ុស្តិ៍

