Headlines:

អតីត​ចៅ​អធិការ​និង​គូ​កន​ត្រូវ​ចោទ​ពី​បទ​ប្រើ​អាវុធ​ខុស​ច្បាប់

ពោធិ៍សាត់ៈ មន្រ្តី​ប៉ូលិស​ស្រុក​ម្នាក់​ប្រាប់​ថា អតីត​ចៅ​អធិការ​វត្ត​ម្នាក់​និង​គូកន​ពីរ​នាក់ ត្រូវ​សាលា​ដំបូង​ខេត្ត​ពោធិ៍​សាត់​ចោទ​ប្រកាន់​នៅ​ថ្ងៃ​ម្សិល​មិញ​ពី​បទ​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់ និង​ក្លែង​បន្លំ​ឯក​សណ្ឋាន​យោធា។

លោក​វរ​សេ​នីយ៍​ត្រី ប៉ែន ទុង អធិការ​នគរ​បាល​ស្រុក​បា​កាន​បាន​ប្រាប់​ថា អតីត​ចៅ​អធិការ​វត្ត​ទឹក​ត្រង់ ផង់ សោ​ភ័ណ អាយុ​៣២​ឆ្នាំ និង​គូកន​ពីរ​នាក់​ឈ្មោះ អឿន តាត វ័យ​៤៧​ឆ្នាំ និង គឹម កំសត់ វ័យ​២១​ឆ្នាំ ត្រូវ​តុលា​ការ​ចោទ​ប្រកាន់​ពី​បទ​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់ និង​ក្លែង​បន្លំ​ឯក​សណ្ឋាន​យោធា កាល​ពី​ថ្ងៃ​ទី៦ ខែ​មិថុនា ឆ្នាំ​២០១២។

លោក​បញ្ជាក់​ថា៖ «ពួក​គេ​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​នៅ​ភូមិ​បឹង​បត់​កណ្តាល ឃុំ​បឹង​បត់​កណ្តាល ស្រុក​បា​កាន ខេត្ត​ពោធិ៍​សាត់​កាល​ពី​រាត្រី​ថ្ងៃ​ទី២ ខែ​មិថុនា​ពេល​កំពុង​ជិះ​ម៉ូតូ​ស្លៀក​ពាក់​ឯក​សណ្ឋាន​យោធា​មាន​កាន់​កាំ​ភ្លើង​អាកា​មួយ​ដើម​ទាំង​យប់»។

លោក​អះ​អាង​ថា៖​«ពួក​គេ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ប្រើ​អាវុធ​ដោយ​ខុស​ច្បាប់ និង​ក្លែង​បន្លំ​ឯក​សណ្ឋាន​យោធា»។

លោក​ថា ក្នុង​ការ​ចាប់​ខ្លួន​ពួក​គេ ប៉ូ​លិស​រឹប​អូស​បាន​កាំ​ភ្លើង​អាកា​មួយ​ដើម​មាន​៣០​គ្រាប់។

លោក ប៉ែន ទុង បាន​ឲ្យ​ដឹង​ថា អតីត​សង្ឃ ផង់ សោភ័ណ សារ​ភាព​ថា គាត់​ទទួល​កាំ​ភ្លើង​អាកា និង​ខោ​អាវ​យោធា​ពី​មេ​បញ្ជា​ការ​ម្នាក់​នៅ​តំបន់​ប្រតិ​បត្តិ​សឹក​ខេត្ត​ទុក​ការពារ​ខ្លួន ហើយ​ថា បាន​ទទួល​និង​ទុក​វា​នៅ​ក្នុង​កុដិ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

លោក​បាន​បន្ត​ទៀត​ថា ផង់ សោ​ភ័ណ ត្រូវ​គេ​ផ្សឹក ហើយ​បណ្តេញ​ចេញ​ពី​វត្ត​ដោយ​អនុ​គណ​ស្រុក​បា​កាន កាល​ពី​ថ្ងៃ​ទី៤ ខែ​មិថុនា។ ឥឡូវ​នេះ លោក​និង​គូកន​ពីរ​នាក់​ទៀត​ត្រូវ​បញ្ជូន​ទៅ​ឃុំ​នៅ​ពន្ធ​នាគារ​ខេត្ត​រង់​ចាំ​ការ​កាត់​ទោស​ពេល​ខាង​មុខ។

លោក​ថ្លែង​បន្ត​ថា៖ «នេះ​ជា​លើក​ទីបី​ហើយ​ដែល​ចៅ​អធិការ​វត្ត​ត្រូវ​គេ​ផ្សឹក​ហើយ​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​ឃុំ នៅ​ស្រុក​បា​កាន។ សកម្ម​ភាព​អតីត​សង្ឃ​ទាំង​នេះ បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ជា​ខ្លាំង​លើ​ជំនឿ និង​សាស​នា​របស់​រដ្ឋ»។

លោក​បន្ត​ថា នៅ​ឆ្នាំ​២០០៩ អតីត​ចៅ​អធិការ​វត្ត​ពីរ​រូប ត្រូវ​ចាប់​ផ្សឹក​បណ្តេញ​ពី​វត្ត​នៅ​ស្រុក​បា​កាន ព្រោះ​រង​ការ​ចោទ​ពី​អ្នក​ភូមិ​និង​សង្ឃ​ដូច​គ្នា​ថា រួម​ភេទ​ជា​មួយ​សង្ឃ​ដូច​គ្នា​នៅ​ក្នុង​វត្ត។

អ្នក​ទាំង​បី​ដែល​រង​ការ​ចោទ​ប្រកាន់​ខាង​លើ​នេះ មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​បាន​ទេ កាល​ពី​ម្សិល​មិញ៕ NR



This content has been locked. You can no longer post any comments.
Show/hide comments
busy