ភ្នំពេញ : ទោះបីជាមានភាពមិនប្រាកដប្រជាកាលពីមួយសប្តាហ៍មុនជុំវិញគម្រោង បោះពួយទៅកាន់ឆាកតន្ត្រីនៅប្រទេសអូស្ត្រាលី ដោយសារតារាចម្រៀងឈរតំណែងកំពូល មាស សុខសោភា មិនព្រមទៅម្នាក់ឯងដោយគ្មានវត្តមានម្តាយ និងគ្រួសារនោះ។ តែនៅពេលនេះ អ្វីៗបានដំណើរការយ៉ាងរលូនហើយ ពោលគឺនាងបានចាកចេញពីប្រទេសកំណើតជិះយន្តហោះឆ្លងសមុទ្រទៅកាន់ ប្រទេសដីកោះអូស្ត្រាលីជាមួយនឹងម្តាយ និងអ្នកពិសេសរបស់នាងយ៉ាងរំភើយហើយកាលពីល្ងាចម្សិលមិញ។
កាលពីសប្តាហ៍មុន មាស សុខសោភា នៅសម្រេចចិត្តមិនទាន់ត្រូវនៅឡើយជុំវិញការវេចបង្វេចឡើងយន្ត ហោះទៅច្រៀងនៅប្រទេសអូស្ត្រាលី ដោយសារតារារូបនេះគិតថា ការចេញច្រៀងនៅក្រៅប្រទេសមិនមានអ្វីសំខាន់ដូចពេលមុន ឬក៏ការចេញរកប្រាក់ចំណូលនៅទីនោះមិនមានទំហំធំដុំជាងស្រុក ខ្មែរឡើយ។ បញ្ហាចម្បងមួយទៀតនៃការសម្រេចចិត្តមិនទាន់គ្រប់១០០ភាគរយនោះ គឺមាស សុខសោភា ទាមទារយកម្តាយរបស់នាងទៅជាមួយ តែស្ថានទូតអូស្ត្រាលីមិនទាន់ចេញទិដ្ឋាការឲ្យ ទោះបីជាអ្នកធានាបានសម្រេចទទួលម្តាយនាងក៏ដោយ។ តែបើតាមប្រភពមួយបានបញ្ជាក់ថា នាងក៏មានគម្រោងធានាស្វាមីរបស់នាងទៅជាមួយផងដែរ។
លោក មាស សុខរតនៈ អ្នកគ្រប់គ្រងទូទៅប្រចាំផលិតកម្មថោន ( Town Production) ជាអ្នកនាំពាក្យ និងជាបងប្រុសបង្កើតរបស់តារាចម្រៀង មាស សុខសោភា បាននិយាយកាលពីសប្តាហ៍មុនថា៖«ប្អូនខ្ញុំអាភាមិនទាន់ប្រាកដថា នឹងចេញទៅអូស្ត្រាលី ឬយ៉ាងណាទេ ព្រោះនាងចង់បានម្តាយទៅជាមួយ ឥឡូវ [សប្តាហ៍មុន] កំពុងរង់ចាំវីសា តែបើម្តាយមិនបានទៅ អាភាក៏មិនទៅដែរ»។
ពាក់ព័ន្ធនឹងការធានាតារាចម្រៀង មាស សុខសោភា ចេញទៅសម្តែងច្រៀងនៅក្រៅស្រុកនោះ អ្នកធានាមួយចំនួនក៏បានសម្តែងការរអ៊ូ រទាំផងដែរដោយសារតារារូបនេះតែងមានសម្ពាយយិតយោងនាំម្តាយ បងប្អូន ឬក៏ស្វាមីសំពីងសំពោងទៅជាមួយ។ អ្នកធានាតារាទៅសម្តែងនៅប្រទេសបារាំងម្នាក់ធ្លាប់ប្រាប់អ្នក ព័ត៌មានថា មាស សុខសោភា ពិបាកធានាណាស់ ព្រោះនាងតែងទាមទារម្តាយ បងប្អូន ឬក៏ស្វាមីទៅជាមួយរាល់លើក ដែលធ្វើឲ្យការចំណាយមានការកើនឡើង។
ជាក់ស្តែងនៅពេលនេះ អ្នកចម្រៀងលាក់ប្តីនាង មាស សុខសោភា បានទទួលជោគជ័យក្នុងការសុំធានាម្តាយទៅជាមួយ តែបើតាមការបង្ហើបប្រាប់ពីអ្នកជិតដិតនឹងតារារូបនេះ បានឲ្យដឹងថា នាងចង់បានវត្តមានស្វាមីរបស់នាងទៅជាមួយទៀតផង។
លោក មាស សុខរតនៈ បានឲ្យដឹងថា ភាពមិនប្រាកដប្រជាសម្រាប់ការសម្តែងច្រៀងរបស់ មាស សុខសោភា នៅអូស្ត្រាលី ពីមុន ឥឡូវនេះប្រាកដហើយ ក្រោយពេលដែលស្ថានទូតអូស្ត្រាលីបានសម្រេចចេញទិដ្ឋាការឲ្យម្តាយ នាងនោះ។ តែលោកបានបញ្ជាក់ថាមិនមានវត្តមានស្វាមីរបស់នាងទៅជាមួយទេ។
អ្នកនាំពាក្យដ៏រួសរាយម្នាក់នេះបាននិយាយថា៖«ឥឡូវហ្នឹងធានា ម្តាយបានហើយ ហើយអាភាបានចេញដំណើរទៅកាន់ប្រទេសអូស្ត្រាលីកាលពីល្ងាចម្សិលមិញ នេះ[ថ្ងៃទី៦ ខែឧសភា] ជាមួយនឹងតារាចម្រៀងមួយចំនួនទៀត»។ លោកបានបញ្ជាក់ថា៖«ទេ! អារឿងប្តីអីហ្នឹង ខ្ញុំមិនសូវដឹងដែរ តែលើកនេះដូចជាមិនមានទៅជាមួយទេ»។
ធម្មតាតារាៗទាំងចម្រៀង និងសម្តែងរមែងចង់ទទួលបានឱកាសចេញទៅសម្តែងនៅក្រៅប្រទេស សូម្បីតែអ្នកខ្លះគ្មានតម្លៃខ្លួនក៏ទៅដែរ ព្រោះសង្ឃឹមថា នឹងអាចរកប្រាក់ក្រៅបាន។ ដោយឡែកបើនឹកដល់អតីតកាល ក្នុងនោះក៏មាន មាស សុខសោភា ម្នាក់ដែរ តែពេលនេះ ការចេញទៅកើបប្រាក់នៅក្រៅប្រទេសគ្មានអ្វីជារឿងភ្ញាក់ផ្អើល និងសំខាន់សម្រាប់តារារូបនេះឡើយ ខណៈដែលនាងក៏អាចរកចំណូលនៅស្រុកខ្មែរបានខ្ពស់មិនចាញ់នៅបរទេស ដែរនោះ។
លោក មាស សុខរតនៈ បានឲ្យដឹងថា ការចេញទៅសម្តែងនៅអូស្ត្រាលីនេះ បើគិតពីបំណងចង់ទៅរកប្រាក់នៅទីនោះមិនមានអ្វីសំខាន់ប៉ុន្មាន ឡើយ តែអ្វីដែលសំខាន់គឺនាងចង់នាំម្តាយទៅដើរលេងកម្សាន្តឲ្យស្គាល់ ប្រទេសគេ។
អ្នកគ្រប់គ្រងទូទៅប្រចាំផលិតកម្មថោន រូបនេះបាននិយាយថា៖«ការណ៍ដែលចង់បានម្តាយទៅជាមួយហ្នឹង ព្រោះចង់នាំគាត់ទៅដើរលេង ឲ្យគាត់បានស្គាល់ស្រុកទេសគេ។ តែបើគ្រាន់តែចង់ទៅច្រៀងម្នាក់ឯងរកប្រាក់នោះ គឺមិនជាចង់ប៉ុន្មានទេ ដូចដឹងស្រាប់ហើយទៅច្រៀងរកប្រាក់នៅស្រុកគេ មិនសូវបានប្រាក់ច្រើនជាងស្រុកខ្មែរឡើយ»។
ការលើកឡើងនេះ ដោយសារតែគេបានដឹងថា នៅពេលនេះ មាស សុខសោភា មានឈ្មោះល្បី និងមានតម្លៃខ្លួនខ្ពស់ ហើយអាចរកប្រាក់ចំណូលតាមរយៈការចេញច្រៀងក្នុងកម្មវិធីនានាយ៉ាង ច្រើន។ មាស សុខសោភា ត្រូវច្រៀងនៅតាមបណ្តារដ្ឋធំៗមួយចំនួនក្នុងប្រទេសអូស្ត្រាលីរយៈ ពេលមួយខែ ហើយនាងនឹងវិលវិញនៅដើមខែក្រោយ៕
ភ្នំពេញ ប៉ុស្តិ៍







