ភ្នំពេញៈ មជ្ឈមណ្ឌលយុំាងខមមឺសលសិនធើ ដែលស្ថិតនៅក្រោមការអភិវឌ្ឍបុរីសុភមង្គលនៅភាគខាងកើតស្ពាន ជ្រោយចង្វារ គ្រោងនឹងបើកសម្ពោធនៅខែសីហាឆ្នាំ២០១២ នោះ នៅពេលនេះសម្រេចពន្យារពេលបើកសម្ពោធរហូតដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១២វិញ។
លោក អៀរ គឹមគៀង នាយកគ្រប់គ្រងនិងជាម្ចាស់មជ្ឈមណ្ឌលយុំាងខមមឺសលសិនធើ បានប្រាប់ ប៉ុស្តិ៍ អចលនទ្រព្យ ឲ្យដឹងថា ការពន្យារពេលនេះដោយសារតែការងាររៀបចំផ្នែកនៅខាងក្នុងរបស់ អគារនៅមិនទាន់រួចរាល់។ ការយឺតយ៉ាវនេះគឺដោយសារតែកង្វះកម្មករជំនាញ ខណៈពេលនេះពួកគេភាគច្រើនកំពុងសម្រុកទៅធ្វើការនៅក្រៅប្រទេស។
លោកបានបញ្ជាក់ថា៖«កង្វះកម្មករធ្វើការងារ និងការយឺតយ៉ាវដែលបណ្តាលមកពីការបញ្ជាទិញសម្ភារទំនើបៗមក បំពាក់លម្អនៅខាងក្នុងអគារ គឺជាបញ្ហាសំខាន់ ដែលធ្វើឲ្យការសាងសង់យឺតយ៉ាវ ដូច្នេះបានជាខ្ញុំត្រូវពន្យារពេលសាងសង់បន្ថែមចំនួន២ខែទៀត»។ លោកបានបន្តថា ការសាងសង់ចេះតែរំកិលទៅមុខតាមកាលកំណត់ ដោយសព្វថ្ងៃសម្រេចបានប្រហែល៩០ភាគរយហើយ ពោលគឺនៅសល់ប្រមាណតែ១០ភាគសម្រាប់ការរៀបចំលម្អតែប៉ុណ្ណោះ។
លោក គឹមគៀង បានថ្លែងបន្ថែមទៀតថា៖«ការប៉ះទង្គិចដោយសារវិបត្តិសេដ្ឋកិច្ច ពិភពលោក គឺជាបញ្ហាចោទដ៏ធំមួយ ប៉ុន្តែការសាងសង់របស់ក្រុមហ៊ុនយើងមិនត្រូវបានបញ្ឈប់នោះទេ»។
អ្នកនាង ប៉ុល ផាន្នី ប្រធានផ្នែកលក់នៅមជ្ឈមណ្ឌលយុំាងខមមឺសលសិនធើ បានប្រាប់ថា អតិថិជនដែលបានមកជួលទីតាំងសម្រាប់ធ្វើអាជីវកម្មមានក្រុមហ៊ុន ក្នុងស្រុក ក្រុមហ៊ុនមកពីប្រទេសចិន ម៉ាឡេស៊ី ជប៉ុន សិង្ហបុរី មីយ៉ាន់ម៉ា និងនូវែលសេឡង់ ជាដើម។
ប្រធានផ្នែកលក់រូបនេះបន្ថែមទៀតថា៖«បច្ចុប្បន្នមជ្ឈមណ្ឌលមាន អតិថិជនមកជួលបាន៧០ភាគរយហើយ ដោយការជួលមានតម្លៃជួលចន្លោះពី១៤ទៅ២៨ដុល្លារក្នុងមួយ ម៉ែត្រការ៉េ»។ អ្នកនាង ផាន្នី បានបន្តថា ក្រៅពីគម្រោងអភិវឌ្ឍន៍ផ្សារ ក៏មានគម្រោងអាផាតមិនប្រមាណ១០០០បន្ទប់ផងដែរ ដោយនៅពេលនេះលក់អស់ប្រហែល៤០ភាគរយ។
អ្នកនាងថ្លែងថា៖«យើងនឹងលក់បញ្ចប់ឲ្យអស់ទន្ទឹមគ្នាជាមួយការ បើកដំណើរការនៅខែតុលាខាងមុខនេះ»។ អ្នកនាងបន្តថា មជ្ឈមណ្ឌលលក់ដូរមួយនេះមានលក្ខណៈខុសប្លែកពីកន្លែងផ្សេងៗទៀត ព្រោះនៅទីនេះមានកន្លែងហែលទឹកល្អបំផុតនៅកម្ពុជា និងកន្លែងកម្សាន្តផ្សេងទៀតផងដែរ។
លោក កឺក ណារិន អនុប្រធានក្រុមហ៊ុនអចលនទ្រព្យអេស៊ានរៀលអេស្ទេត បានប្រាប់ឲ្យដឹងថា បើពិនិត្យមើលសកម្មភាពសាងសង់សព្វថ្ងៃឃើញថា នៅពេលដល់អំឡុងពេលនោះ(ខែតុលា) មជ្ឈមណ្ឌលយុំាងខមមឺសលសិនធើ អាចបើកដំណើរការបាន ប៉ុន្តែមិនបានទាំងអស់ទេ បានតែមួយចំនួនដែលស្ថិតនៅទីតាំងសំខាន់ៗតែប៉ុណ្ណោះ។ លោកបន្តថា ទីតាំងតំបន់នោះមានបញ្ហាប្រឈមខ្លះ ព្រោះមិនមែនជាតំបន់ប្រជាជនប្រមូលផ្តុំគ្នានោះឡើយ ដោយទីនោះគ្រាន់តែជាតំបន់អ្នកដំណើរឆ្លងកាត់តែប៉ុណ្ណោះ។
លោកបញ្ជាក់ថា ពេលស្ពានជ្រោយចង្វារ និងគម្រោងអភិវឌ្ឍន៍ទីក្រុងរណបរបស់កាណាឌីយ៉ាធ្វើរួច វានឹងទាក់ទាញប្រជាពលរដ្ឋឲ្យទៅរស់នៅទីនោះច្រើនជាមិនខាន។ លោកបានបន្តថា ការអភិវឌ្ឍស្ពានជ្រោយចង្វារ ច្រាំងទន្លេ គម្រោងវិនិយោគអគារការិយាល័យយេលឡូថោវើ គម្រោងវិនិយោគសណ្ឋាគារសុខា និងគម្រោងវិនិយោគ លំនៅដ្ឋានផ្សេងៗទៀតជាការទាក់ទាញមួយដ៏សំខាន់សម្រាប់ការជួល ផ្សារនោះផងដែរ។
តែទោះបីជាយ៉ាងណាក្តីក៏អ្នកជំនាញផ្នែកអចលនទ្រព្យរូបនេះ បានអះអាងថា តម្រូវការជួលនៃផ្សារនេះមិនអាចឈានទៅដល់កម្រិតជួលអស់ព្រមពេល គ្នានឹងការបើកដំណើរការផ្សារនោះឡើយ៕
ភ្នំពេញ ប៉ុស្តិ៍







