មជ្ឈមណ្ឌល សាលា​បាត់​ទាត់​ជាតិ​ទីមួយ ស្ថិត​នៅ​ស្រុក​បាទី ខេត្ត​តាកែវ ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ក្នុង​ការ​លើក​កម្ពស់​វិស័យ​បាត់​ទាត់​កម្ពុជា បែប​វិទ្យា​សាស្ត្រ និង​បណ្តុះ​បណ្តាល​សមត្ថភាព​យុវជន​ដែល​ស្នេហា​កីឡា​បាល់​ទាត់។

Headlines:

ស្រ្តី​ខ្មែរ​៤​នាក់​ត្រូវ​បាន​សង្គ្រោះ​ពី​ប្រទេស​ចិន

120608_04a
ពលការិនី​ខ្មែរ​​ទាំង​​បួន​​នាក់​​ដែល​​ទើ​ប​មក​ដល់​​ប្រទេស​​កម្ពុជា​​វិញ​ រៀបរាប់​ពី​ការ​លំបាក​​កាល​ពី​ម្សិលមិញ​​។ រូប​​ មិនា

ភ្នំពេញៈ ស្រ្តី​កម្ពុជា​ចំនួន​បួន​នាក់​ដែល​ធ្វើ​ការ​នៅ​រោងចក្រ​កាត់​ដេរ​មួយ នៅ​ទីក្រុង Dongguan ​ប្រទេស​ចិន ត្រូវ​បាន​នាំ​ត្រឡប់​មក​ស្រុក​កំណើត​វិញ​ហើយ​កាល​ពី​ម្សិលមិញ បន្ទាប់​ពី​ទទួល​រង​នូវ​បទពិសោធ​យ៉ាង​អាក្រក់​អស់​រយៈ​ពេល​៩​ខែ ដែល​ក្នុង​រយៈ​ពេល​នោះ​ពួក​គេ​បាន​ទទួល​រង​នូវ​ជំងឺ​ឈឺ​ថ្កាត់​ផ្សេង​ៗ ធ្វើ​ការ​ងារ​លើស​ការ​កំណត់ ​និង​ទទួល​រង​ការ​មិន​ឲ្យ​លិខិត​ឆ្លង​ដែន​វិញ​នៅ​ទីនោះ។

យិន សុភី អាយុ​ ២៧​ឆ្នាំ សុខ គន្ធា ​អាយុ​២៥ ​នន់​ សុភាព ​អាយុ​២១​ឆ្នាំ ​និង​ យិន សុភា ​អាយុ​២០ ​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន​កាល​ពី​ខែ​សីហា ឆ្នាំ​២០១១ ​បន្ទាប់​ពី​មេ​ខ្យល់​ម្នាក់ បាន​សន្យា​ថា​នឹង​ផ្តល់​ប្រាក់​ខែ​ខ្ពស់​ដល់​ពួក​គេ​។ ​ក្រុម​ស្រ្តី​ទាំង​នេះ​ត្រូវ​បាន​បញ្ជូន​ត្រឡប់​មក​ប្រទេស​វិញ​កាលពី​ ម្សិលមិញ ​បន្ទាប់ពី​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ ​(CLEC) និង​ស្ថានទូត​កម្ពុជា​ បាន​ធ្វើ​អន្តរាគមន៍​ជួយ​ពួក​គេ​។ ក្រុម​ស្រ្តី​ទាំង​នោះ​មាន​ស្រុក​កំណើត​នៅ​ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល។

នៅ​ពេល​មក​ដល់​រាជធានី​ភ្នំពេញ យិន សុភា ដែល​ជា​ស្រ្តី​រងគ្រោះ​ម្នាក់​ក្នុង​ចំណោម​ពួក​គេ បាន​ធ្វើ​ការ​ក្រើន​រំលឹក​ទៅ​ប្រជាជន​ដទៃៗ​មិន​ឲ្យ​ធ្វើ​ដូច​ពួក នាង​។

នាង បន្ត​ថា៖ «សូម​ប្រជាជន​កម្ពុជា​ទាំង​ឡាយ កុំ​ជឿ​មេ​ខ្យល់​លឿន​ពេក​»។

បើ​តាម អ្នក​នាង​ យិន សុភី ​ដែល​ជា​ជនរងគ្រោះ​ម្នាក់​ទៀត ក្រុម​ស្រ្តី​ទាំង​នេះ​ បាន​ព្យាយាម​គេច​ចេញ​កាល​ពី​ខែ​មុន​បន្ទាប់​ពី​ពីរ​នាក់​ក្នុង​ចំណោម​ ពួក​គេ​មាន​បញ្ហា​ជំងឺ​ក្រពះ និង​ដង្ហើម ហើយ​ពីរ​នាក់​ទៀត​បាន​យល់​ឃើញ​ថា​ពួក​គេ​ទទួល​រង​ការ​ធ្វើ​ការងារ​​លើស​ហួស ​ប្រមាណ។ ប៉ុន្តែ​និយោជក​របស់​ពួក​គេ​បាន​បដិសេធ​មិន​ឲ្យ​ពួក​គេ​ចេញ​ ​ដោយ​ទុក​ប្រាក់​ខែ និង​លិខិត​ឆ្លង​ដែន​របស់​ពួក​គេ​។

នៅ​ទីបំផុត ក្រុម​ស្រ្តី​ទាំង​នេះ បាន​ព្យាយាម និង​អាច​ទូរស័ព្ទ​មក​ក្រុម​គ្រួសារ​របស់​ពួក​គេ និង​ មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ ដែល​បាន​ស្វែង​រក​ជំនួយ​ពី​ស្ថានទូត​កម្ពុជា​នៅ​ទី​នោះ​។

នន់ សុភាព បាន​ថ្លែង​ថា ​នាង​ត្រូវ​បាន​បោក​ដោយ​មេខ្យល់ ហើយ​បាន​និយាយ​បន្ត​ថា ​នេះ​ជា​លើក​ទី​មួយ​នៃ​ការ​ចង់​ទៅ​ធ្វើ​ការ​នៅ​បរទេស បាន​ជួប​បទពិសោធ​យ៉ាង​ដូច្នេះ​។

អ្នក​ស្រី​ បាន​បន្ត​ថា​៖ «ខ្ញុំ​ធ្វើ​ការ​ពី​១២​ម៉ោង​ទៅ​១៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ ហើយ​ទទួល​ទាន​អាហារ​បាន​តែ​​២​ពេល​ប៉ុណ្ណោះ​»។ «ខ្ញុំ​មិន​អាច​ទ្រាំ​បាន​ទេ​»។

អ្នក​ស្រី នន់ សុផល អាយុ​៤២​ឆ្នាំ ម្តាយ​របស់ នន់ សុភាព ​បាន​ថ្លែង​ថា ​ពួក​គេ​បាន​ព្យាយាម​ពន្យល់​កូន​ស្រី​របស់​ខ្លួន​នៅ​កម្ពុជា ប៉ុន្តែ​ពួក​គេ​មិន​ព្រម​។

អ្នក​ស្រី​បាន​បន្ត​ថា​៖ «មុន​នោះ​ ខ្ញុំ​មិន​ចង់​ឲ្យ​កូន​ស្រី​របស់​ខ្ញុំ​ទៅ​ធ្វើ​ការ​នៅ​បរទេស​នោះ​ទេ​ ​ប៉ុន្តែ​នាង​ចង់​ទៅ​ដោយ​សារ​គ្រួសារ​ក្រីក្រ​»។ «​យើង​ឮគេ​និយាយ​ថា នាង​នឹង​អាច​រក​ប្រាក់​ខែ​បាន​ច្រើន​ជាង​ធ្វើ​ការ​នៅ​ក្នុង​ស្រុក ប៉ុន្តែ​ឥឡូវ​នេះ យើង​ដឹង​ហើយ​»។

ហ៊ុយ ពេជ្រ​សុវណ្ណ ​មន្រ្តី​កម្មវិធី​ម្នាក់​នៅ CLEC ​បាន​ថ្លែងថា ការ​បញ្ជូន​ពលករ​ត្រឡប់​មក​ពី​ប្រទេស​ចិន​មក​វិញ​នេះ គឺជា​ករណី​ទីមួយ​ដែល CLEC បាន​ជួប​។

លោក បន្ត​ថា៖ «វា​ជា​ករណី​កម្រ​មួយ ​ដែល​មាន​កម្មករ​ជនជាតិ​កម្ពុជា​ក្លាយ​ជា​ជនរងគ្រោះ​នៅ​ប្រទេស​ចិន​»។ «យើង​ជួប​ភាគ​ច្រើន គឺ​នៅ​ប្រទេស​ម៉ាឡេស៊ី និង​ថៃ​»។

​លោក ​បន្ត​ថា ក្រុម​ស្រ្តី​ទាំង​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​អង្គការ​ លីកាដូ ដើម្បី​ទទួល​ការ​ពិនិត្យ​ព្យាបាល​សុខ​ភាព​៕ PS



This content has been locked. You can no longer post any comments.
Show/hide comments
busy