ភ្នំពេញៈ នៅថ្ងៃមួយក្នុងខែវិច្ឆិកា ឆ្នាំ១៩៧៨ កម្មាភិបាលខ្មែរក្រហម១៤០នាក់ មកពីខេត្តមណ្ឌលគិរី ត្រូវបានបញ្ជូនទៅមន្ទីរស‑២១ នៅភ្នំពេញ។ នេះបើតាមលោក សៅ សារុន បានផ្តល់ចម្លើយជាកសិណប្រាប់តុលាការខ្មែរក្រហម កាលពីម្សិលមិញ។
ព្រះរាជអាជអាជ្ញាបានសួរសាក្សីជាអតីតលេខាស្រុកម្នាក់នេះអំពីការធ្វើវិសុទ្ធកម្មលើមនុស្សជាច្រើននាក់ពីតំបន់នោះ នៅចុងទសវត្សរ៍ទី៧០ មុនពេលវៀតណាមផ្តួលរំលំរបបនេះ។
លោក សៅ សារុន បានប្រាប់តុលាការថា លោកបានទំនាក់ទំនងផ្ទាល់ជាមួយនឹងលោក នួន ជា បងធំទី ២ និងជាសហជនត្រូវចោទក្នុងសំណុំរឿង ០០២ និងលោក ប៉ុល ពត អំពីការចាប់ខ្លួននិងការឃុំខ្លួនកម្មាភិបាលក្នុងតំបន់នេះ ហើយក៏បានទៅជួបមេដឹកនាំនៅភ្នំពេញច្រើនលើកដែរ។
លោក សៅ សារុន បានលើកឡើងថា៖ «យើងបានពិភាក្សាទាក់ទងនឹងការគ្រប់គ្រងកម្លាំងនិងប្រជាជន ហើយបានលើកកម្ពស់ការយល់ដឹងដល់ប្រជាជនថា តើពួកគេអាចបំពេញខ្លួនឯងឲ្យបានគ្រប់គ្រាន់ដោយរបៀបណានិងបានណែ នាំកងកម្លាំងពីការពង្រឹងការការពារព្រំដែន»។ លោកថា មានម្តង លោកបានពិភាក្សាពី«បញ្ហាសេដ្ឋកិច្ច» ជាមួយលោក ខៀវ សំផន។
ចម្លើយជាកសិណរបស់សាក្សី អាយុ ៨០ឆ្នាំរូបនេះ ត្រូវបានផ្អាកនៅពាក់កណ្តាលថ្ងៃដោយសារជំងឺ ហើយសាក្សីម្នាក់ទៀតឈ្មោះ ឃឹម ង័ន អតីតកូនទាហានខ្មែរក្រហម បានផ្តល់ចម្លើយបន្ត។
លោក ឃឹម ង័ន ដែលចូលរួមបដិវត្តន៍ក្នុងវ័យ១៥ឆ្នាំប្រាប់ថា ៖ «ខ្ញុំចូលរួមក្នុងកងទ័ព [បដិវត្តន៍ខ្មែរក្រហម] ជាមួយនឹងមិត្តភក្តិ! ខ្ញុំមិនដឹងច្រើនទេ។ ខ្ញុំគ្រាន់តែទៅតាមគេ...ខ្ញុំមិនយល់ពីខ្មែរក្រហមច្បាស់ ទេនៅពេលនោះ»។
លោកបានលើកអំពីការភ័យខ្លាចក្នុងការចាកចេញពីចលនានេះ ដោយសារខ្លាចការសងសឹកមកលើគ្រួសារគាត់។ លោក បន្តថា៖ «ម្តាយខ្ញុំមិនអាចចាកចេញពីសហករណ៍មកជួបខ្ញុំបានទេ ខ្ញុំក៏ មិនអាចទៅជួបគាត់បានដែរ»។ លោកថា៖ «ពួកយើងមិនត្រូវអនុញ្ញាតឲ្យធ្វើពិធីសាសនាទេ សូម្បីតែលុយកាក់ក៏ត្រូវលះបង់ដែរ»។
លោក ឃឹម ង័ន បានបន្តធ្វើការឲ្យក្រសួងការបរទេសដែលដឹកនាំដោយ អៀង សារី នៅពេលនោះ គឺជាអ្នកអមដំណើរប្រតិភូ ក្នុងនោះមានប្រតិភូចិនផងដែរ។
លោកថា៖ «នៅជាមួយភ្ញៀវ គេហាមមិនឲ្យនិយាយប្រាប់ភ្ញៀវពីនយោបាយ ហើយយើងមិនអាចទៅណា មកណាសេរីបានទេ... អមដំណើរពួកគេទៅខេត្តតាកែវ ឬកំពត»។ សវនាការនឹងបន្តនៅថ្ងៃចន្ទ សប្តាហ៍ក្រោយ៕ TK
ភ្នំពេញ ប៉ុស្តិ៍

