Headlines:

ជប៉ុន​បន្ត​ផ្តល់​ជំនួយ​ជាង​$៣ លាន​ ទៀត​ដល់​កម្ពុជា

ភ្នំពេញៈ រដ្ឋាភិបាល​ជប៉ុន​ បាន​ផ្តល់​ទឹក​ប្រាក់​ ២៨៣​ លាន​យ៉េន ស្មើ​នឹង​៣,៤៩​លាន​ដុល្លារ​ បន្ថែម​ទៀត​ដល់​កម្ពុជា ក្នុង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​។

ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​ជំនួយ​ឥត​សំណង​កាល​ពី​ថ្ងៃ​សុក្រ លោក ម៉ាសាហ្វូមី គូរ៉ូគី ឯកអគ្គ​រាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា បាន​ថ្លែង​ថា គម្រោង​ «កម្មវិធី​អាហារូបករណ៍​អភិវឌ្ឍន៍​ធនធាន​មនុស្ស​របស់​ជប៉ុន» គឺជា​គម្រោង​មួយ​សម្រាប់​និស្សិត​អាហារូបករណ៍​ថ្មី​ចំនួន ​២៤ ​នាក់​ ដើម្បី​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​ រយៈ​ពេល ​២ ឆ្នាំ។ លោក​ថ្លែង​ថា ៖ «អាហា​រូបករណ៍ ត្រូវ​បាន​ផ្តល់​ជូន​ជា​ពិសេស ​ចំពោះ​មន្ត្រី​រដ្ឋាភិបាល​វ័យ​ក្មេង​ និង​មាន​សមត្ថភាព ដែល​ត្រូវ​បាន​រំពឹង​ថា នឹង​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​របស់​ប្រទេស​កម្ពុជា​ បន្ទាប់​ពី​ពួក​គេ​វិល​ត្រឡប់​មក​កម្ពុជា​វិញ»។

លោក ឡុង វិសាលោ រដ្ឋ​លេខាធិការ​ក្រសួង​ការ​បរទេស​ ដែល​បាន​ចុះ​ហត្ថលេខា លើ​សារ​លិខិត​ទទួល​ជំនួយ​ឥត​សំណង​នេះ  បាន​ថ្លែង​អំណរ​គុណ ចំពោះ​ស្ថានទូត ​និង​រាជ​រដ្ឋាភិបាល​ជប៉ុន ដែល​តែង​តែ​ផ្តល់​ជំនួយ ជា​បន្តបន្ទាប់​ជួយ​ដល់​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ក្នុង​ការ​ «កាត់​បន្ថយ​ភាព​ក្រីក្រ និង​លើក​ស្ទួយ​កម្រិត​ជីវភាព​របស់​ពលរដ្ឋ​»។

តាម​រយៈ​អ្នក​នាំ​ពាក្យ​ក្រសួង ការ​បរទេស លោក​ កុយ​ គួង ដែល​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌មាន នៅ​បន្ទាប់​ពី​ពិធី​ចុះ​ហត្ថលេខា ថា លោក ឡុង វិសាលោ រំឭក​ថា​ ជប៉ុន ដែល​ផ្តល់​អាហារូបករណ៍​អភិវឌ្ឍន៍​គម្រោង​ធនធាន​មនុស្ស​នេះ តាំង​ពី​ឆ្នាំ ២០០០ ដល់​ ២០១២ មាន​ទឹក​ប្រាក់​ប្រមាណ​ជាង​ ៣៤​ លាន​ដុល្លារ​ហើយ។

ជប៉ុន​បាន​ចូល​រួម​ចំណែក​យ៉ាង​សកម្ម នៅ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា តាម​រយៈ​ការ​ផ្តល់​ជំនួយ​ឥត​សំណង​ជា​ច្រើន​ពាន់​លាន​ដុល្លារ​ ចាប់​តាំង​ពី​ក្រោយ​ការ​បោះឆ្នោត​ជាតិ ឆ្នាំ ១៩៩៣​ មក​។ សមិទ្ធ​ផល ដែល​ជា​ជំនួយ​ឥត​សំណង របស់​រដ្ឋាភិបាល​ជប៉ុន​ ក្នុង​នោះ ក៏​មាន​ស្ពាន​ជ្រោយ​ចង្វារ ឆ្លង​កាត់​ទន្លេសាប​ក្នុង​រាជធានី​ភ្នំពេញ​ ស្ពាន​ទន្លេ​បិទ ​ឆ្លង​កាត់​ទន្លេ​មេគង្គ ​ក្នុង​ទីរួម​ខេត្ត​កំពង់ចាម និង​ស្ពាន​អ្នក​លឿង ដែល​កំពុង​តែ​ដំណើរ​ការ​សាង​សង់ ព្រម​ទាំង​ផ្លូវ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជាច្រើន​ទៀត៕



This content has been locked. You can no longer post any comments.
Show/hide comments
busy