ភ្នំពេញៈ តុលាការកំពូលនឹងសម្រេចចុងបញ្ចប់នៅសប្តាហ៍ក្រោយ ទាក់ទងនឹងវិវាទដីធ្លីរយៈពេល៤ឆ្នាំ រវាងក្រុមប្រជាពលរដ្ឋនិងពាណិជ្ជករម្នាក់បានទាមទារសិទិ្ធលើដីស្រែតូចៗ ប្រមាណ ៥ហិកតា នៅក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ដើមឡើយមានប្រជាពលរដ្ឋតែ ៥នាក់ទេ ដែលបានរងការប្តឹងប្តល់និងបណ្តេញចេញពីដីទំហំ៥ហិកតានេះ នៅក្នុងឆ្នាំ ២០១០ នៅពេលដែលតុលាការខេត្តកំពង់ឆ្នាំងបានសម្រេចប្រគល់ដីនេះឲ្យទៅលោក ចិន ចាន់សា ជាពាណិជ្ជករ ដែលអះអាងថា ខ្លួនបានទិញដីនេះដោយស្របច្បាប់នៅក្នុងឆ្នាំ ២០០៦។
ប៉ុន្តែ ប្រជាជនបានវិលមកធ្វើស្រែលើដីជម្លោះនេះវិញ នៅក្នុងឆ្នាំ២០១១ បន្ទាប់ពីសាលាឧទ្ធរណ៍បានសម្រេចច្រានចោលសេចក្តីសម្រេចរបស់សាលាដំបូងខេត្តនោះ និងសម្រេចប្រគល់ដីជម្លោះមកឲ្យពួកគាត់វិញ។
ពលរដ្ឋឈ្មោះ កែវ សោម មាន អាយុ ៥៥ ឆ្នាំ ក្នុងចំណោមនោះបានប្រាប់ថា លោកនិងគ្រួសារ ជាសាច់ញាតិលោកខ្លះ ធ្លាប់រស់នៅនិងធ្វើស្រែចម្ការលើដីនេះ តាំងពីឆ្នាំ ១៩៧៩ មកម្ល៉េះ។
លោកបានថ្លែងការពារអ្នកភូមិទាំងនេះកាលពីម្សិលមិញ នៅក្នុងសវនាការតុលាការកំពូលថា៖ «យើងបានរស់នៅនិងធ្វើស្រែចម្ការលើដីនេះជាង៣០ឆ្នាំមកហើយ។ យើងគឺជាម្ចាស់ ប៉ុន្តែ មន្រ្តីខេត្តពុករលួយបានលួចនិងបានលួចលក់ដីរបស់យើងទៅឲ្យឈ្មួញ»។
គូវិវាទ លោក ចិន ចាន់សា បានបដិសេធការចោទប្រកាន់ខាងលើនេះ ហើយថ្លែងបញ្ជាក់តបថា ការទិញដីនេះ លោកបានធ្វើស្របទៅតាមលក្ខណៈច្បាប់ ហើយថែមទាំងមានការទទួលស្គាល់តាមផ្លូវច្បាប់ពីអាជ្ញាធរមូលដ្ឋាននិងថ្នាក់ខេត្តផង។
លោកបានថ្លែងប្រាប់តុលាការថា៖ «ខ្ញុំមានឯកសារច្បាប់ក្នុងការទិញដូរដីទាំងនេះ ។ ប៉ុន្តែអ្នកភូមិទេ ដែលបានកាន់កាប់និងមករស់នៅលើដីរបស់ខ្ញុំ ដោយខុសច្បាប់»។
លោក ឌិត មុន្ទី ប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានថ្លែងថា សាលក្រមរឿងក្តីនេះនឹងប្រកាសនៅថ្ងៃអង្គារក្រោយ៕ TK
ភ្នំពេញ ប៉ុស្តិ៍

