Headlines:

តើ​អ្នក​ចង់​ប្រារព្ធ​អាពាហ៍​ពិពាហ៍​ប្រភេទ​ណា នៅពេល​ឱកាស​បាន​មក​ដល់?

តើ​អ្នក​ចង់​ប្រារព្ធ​អាពាហ៍​ពិពាហ៍​ប្រភេទ​ណា នៅពេល​ឱកាស​បាន​មក​ដល់?

120613

ម៉ែន ចាន់​មុទិតា​ អាយុ​២០​ឆ្នាំ​ ជា​និស្សិត​ឆ្នាំទី៣​នៃ​វិទ្យាស្ថាន​ស៊ីតិក

«ថ្វី​ដ្បិត​តែ​វប្បធម៌​បរទេស​កំពុង​តែ​ហូរ​ចូល​យ៉ាង​គំហុក​ក្ដី ក៏​ខ្ញុំ​នៅ​តែ​ចូល​ចិត្ដ​វប្បធម៌ និង​ទំនៀម​ទម្លាប់​​ខ្មែរ​ដដែល​។ ​ពិតណាស់ ខ្ញុំ​គ្រាន់​តែ​ត្រូវ​ការ​អាពាហ៍​ពិពាហ៍​មួយ​ប្រកប​ដោយ​ភាព​សាមញ្ញ​ និង​ផ្លូវ​ការ​ប៉ុណ្ណោះ​។ យើង​មិន​ចាំបាច់​ចំណាយ​លុយ​ច្រើន​សន្ធឹក​សន្ធាប់​ពេក​សម្រាប់​ការ​រៀបចំ ​ពិធី​នេះ​ទេ ​​ពីព្រោះ​យើង​ត្រូវ​មាន​គម្រោង​សម្រាប់​អនាគត​គ្រួសារ​ជា​ច្រើន​ទៀត​។ ​មួយ​វិញ​ទៀត ខ្ញុំ​មិន​ចង់​ខ្ជះខ្ជាយ​ដើម្បី​ជា​ថ្នូរ​នឹង​ការ​សប្បាយ​ហូរហៀរ​តែ​ ប៉ុន្មាន​ថ្ងៃ​នោះ​ទេ​។ សរុប ខ្ញុំ​ចូល​ចិត្ដ​ពិធី​មង្គលការ​សាមញ្ញ​ងាយៗ និង​សន្សំ​សំចៃ​ប្រាក់​ដើម្បី​បង្កើត​គ្រួសារ​ថ្មី​សម្រាប់​នា​ពេល​អនាគត»៕

120613

ពេជ្រ ណាហ្សា អាយុ​១៩​ឆ្នាំ ជា​សិស្ស​វិទ្យាល័យ​ហ៊ុន សែន មិត្តភាព

«ខ្ញុំ​ចង់​រៀបការ​តាម​ទំនៀម​ទម្លាប់​ប្រពៃណី​របស់​យើង​ ដែល​កែច្នៃ​ប្លែក​បន្ដិច​បន្ដួច​សម្រាប់​ពិធី​នៅ​ពេល​រសៀល​។ ​ខ្ញុំ​គ្រាន់​តែ​សង្ឃឹម​ថា ​វា​គឺជា​ពិធី​សម្រាប់​ភ្ញៀវ​កិត្តិយស​ទាំងអស់​មាន​អារម្មណ៍​រីករាយ​នឹង ​ពិធី​មង្គលការ​របស់​ខ្ញុំ​។​ យ៉ាង​ណា​មិញ ឲ្យ​តែ​ជា​ការ​ទទួល​ស្គាល់​ពី​សាច់ញាតិ​បង​ប្អូន​ និង​ភ្ញៀវ​កិត្ដិយស​ថា​ជា​ពីធី​គគ្រឹក​គគ្រេង សមរម្យ​ និង​ថ្លៃថ្នូរ និង​មិន​អាច​បំភ្លេច​បាន វា​ពិត​ជា​អ្វី​ដែល​ខ្ញុំ​រំពឹង​សម្រាប់​ពិធី​មង្គលការ​របស់​ខ្ញុំ»៕

120613

ហុង វិសាល អាយុ​២១​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី៣​នៃ​សាកល​វិទ្យាល័យ​អន្តរជាតិ

«ខ្ញុំ​គេង​ស្រមៃ​ថា អាពាហ៍​ពិពាហ៍​របស់​ខ្ញុំ​ ប្រាកដ​ជា​អស្ចារ្យ​ និង​ឥត​ខ្ចោះ​សម្រាប់​ជីវិត​ ពីព្រោះ​វា​គឺជា​អនុស្សាវរីយ៍​ត​កូន តចៅ​។ ​ខ្ញុំ​ចង់​បាន​អាពាហ៍ពិពាហ៍​ដែល​ប្រារព្ធ​ឡើង​នៅ​ក្នុង​សណ្ឋាគារ​ លំដាប់​ផ្កាយ​៥​ និង​លម្អ​ដោយ​សម្ភារ​ប្រណីតៗ​ជាដើម។ ​ធ្វើ​បាន​ប៉ុណ្ណឹង អាពាហ៍​ពិពាហ៍​របស់​ខ្ញុំ ​ប្រាកដ​ក្លាយ​ជា​ពិធី​មង្គល​ដ៏​អស្ចារ្យ និង​មិន​អាច​បំភ្លេច​បាន​ក្នុង​មួយ​ជីវិត​របស់​ខ្ញុំ។ ខ្ញុំ​គ្រាន់​តែ​លើក​មុខ​មាត់​ឪពុក​ម្តាយ​មាន​កិត្តិយស​តាម​រយៈ​ការ​រៀបចំ​ ពិធី​ធំ​ដុំ​ទាំង​នេះ ​ពីព្រោះ​ពួក​គាត់​តែងតែ​ប្រាថ្នា​ឲ្យ​កូនៗ​ខ្ពស់​មុខ​ខ្ពស់​មាត់​។ នេះ​ក៏​ជា​មធ្យោបាយ​ដ៏ល្អ​ដែល​ខ្ញុំ​អាច​បង្ហាញ​ពី​សេចក្តី​ស្រឡាញ់​ចំពោះ​ រូប​គាត់»៕​

120613

ងួន សុខណា អាយុ​២២​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី២   នៃ​វិទ្យាស្ថាន​ភាសា​បរទេស

«ខ្ញុំ​មិន​ចូលចិត្ត​រៀបការ​តាម​របៀប​ចាស់​គំរឹល​ពេក និង​នៅ​ភោជនីយដ្ឋាន ពីព្រោះ​ខ្ញុំ​អាច​ផ្លាស់​ប្ដូរ​កាល​បរិច្ឆេទ​ទៅ​តាម​ពេលវេលា​ទំនេរ​ របស់​ពួក​គេ​។​ ខ្ញុំ​រំពឹង​ថា ខ្ញុំ​នឹង​មាន​ផ្ទះ​ខ្លួន​ឯង​ដែល​ងាយ​ស្រួយ​ក្នុង​ការ​ដំឡើង​រោង​ការ​។ ការ​រៀបចំ​ពិធី​នៅ​ពេល​រសៀល​ គឺ​សំខាន់​បំផុត​ ពីព្រោះ​ជា​ទូទៅ ពិធី​នៅ​ពេល​ព្រឹក​វាមាន​លក្ខណ​ប្រហាក់​ប្រហែល​គ្នា​។ ខ្ញុំ​ចង់​បន្ថែម​ភាព​អណ្តែត​អណ្តូង​តាម​រយៈ​ការ​រៀបចំ​ឆាក​លម្អរ ដោយ​ផ្កា​ស្រស់ៗ និង​បញ្ចាំង​ខ្សែ​វីដេអូ​ខ្លី​តាំងពី​ការ​ចាប់​ផ្ដើម​ទំនាក់​ទំនង​ ស្នេហា​ជាមួយ​ស្វាមី​។ ភ្ញៀវ​កិត្ដិយស​ក៏​អាច​សួរ​នាំ​ពី​ប្រវត្ដិ​សេ្នហា​របស់​យើង​ផង​ដែរ​។ ​​នេះ​ជា​ពិធី​មង្គលការ​ក្នុង​ក្ដី​ស្រមៃ​របស់​ខ្ញុំ​»៕

120613

ម៉ៃ សុខហួរ អាយុ​២១​ឆ្នាំ ជា​និសិ្សត​ឆ្នាំ​ទី៤​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម

«ចំពោះ​រូប​ខ្ញុំ​ផ្ទាល់ ​ខ្ញុំ​មិន​ចូល​ចិត្ដ​អ្វី​ឆើតឆាយ​ពេក​ទេ​។ ​នៅ​ថ្ងៃ​អនាគត​ ខ្ញុំ​ចង់​មាន​កសិដ្ឋាន​ផ្ទាល់​ខ្លួន ដែល​អាច​ជា​ទីកន្លែង​សម្រាប់​រៀបចំ​ពិធី​អាពាហ៍​ពិពាហ៍​របស់​ខ្ញុំ​តែ​ម្ដង ​ ពីព្រោះ​វា​ស្ងប់​ស្ងាត់​ល្អ​។ ខ្ញុំ​មិន​ចង់​ប្រារព្ធ​ពិធី​នៅ​ក្នុង​ទីក្រុង​ ឬ​ក៏ជួល​ភោជនីយដ្ឋាន​នោះ​ទេ ពីព្រោះ​វា​ហាក់​បី​ដូច​ជា​អ៊ូអរ​ និង​រំខាន​ពេក​។​ ជា​ទូទៅ ភ្ញៀវ​កិត្ដិយស​ទាំង​អស់​ តែងតែ​ចូល​ចិត្ត​បង្អួត​ម៉ូដ​សម្លៀក​បំពាក់​ និង​គ្រឿង​អលង្ការ​គ្នា​ទៅ​វិញ​ទៅ​មក​។ រីឯ​នៅ​ក្នុង​កសិដ្ឋាន​របស់​ខ្ញុំ​វិញ ខ្ញុំ​អាច​ធ្វើ​តាម​វិធី​សាមញ្ញ​ងាយ​ៗ​។ ​ជា​ពិសេស​ វា​ស្ថិត​ក្នុង​បរិយាកាស និង​បរិស្ថាន​ល្អ​បរិសុទ្ធ​ប្រកប​ដោយ​ផាសុកភាព​»៕ ​