ឧត្តរមានជ័យៈ ប្រជាពលរដ្ឋជាង២០០គ្រួសារ ដែលរស់នៅក្នុងភូមិអូរចិញ្ចៀន ឃុំ-ស្រុកអន្លង់វែង ដែលនៅនឹងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព បានដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរមូលដ្ឋាន ប្តឹងក្រុមហ៊ុនពីរដែលឈូសទន្ទ្រានដីដាំកៅស៊ូប៉ះពាល់ដីស្រែ ចម្ការពួកគាត់មិនព្រមផ្តល់សំណង ហើយហាមឃាត់ពួកគាត់មិនឲ្យធ្វើស្រែចម្ការលើដីនេះទៀត។
មន្ត្រីមូលដ្ឋានបានឲ្យដឹងថា ភូមិនេះជាផ្នែកមួយនៃជម្រកសត្វព្រៃគូលែនព្រហ្មទេព ដែលក្រុមហ៊ុនពីរបានមកបោះទីតាំង ពីឆ្នាំ២០១០ និងរុករានប៉ះពាល់ដីប្រជាពលរដ្ឋ២០០គ្រួសារ នៅក្នុងភូមិនេះនិងឃុំឯទៀតក្នុងស្រុកអន្លង់វែង។
អ្នកស្រី អ៊ឹម ចាន់ថន វ័យ៥០ឆ្នាំ ជាអ្នកភូមិនេះមា្នក់ប្រាប់ថា ពួកគាត់រស់នៅលើដីនេះជិត៥ឆ្នាំហើយមានប័ណ្ណកម្មសិទ្ធិដីធ្លី ចេញដោយអាជ្ញាធរមូលដ្ឋាន។ ប៉ុន្តែ ក្រុមហ៊ុននិងមន្ទីរបរិស្ថានបានប្រាប់អ្នកភូមិថា ក្រុមហ៊ុនបានសិទ្ធិវិនិយោគនៅលើដីនេះ ដូច្នេះពួកគាត់គេមិនឲ្យធ្វើស្រែចម្ការលើដីនេះទៀតទេ។
អ្នកស្រីថា៖ «ពីម្សិលមិញ(ថ្ងៃពុធ) យើងកំពុងធ្វើស្រែចម្ការ ស្រាប់តែមន្ត្រីបរិស្ថានមកឃាត់ ហើយបានដកហូតនិងយកត្រាក់ទ័រភ្ជួរស្រែរបស់ខ្ញុំ។ វាជាភាពហិង្សាមួយធ្វើមកលើអ្នកស្រុក។ មន្ត្រីនោះគេចោទថា យើងកំពុងធ្វើស្រែនៅលើដីក្រុមហ៊ុនវិនិយោគ! តែវាមិនត្រឹមត្រូវទេ! នេះជាដីពួកយើង! ក្រុមហ៊ុននេះមានផ្ដល់សំណងឲ្យពួកយើងពីកាលណា?»។
អ្នកស្រីបន្ថែមថា៖«យើងត្រូវធ្វើស្រែចម្ការលើដីនេះ ព្រោះយើងរស់នៅពឹងលើការធ្វើស្រែចម្ការចិញ្ចឹមជីវិត។ យើងមានជម្លោះដីធ្លី តែគ្មានដំណោះស្រាយ ទោះជាតវ៉ាប្តឹងទៅអាជ្ញាធរហើយក៏ដោយ»។
លោក ប៉ែន អាន ប្រធានភូមិចិញ្ចៀនបានប្រាប់ថា ភូមិនេះគឺជាផ្នែកនៃដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព រដ្ឋាភិបាលបានសម្រេចឲ្យអ្នកភូមិបង្កើតភូមិថ្មីតាំងពីឆ្នាំ ២០០៣ ចែកជាបីផ្នែក គឺដីសម្រាប់រស់នៅ ដីធ្វើស្រែចម្ការ និងដីសម្រាប់សម្បទានសេដ្ឋកិច្ច។ ឥឡូវរដ្ឋាភិបាលបានផ្ដល់សិទ្ធិឲ្យក្រុមហ៊ុនធំៗពីរសម្រាប់ដាំ ដើមកៅស៊ូ គឺក្រុមហ៊ុន Tum Ring Rubber Plantation និងក្រុមហ៊ុន ARA Rubber Plantation។ ដូច្នេះហើយទើបមន្ទីរបរិស្ថានហាមឃាត់ពួកគាត់មិនឲ្យធ្វើស្រែចម្ការលើដីនោះ។
លោកឲ្យដឹងទៀតថា អាជ្ញាធរនិងក្រុមហ៊ុនបានទុកដីប្រវែង១៥០០ម៉ែត្រពីផ្លូវទុក ឲ្យអ្នកស្រុក ហើយអ្នកណាដែលរស់នៅលើសពីប្រវែងដីកំណត់នេះនឹងត្រូវប្ដូរឲ្យដី នៅកន្លែងផ្សេង។ ប៉ុន្តែអ្នកស្រុកថា ពួកគាត់ជាង ២០០ គ្រួសារ រងការប៉ះពាល់ដោយសារការវិនិយោគនេះ។
លោកបន្តថា ៖ «អ្វីដែលអ្នកភូមិនាំគ្នាតវ៉ានោះ គឺពួកគាត់បារម្ភខ្លាចតែបាត់បង់ដីធ្វើស្រែចម្ការគាត់ ប៉ុណ្ណោះ ហើយក្រុមហ៊ុនមិនទាន់ផ្តល់សំណងឲ្យគាត់ដែរទេ ទើបពួកគាត់តវ៉ា។ ជម្លោះដីធ្លីនេះស្ថិតក្នុងដៃថ្នាក់ខេត្ត ដែលនឹងមានដំណោះស្រាយនៅពេលខាងមុខនេះ»។
លោក ឡេង សុជាតិ មន្ត្រីមន្ទីរបរិស្ថានខេត្តដែលអ្នកស្រុកចោទថា ជាអ្នកចាប់ត្រាក់ទ័រអ្នកភូមិដោយប្រើហិង្សានោះមិនធ្វើអត្ថាធិប្បាយទេ ហើយបិទទូរស័ព្ទមិនឆ្លើយតប។ រីឯតំណាងក្រុមហ៊ុននេះមិនអាចទាក់ទងសុំការអធិប្បាយបានទេ។
លោក ស្រី ណារិន អ្នកសម្របសម្រួលអង្គការសិទ្ធិអាដហុកប្រចាំខេត្តនេះថ្លែងថា គ្មានពាក្យបណ្ដឹងអ្នកស្រុកដាក់មកអង្គការសិទ្ធិមនុស្សអាដហុក នៅឡើយទេ ព្រោះអ្នកភូមិនៅរង់ចាំដំណោះស្រាយពីអាជ្ញាធរជាមុនសិន៕ PN
ភ្នំពេញ ប៉ុស្តិ៍

