ឥណ្ឌា​ផ្តល់​ជំនួយ​ជា​ទឹក​ខ្មៅ​លុប​លាង​មិន​ជ្រះ​ចំនួន ​៤០.០០០ ដប​គិត​ជា​ទឹក​ប្រាក់​ប្រមាណ ៨៨ ម៉ឺន​ដុល្លារ​អាមេរិក ដល់​ គ.ជ.ប សម្រាប់​ប្រើ​ប្រាស់​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ នីតិ​កាល​ទី៥ នា​ពេល​ខាង​មុខ។ ពិធី​​ចុះ​​ហត្ថលេខា​នឹង​​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ។

Headlines:

តុលាការ​ក្រុង​បញ្ជូន​សំណុំ​រឿង​អ្នក​បឹងកក់​ទៅ​ឧទ្ធរណ៍

120614_05a
កូន​អ្នក​ភូមិ​បឹង​កក់​ ស្រែក​ទាម​ទារ​យុត្តិ​ធម៌ ពេល​យក​ញត្តិ​ទៅ​ដាក់​នៅ​ស្ថាន​ទូត​​សហ​រដ្ឋ​អា​មេរិក​ពីម្សិល​មិញ​​។ រូបថត ម៉េង គីម​ឡុង​

ភ្នំពេញៈ សាលា​ដំបូង​រាជធានី បាន​បញ្ជូន​សំណុំ​រឿងដ៏​ចម្រូង​ចម្រាស របស់​ស្ត្រី​អ្នក​ភូមិ​បឹងកក់ ចំនួន ១៣ នាក់ ដែល​កំពុង​ជាប់​ឃុំ​ នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស ទៅ​កាន់​សាលា​ឧទ្ធរណ៍ ខណៈ​ដែល​ស្រ្តី​ជាប់​ឃុំ​ទាំង​នោះ ​ខ្លះ​នៅ​តែ​បន្ត​ធ្វើ​កូដកម្ម​អត់​អាហារ ហើយ​ស្ថានទូត​អាមេរិក និង​តំណាង​សហគមន៍​អឺរ៉ុប បាន​ទទួល​យក​ញត្តិ​ពី​ក្រុម​អ្នក​ភូមិ ដែល​បាន​ធ្វើ​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​ឃុំ​ខ្លួន​ដែល​ធ្វើ​ឲ្យ​មាន​ការ​រិះគន់​យ៉ាង​ខ្លាំង​នេះ។

មេធាវីការពារ​ក្តី​ស្ត្រី ១៣ ​នាក់​ ក្នុង​សហគមន៍​បឹងកក់ លោក​ហម ស៊ុន​រិទ្ធ បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ កាល​ពី​ម្សិលមិញ​ថា តុលាការ​រាជធានី បាន​បញ្ជូន​សំណុំ​រឿង​របស់​កូន​ក្ដី​លោក ទៅ​កាន់​សាលា​ឧទ្ធរណ៍ ​កាល​ពី​ថ្ងៃ​អង្គារ។ ប៉ុន្តែ​លោក ​បញ្ជាក់​ថា មក​ទល់​ពេល​នេះ លោក​នៅ​មិន​ទាន់​ដឹង​ច្បាស់​ទេ​ថា តើ​​ប្រធាន​ក្រុម​ប្រឹក្សា​ចៅ​ក្រម​ដែល​ជំនុំ​ជម្រះ ក្នុង​សំណុំ​រឿង​របស់​កូន​ក្ដី​លោក​ ជា​អ្នក​ណា​នៅ​ឡើយ​ទេ​។

លោក​បាន​ថ្លែង​ថា៖ «យើង​នឹង​ដាក់​លិខិត ស្នើ​សុំ​ឲ្យ​កូន​ក្ដី​របស់​ខ្ញុំ​ទាំង​ ១៣ នាក់ បាន​នៅ​ក្រៅ​ឃុំ នៅ​ពេល​ដែល​ខ្ញុំ​ដឹង​ថា ចៅ​ក្រម​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ ក្នុង​សំណុំ​រឿង​នេះ​ជា​អ្នក​ណា​»។

លោក​យូ ប៊ុនឡេង​ ប្រធាន​សាលា​ឧទ្ធរណ៍ មិន​អាច​ទំនាក់​ទំនង​ សុំការ​អធិប្បាយ​បាន​ទេ​ កាលពី​ម្សិលមិញ។

កាលពី​ថ្ងៃ​ទី ​២៤ ខែ​ឧសភា កន្លង​មក​នេះ សាលា​ដំបូង​រាជធានី ​បាន​ធ្វើ​ការ​ជំនុំ​ជម្រះ​យ៉ាង​តក់​ក្រហល់ ទៅ​លើ​ស្ត្រី​អ្នក​ភូមិ​បឹងកក់​ចំនួន ១៣ ​នាក់​ និង​បាន​ផ្ដន្ទាទោស ​ឲ្យ​ជាប់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ​ពី​មួយ​ឆ្នាំ​ទៅ​ពីរ​ឆ្នាំ​កន្លះ ដោយ​ចោទ​ប្រកាន់​ពី​បទ​ប្រឆាំង​មន្ត្រី​សាធារណៈ និង​បទ​ទន្ទ្រាន​កាន់​កាប់​ដី​របស់​នីតិបុគ្គល​សាធារណៈ ក្នុង​តំបន់​បឹងកក់។ ក្នុង​ថ្ងៃ​ដដែល​នោះ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ចាប់​ខ្លួន​បុរស​ម្នាក់​ និង​ស្ត្រី​ម្នាក់ នៃ​សហគមន៍​នេះ នឹង​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស ដោយ​ចោទ​ប្រកាន់​ក្នុង​បទ​ដូច​គ្នា នឹង​ស្ត្រី​ទាំង ១៣​ ខាងលើ។​ ក្នុង​ចំណោម​អ្នក​ទាំង​នោះ ​មាន​ស្ត្រី​ ៦ នាក់ ​បាន​នាំ​គ្នា​ធ្វើ​កូដកម្ម​បង្អត់​អាហារ​ខ្លួន​ឯង នៅ​ក្នុង​ពន្ធនាគារ អស់​រយៈ​ពេល​បួន​ថ្ងៃ​ហើយ គិត​ត្រឹម​ថ្ងៃ​ពុធ​ម្សិលមិញ​ ហើយ​បច្ចុប្បន្ន សុខភាព​អ្នក​ទាំង​នោះ​មាន​សភាព​ទ្រុឌទ្រោម​ជា​ខ្លាំង ពិសេស​អ្នក​ស្រី​ឆេង លាភ។​ នេះ​បើ​តាម​ការ​អះអាង​របស់​ពល​រដ្ឋ​ម្នាក់ ដែល​បាន​ទៅ​សួរ​សុខទុក្ខ​អ្នក​ទាំង​នេះ ដល់​ពន្ធនាគារ​ព្រៃស កាល​ពី​ម្សិល​មិញ។

តំណាង​សហគមន៍​បឹងកក់ អ្នក​ស្រី​បូ ឆវី បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្រោយ​ពី​គាត់​ និង​អ្នក​ភូមិ​ប្រមាណ​ជាង ​៥០​នាក់ បាន​នាំ​គ្នា​យក​ញត្តិ​ ទៅ​ដាក់​នៅ​ស្ថានទូត​អាមេរិក និង​សហភាព​អឺរ៉ុប កាល​ពី​ម្សិល​មិញ ដើម្បី​ស្នើ​សុំ​អន្តរាគមន៍​ដោះ​លែង​សមាជិក​របស់​ពួក​គេ​ទាំង ​១៥ ​នាក់​ ឲ្យ​មាន​សេរីភាព​រួច គាត់​នឹង​អ្នក​ភូមិ​បីបួន​នាក់ ដែល​រួម​ទាំង​កុមារី​ម្នាក់ ​បាន​ទៅ​ពន្ធនាគារ​ព្រៃ​ស ដើម្បី​សួរសុខ​ទុក្ខ នឹង​ផ្ដល់​ដំណឹង​ល្អ​ដល់​អ្នក​ទាំង​១៥​នាក់​។

អ្នក​ស្រី​បាន​បន្ត​ថា ឆ្មាំ​ពន្ធនាគារ បាន​អនុញ្ញាត​ឲ្យ​គាត់​បាន​ជួប​អ្នក​ស្រី​ទេព វន្នី គង់​ ចាន់​ថា និង​អ្នក​ស្រី​ផាន់ ឈុន រ៉េត ចំណែក​ឯកុមារី ប៉ោ សុគុណ​កញ្ញា ដែល​ត្រូវ​ជាកូន​របស់​អ្នក​ស្រី​តុល​ ស្រី​ពៅ ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ជួប​ម្ដាយ​របស់​នាង និង​អ្នក​ភូមិ​ពីរ​នាក់​ផ្សេង​ទៀត។

អ្នក​ស្រី​ថ្លែង​ថា​៖«អ្នក​ទាំង​នោះ​ស្គម​ស្លេក​ស្លាំង​ និង​ខ្សោយ​កម្លាំង​ជាង​មុន ប៉ុន្តែ​ពួក​គេ​ នៅ​តែ​មិន​ព្រម​បញ្ឈប់​ការ​បង្អត់​អាហារ​ខ្លួន​ឯង​ឡើយ បើ​ទោះ​ជា​ខ្ញុំ​បាន​ខំ​អង្វរ​ឲ្យ​ពួក​គាត់​បញ្ឈប់​ក្ដី»។

អ្នក​ស្រី​បាន​បន្តថា លោក​ហ្សង់ ហ្វ្រង់ស័រ កូតាំង ឯក​អគ្គ​រដ្ឋ​ទូត និង​ជា​ប្រធាន​គណៈ​ប្រតិភូ​សហភាព​អឺរ៉ុប ​ប្រចាំ​ព្រះ​រាជា​ណាចក្រ​កម្ពុជា កាលពី​ម្សិលមិញ បាន​សន្យា​ថា​ នឹង​ជួយ​អន្តរាគមន៍​ ទៅ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ជួយ​ពិនិត្យ ​នឹង​ដោះស្រាយ សំណើ​សុំ​ឲ្យ​ដោះ​លែង​សមា​ជិក​របស់​ពួក​គេ​ ១៥ ឲ្យ​មាន​សេរីភាព​ឡើង​វិញ។

អ្នក​ស្រី​បាន​ថ្លែង​ថា៖ «លោក ហ្វ្រង់ស័រ កូតាំង បាន​ប្រាប់​ខ្ញុំ​ថា លោក​អាណិត​អាសូរ​ដល់​ពលរដ្ឋ​ក្នុង​សហគមន៍​បឹងកក់​យើង​ខ្ញុំ ពិសេស​អ្នក​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ទាំង ​១៥ ​នាក់​»។

លោក ហ្វ្រង់ស័រកូតាំង និង​មន្ត្រី​តំណាង សហគមន៍​អឺរ៉ុប មិន​អាច​ទាក់ទង​សុំ​ការ​ធ្វើ​អត្ថាធិប្បាយ​បាន​ឡើយ​កាល​ពី​ម្សិលមិញ​។

ស្ថាន​ទូត​អាមេរិក​បាន​បង្ហាញ​ការ​ព្រួយបារម្ភ​របស់​ខ្លួន​ចំពោះ​ការ​ចាប់​ឃុំ​ស្ត្រី​អ្នក​ភូមិ​បឹង​កក់​៕



This content has been locked. You can no longer post any comments.
Show/hide comments
busy