Headlines:

លោក Wouters និយាយ​អំពី​ដំណើរ​ការ​របស់​ក្រុមហ៊ុន​ស្ថាបត្យកម្ម Tengbom នៅ​កម្ពុជា

120614_04
អាកាសយានដ្ឋាន​អន្តរ​ជាតិ​ខេត្ត​សៀមរាប ផ្នែក​ខាង​ក្រៅ ត្រូវ​បាន​រចនា​ដោយក្រុម​ហ៊ុន​ The Room Design ។ សហការី

ភ្នំពេញៈ ក្រុមហ៊ុន​ឈាន​មុខ​គេ​ផ្នែក​ស្ថាបត្យ​កម្ម​ក្នុង​ប្លុក​ប្រទេស ​អឺរ៉ុប​ខាង​ជើង​បាន​ចុះ​ហត្ថលេខា​ជា​មួយ​ក្រុមហ៊ុន​ស្ថាបត្យកម្ម​ដែល​មាន ​មូល​ដ្ឋាន​នៅ​រាជធានី​ភ្នំពេញ​ដើម្បី​ពង្រឹង​វត្តមាន​របស់​ខ្លួន​នៅ​ ក្នុង​ប្រទេស​នេះ។

Tengbom គឺជា​ក្រុមហ៊ុន​ដ៏​ធំ​និង​ទទួល​ជោគ​ជ័យ​បំផុត​នៅ​លើ​ពិភពលោក​ផ្នែក​ ស្ថាបត្យកម្ម និង​នគរូបនីយកម្ម បាន​កំណត់​យក​ប្រទេស​កម្ពុជា​ជា​គោលដៅ​ចម្បង​ដើម្បី​ដោត​ទង់​របស់ ក្រុមហ៊ុន​ និង​ពង្រីក​ការ​រក​ស៊ី​ចូល​ប្រទេស​មួយ​នេះ និង​នៅ​ក្នុង​តំបន់​នេះ។

ក្រុមហ៊ុន​នេះ​បាន​ចុះ​ហត្ថលេខា​សហការ​ជាមួយ​ក្រុមហ៊ុន Room Design Studio នៅ​ភ្នំពេញ​ដែល​បង្កើត​ឡើង​ក្រុម​ស្ថាបត្យករ​ជន​ជាតិ​ស៊ុយអែត​មួយ​ក្រុម និង​បាន​ចាប់​ផ្តើម​អាជីវកម្ម​ចាប់​តាំង​ពី​ឆ្នាំ ២០០៨ មក​ដោយ​បាន​ផ្តល់​ការ​ងារ​ដល់​មនុស្ស​ប្រមាណ​១៥​នាក់​ផ្នែក​ស្ថាបត្យ​កម្ម និង​រចនា​តុបតែង​លម្អ​ផ្នែក​ខាង​ក្នុង។

លោក Bernard Wouters ប្រធាន​ក្រុមហ៊ុន The Room Design បាន​ថ្លែង​ថា លោក​រំភើប​ចំពោះ​ការ​ចង​សម្ព័ន្ធភាព​នេះ។ លោក​បាន​ថ្លែង​ថា៖​«បច្ចុប្បន្ន​នេះ ក្នុង​នាម​ជា​ក្រុមហ៊ុន​តូច​មួយ​វា​មិន​មែន​ជា​ការ​ងាយ​ស្រួល​ប៉ុន្មាន​ទេ​ ក្នុង​ការ​ផ្តល់​ទំនុក​ចិត្ត​ទៅ​ដល់​អតិថិជន​របស់​យើង។ ជា​និច្ចកាល គម្រោង​មួយ​អាច​តម្រូវ​ឲ្យ​មាន​ការ​ដាក់​ទុន​ច្រើន ហើយ​អតិថិជន​ចង់​ធានា​ថា យើង​អាច​ទទួល​គម្រោង និង​ទទួល​បាន​ជោគជ័យ​ដូច​ក្រុមហ៊ុន​ធំៗ​ផ្សេង​ៗ​ទៀត​»។

លោក Wouters បាន​បន្ត​ថា៖​«ដោយ​សារ​ក្រុមហ៊ុន Tengbom ជា​ក្រុមហ៊ុន​ធំ​ ដែល​មាន​បុគ្គលិក​ជាង​៥០០​នាក់ ដែល​តាម​ខ្ញុំ​គិត​ថា​ជា​ក្រុមហ៊ុន​លំដាប់​ថ្នាក់​លេខ ២៨ នៅ​លើ​ពិភព​លោក និង​ជា​ក្រុម​ហ៊ុន​មួយ​ដែល​គេ​មាន​​ទំនុក​ចិត្ត​ជា​ខ្លាំង។ ភ្នាក់ងារ​របស់​ក្រុម​ហ៊ុន​មាន​សមត្ថភាព​ទាក់ទាញ​អតិថិជន​ធំៗ ពី​ព្រោះ​ពួក​គេ​ដឹង​ថា នេះ​ជា​ក្រុមហ៊ុន​មួយ​ដ៏​ល្អ​បំផុត​ និង​មាន​ហានិភ័យ​ទាប»។

ក្រុមហ៊ុន Tengbom បាន​ហក់​ចូល​មក​រក​ស៊ី​នៅ​ទ្វីប​អាស៊ី​ជាច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​នៅ​ពេល​នេះ​ក្រុម​ហ៊ុន​កំពុង​មាន​បំណង​បង្កើន​ឥទ្ធិពល​របស់​ ខ្លួន​នៅ​កម្ពុជា​បន្ថែម​ទៀត​។ កាល​ពី​ឆ្នាំ​២០១១ ​ក្រុមហ៊ុន​ទទួល​បាន​រង្វាន់​ស្ថាបត្យកម្ម​ដ៏​មាន​កិត្យានុភាព​បំផុត​លើ​ ពិភព​លោក​មួយ​គឺ​ពាន​រង្វាន់​គម្រោង​អនាគត MIPIM សម្រាប់​គម្រោង​នគរូបនីយកម្ម​របស់​ក្រុមហ៊ុន​ប្រកប​ដោយ​ចីរភាព​នៅ ក្រុង​ទីហ៊្វូស៊ី​ដែល​ស្ថិត​នៅ​ខាង​ក្រៅ​ក្រុង​ស៊ាងហៃ ប្រទេស​ចិន។

លោក Wouters បាន​ថ្លែង​ថា​មាន​មូលហេតុ​ជា​ច្រើន​ដែល​ក្រុមហ៊ុន Tengbom ជ្រើសរើស​កម្ពុជា​ដើម្បី​កសាង​កេរ្តិ៍​ឈ្មោះ​របស់​ខ្លួន។ លោក​បាន​គូស​បញ្ជាក់​ថា៖​«ទី ១ ពួក​គេ​ពិត​ណាស់​ចង់​ពង្រីក​ចូល​ក្នុង​ទី​ផ្សារ​អាស៊ី ហើយ​ឈាន​ជើង​ចូល​ផ្ទាល់​ទៅ​ក្នុង​ទីផ្សារ​នោះ»។

ប្រធាន​ក្រុមហ៊ុន​រូប​នេះ​ក៏​បាន​ច្រាន​ចោល​គំនិត​ដែល​អះអាង​ថា ក្រុមហ៊ុន Tengbom បាន​ចូល​មក​កម្ពុជា​ដោយ​សារ​តែ​កម្រៃ​សេវាកម្ម​នៅ​ថោក​ចំពោះ​ការ​រក​ស៊ី​នៅ ក្នុង​ប្រទេស​នេះ។ លោក​បាន​បន្ត​ថា៖​«វា​មិន​ត្រឹម​ត្រូវ​ទេ​ដែល​គេ​អះអាង​ថា យើង​បាន​ផ្តល់​នូវ​កម្លាំង​ពលកម្ម​ក្នុង​តម្លៃ​ថោក​តែ​យើង​បាន​នាំ​ស្ថាបត្យ​ ករ​ក្រុមហ៊ុន Tengbom មក​កាន់​ទី​នេះ និង​នាំ​មក​នូវ​វប្បធម៌​ថ្មី​ដែល​ជា​តម្លៃ​បន្ថែម និង​ជា​ចំណុច​សម្រាប់​ការ​រៀន​សូត្រ​ទាំង​សម្រាប់​ជន​ជាតិ​ស៊ុយអែត​ដែល​មក​ ទី​នេះ ហើយ​យើង​សង្ឃឹម​ថា​ សម្រាប់​ពលរដ្ឋ​ខ្មែរ​ដែល​ទៅ​ប្រទេស​ស៊ុយអែត អាច​បង្កើត​ឲ្យ​មាន​នូវ​ទំនាក់​ទំនង​ទូលំ​ទូលាយ​ជាង​មុន​រវាង​ស្ថាបត្យកម្ម ​បែប​ស៊ុយអែត និង​បែប​ខ្មែរ​»។

លោក Wouters បាន​បន្ត​ថា វា​អាច​ជា​ឧបសគ្គ​មួយ​ក្នុង​ការ​ធ្វើ​ការ​នៅ​កម្ពុជា។ លោក​គូស​បញ្ជាក់​ថា វា​តម្រូវ​ឲ្យ​មាន​ជំនាញ និង​ចំណេះ​ដឹង​ច្រើន​ពី​របៀប​ដែល​ទីផ្សារ​ក្នុង​ស្រុក​ដំណើរ​ការ វា​មាន​របត់​ដែល​លោក​ត្រូវ​តែ​រៀន​សូត្រ​នៅ​ទី​នេះ ហើយ​វា​មាន​ដែន​កំណត់​មួយ​ចំនួន​លើ​អ្វី​ដែល​លោក​អាច​ធ្វើ​បាន។

លោក Viking មក​ពី​ក្រុមហ៊ុន Tengbom បាន​ថ្លែង​ថា ក្រុមហ៊ុន​នឹង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ប្រទេស​កម្ពុជា​សម្រាប់​ ថ្ងៃ​អនាគត​ដ៏​ខ្លី​ខាង​មុខ។ លោក​គូស​បញ្ជាក់​ថា៖​«យើង​ត្រូវ​ការ​ពេលវេលា​រួប​រួម​គ្នា ហើយ​គម្រោង​ជាមួយ​ក្រុមហ៊ុន The Room Design នេះ​ជា​ការ​ផ្តោត​យក​ចិត្ត​ទុក​ដាក់​ដ៏​ខ្លាំង​របស់​យើង​នា​ពេល​បច្ចុប្បន្ន ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង ហើយ​អ្នក​គ្រប់​គ្នា​មាន​ការ​រំភើប​យ៉ាង​ខ្លាំង​​ចំពោះ​គម្រោង​នេះ។ កម្ពុជា​ជា​ប្រទេស​ដ៏​អស្ចារ្យ​ដែល​មាន​មនុស្ស​​ពិសេស​ៗ ហើយ​មក​ដល់​ពេល​នេះ អ្វី​គ្រប់​យ៉ាង​គឺ​វា​សម​ដូច​ការ​រំពឹង​ទុក​របស់​ខ្ញុំ​ទាំង​អស់​។ ខ្ញុំ​មាន​អារម្មណ៍​សុទិដ្ឋិ​និយម​យ៉ាង​ខ្លាំង​​ជា​មួយ​នឹង​​គម្រោង​មួយ នេះ»៕ CR