ភ្នំពេញៈ អ្នកប្រដាល់មកពីសមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ ពៅ ស័ក្តិសិទិ្ធ បានអះអាងថា ការជួបអ្នកប្រដាល់ចិត្តតូច វង្ស ស៊ីតោ របស់ក្លិបកងពលតូចលេខ៧០ នៅលើសង្វៀនប៉ុស្តិ៍លេខ៣ នាល្ងាចថ្ងៃសៅរ៍ទី១៦ ខែមិថុនា ចុងសប្តាហ៍នេះ រូបគេបានត្រៀមលក្ខណៈប្រកួតបានយ៉ាងល្អ ដើម្បីរក្សាជ័យជម្នះរបស់ខ្លួនជាបន្តទៀត។
គួររំឭកថា កីឡាករទម្ងន់៦៩គីឡូក្រាម ពៅ ស័ក្តិសិទ្ធិ និង វង្ស ស៊ីតោ ធ្លាប់ជួបគ្នាចំនួន២ដងមកហើយ។
ក្នុងជំនួបលើកទី១ ស័ក្តិសិទិ្ធ បានផ្តល់មេរៀនយ៉ាងជូរចត់ដល់ ស៊ីតោ តាមរយៈគេផ្តូលឲ្យ ស៊ីតោ សន្លប់ធំនៅត្រឹមទឹកទី៣ គឺមុនពេលរូបគេបានយកឈ្នះពិន្ទុ ស៊ីតោ សម្រាប់ការជួបគ្នាជាលើកទី២ នៅលើសង្វៀនទូរទស្សន៍ស៊ីធីអិន កាលពីដើមខែឧសភា កន្លងមកនេះ។
ដោយឡែកសម្រាប់ការជួបគ្នាជាលើកទី៣នេះ ពៅ ស័ក្តិសិទិ្ធ បាននិយាយថា៖«វាអត់មានបញ្ហាអ្វីនោះទេ សម្រាប់ការប្រកួតលើកនេះ។ ផ្ទុយទៅវិញផ្អែកលើការព្យាយាមហ្វឹកហាត់របស់ខ្ញុំរយៈពេលចុង ក្រោយនេះ ខ្ញុំមានជំនឿជាក់ថា ខ្ញុំអាចរក្សាជ័យជម្នះរបស់ខ្ញុំបាន ដ្បិតអី ក្បាច់ប្រយុទ្ធរបស់គេអត់អ្វីធ្វើឲ្យខ្ញុំព្រួយបារម្ភនោះទេ។ ខ្ញុំស្គាល់ស្នៀតរបស់ ស៊ីតោ អស់ហើយ ហើយខ្ញុំក៏ធ្លាប់បានយកឈ្នះលើរូបគេ២ដងមកហើយដែរ»។
ការជួបគ្នាជាលើកទី២ នៅសង្វៀនស៊ីធីអិនកន្លងមក ពៅ ស័ក្តិសិទ្ធិ ហាក់មានចេតនាបន្ធូរដៃឲ្យ វង្ស ស៊ីតោ សម្រាប់ការប្រកួត៣ទឹកដំបូង គឺមុនពេលរូបគេបានបើកការវាយលុកយកឈ្នះពិន្ទុ ស៊ីតោ នៅ២ទឹកចុងក្រោយ ហើយកត្តានេះត្រូវបានមហាជនលើកឡើងថា ដោយសារពួកគេមានមនោសញ្ចេតនាស៊ីជម្រៅក្នុងនាមជាមិត្តសម្លាញ់ នឹងគ្នា។
ទាក់ទងទៅនឹងការលើកនេះ ពៅ ស័ក្តិសិទិ្ធ ដែលធ្លាប់ប្រកួតបានចំនួន៦០ដង ឈ្នះ៤១ ចាញ់១៦ ស្មើ៣ និងធ្លាប់ផ្តួលដៃគូឲ្យសន្លប់នៅលើសង្វៀនចំនួន១៤ដងនោះ បានបញ្ជាក់ថា៖«ពិតណាស់យើងជាមិត្តភក្តិនឹងគ្នា ប៉ុន្តែនៅពេលឡើងដល់លើសង្វៀនហើយនោះ យើងមិនអាចយកមនោសញ្ចេតនាមកនិយាយបាននោះទេ។ យើងត្រូវទុកចំណងមិត្តភាពមួយឡែកសិន ហើយត្រូវខំប្រឹងប្រែងប្រកួតឲ្យអស់សមត្ថភាព ទៅតាមអ្វីដែលម្ចាស់កម្មវិធី និងអ្នកទស្សនាចង់បាន»។
ចំណែក វង្ស ស៊ីតោ ដែលធ្លាប់ប្រកួតបាន៥២ដង ឈ្នះ៣២ ចាញ់១៧ ស្មើ៣ និងធ្លាប់ផ្តួលគូប្រកួតឲ្យសន្លប់១៩ដងនោះ បាននិយាយថា៖«មួយរយៈចុងក្រោយនេះ ខ្ញុំជាប់រវល់បើកឡានដឹកគេទៅតាមខេត្ត ក្នុងតួនាទីជាពលទាហានរបស់ខ្ញុំ ហេតុនេះការហ្វឹកហាត់របស់ខ្ញុំមិនសូវបានពេញលេញនោះទេ ម្ល៉ោះហើយការប្រកួតលើកនេះ ខ្ញុំមិនទាន់ហ៊ានព្យាករណ៍ពីលទ្ធផលនោះទេ ហេតុនេះនៅពេលដល់ពេលប្រកួតទើបដឹងច្បាស់ទាំងអស់គ្នា»។
ស្រដៀងគ្នានេះដែរ លោក ទេស សារិន ដែលជាគ្រូបង្វឹក របស់ វង្ស ស៊ីតោ បានប្រាប់ឲ្យដឹងកាលពីថ្ងៃម្សិលមិញដែរថា៖«ស៊ីតោ រវល់តែបើកឡានឲ្យគេទៅខេត្តបាត់ដំបង ហើយគេទើបត្រឡប់មកហ្វឹកហាត់នៅក្នុងក្លិបបាន២ថ្ងៃទេ ហេតុនេះហើយការប្រកួតលើកនេះ ខ្ញុំមិនហ៊ានវាយតម្លៃពីការប្រកួតរបស់គេលើកនេះនោះទេ»៕
ភ្នំពេញ ប៉ុស្តិ៍

