ព្រះវិហារៈ ដោយផ្អែកលើការរុករកស្រាវជ្រាវនៅតាមបណ្តាខេត្តមួយចំនួនភាគខាង ជើងប្រទេស អ្នកស្រាវជ្រាវបានឲ្យដឹងថា គំនរអាចម៍ដែកជាច្រើនកន្លែងធំៗត្រូវបានពើបប្រទះ។ សំណល់គំនរអាចម៍ដែកវាតទីលើទំហំដីធំធេង និងមានកម្ពស់ខ្ពស់ៗទាំងនោះ ត្រូវបានអ្នកស្រាវជ្រាវសន្និដ្ឋានថា ជាកន្លែងផលិតដែក និងវត្ថុធាតុពីដែកដ៏ធំសម្រាប់បំពេញតម្រូវការប្រើប្រាស់នា សម័យបុរាណ ហើយទ្រង់ទ្រាយនោះអាចជាឧស្សាហកម្មផលិតដែកសម្រាប់នាំចេញទៅក្រៅ ប្រទេសរបស់កម្ពុជាផងដែរ។
តាមរយៈកំណាយបុរាណវិទ្យា ដែលធ្វើឡើងដោយអ្នកស្រាវជ្រាវបារាំង ខ្មែរ បានរកឃើញថា មនុស្សនៅលើដីខ្មែរចេះប្រើប្រាស់ដែកតាំងពីច្រើនពាន់ឆ្នាំមុន គ្រិស្ដសករាជ ឬ តាំងពីបុរេប្រវត្តិសាស្រ្តខ្មែរមកម្ល៉េះ។ ស្ថានីយដែលអ្នកស្រាវជ្រាវទាំងនោះរកឃើញ មានដូចជាស្ថានីយសំរោងសែន ខេត្តកំពង់ឆ្នាំង ម្លូព្រៃ ខេត្តព្រះវិហារ ភូមិមូល ឬ បន្ទាយគូ ខេត្តកំពង់ចាម ភូមិស្នាយ ខេត្តបន្ទាយមានជ័យ និងស្ថានីយព្រហារ ខេត្តព្រៃវែង ជាដើម។
ការធ្វើកំណាយទាំងនោះបានរកឃើញឧបករណ៍ធ្វើពីលោហៈជាច្រើនដូចជា ដុំអាចម៍ដែក ក្បាលព្រួញ កណ្ដៀវ គ្រឿងអលង្ការ អាវុធ ដាវ កាំបិត ព្រួញ កងដៃ កងជើង និងវត្ថុប្រើប្រាស់ផ្សេងៗជាដើម។
លោក ធុយ ចាន់ធួន អ្នកជំនាញផ្នែកបុរាណវិទ្យា នៅរាជបណ្ឌិត្យសភាកម្ពុជា បានរកឃើញគំនរអាចម៍ដែកដ៏ធំៗជាច្រើនកន្លែងក្នុងខេត្តកំពង់ធំ និងព្រះវិហារ នៅក្នុងអំឡុងចុងឆ្នាំ២០០៩។ តាមរយៈការសិក្សាស្រាវជ្រាវនោះ លោកសន្និដ្ឋានថា ខេត្តទាំងពីរនោះអាចជាកន្លែងស្លរ៉ែដែកដ៏ធំនៅក្នុងប្រទេសនា សម័យនោះ ដើម្បីផលិតដែកសម្រាប់បម្រើសេចក្ដីត្រូវការនានានៅក្នុងសង្គម ហើយយោងទៅតាមទំហំនៃសំណល់អាចម៍ដែកទាំងនោះ ការផលិតដែកនៅកន្លែងទាំងប៉ុន្មានមិនមែនជាអាជីវកម្មធម្មតានោះ ឡើយ ពោលគឺអាចជាកន្លែងឧស្សាហកម្មផលិតដែកដ៏ធំរបស់ខ្មែរនាសម័យនោះ ផងដែរ។
អ្នកជំនាញផ្នែកបុរាណវិទ្យារូបនោះមានប្រសាសន៍ថា៖ «កន្លែងស្លដែកធំជាងគេដែលខ្ញុំបានរកឃើញនោះ ស្ថិតក្នុងខេត្តព្រះវិហារ ហើយទីតាំងនោះ ក៏អាចជាឧស្សាហកម្មផលិតដែកធំជាងគេបង្អស់របស់ខ្មែរកាលពីអតីត កាលផងដែរ»។
ខេត្តព្រះវិហារ មានគំនរអាចម៍ដែកជាច្រើនកន្លែង ដែលបានបន្សល់ទុករហូតមកទល់នឹងសព្វថ្ងៃ។ បរិវេណសំណល់ទាំងនោះ កន្លែងខ្លះ គំនរអាចម៍ដែកមានកម្ពស់រហូតដល់ជាង១០ម៉ែត្រក៏មាន។ ចំពោះផ្ទៃដីមានគំនរអាចម៍ដែកនៅសល់ ដែលលោកទើបតែស្រាវជ្រាវរកឃើញបានមួយចំនួននោះ ឃើញថា មានទំហំប្រហែល៣៦គីឡូម៉ែត្រក្រឡា ដែលស្ថិតក្នុងស្រុកសង្គមថ្មី ស្រុករវៀង ស្រុកជ័យសែន និងស្រុកឆែប ជាដើម ។ ស្រុកទាំងនេះ មានទីតាំងស្ថិតនៅក្នុងទឹកដីខេត្តព្រះវិហារនាពេលបច្ចុប្បន្ននេះ ។
ក្រៅពីនោះ ការស្រាវជ្រាវក៏បានរកឃើញគំនរអាចម៍ដែកមួយចំនួនផ្សេងទៀតនៅ ក្នុងខេត្តសៀមរាប និងភាគខាងលិចទន្លេមេគង្គរបស់ខេត្តស្ទឹងត្រែងផងដែរ។
ថ្មីៗនេះលោក ចាន់ធួន ក៏បានរកឃើញទីតាំងឧស្សាហកម្មឡស្លដែកបុរាណដ៏ធំមួយទៀតស្ថិត ក្នុងព្រៃជ្រៅក្នុងភូមិចារថ្មី ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ស្ថានីយនេះមានទីតាំងស្ថិតនៅភាគខាងកើតភ្នំដែក ចន្លោះស្រុកអន្លង់វែង និងស្រុកសំរោងរបស់ខេត្តឧត្តរមានជ័យ។ ស្ថានីយនោះមានទួលគំនរអាចម៍ដែក ចំនួន៩ទីតាំងជាប់ៗគ្នានៅលើទីតាំងនោះមានបន្សល់នូវ តាឡែក (បំពង់ផ្លុំខ្យល់សម្រាប់បញ្ឆេះរ៉ែដែក) រ៉ែដែក និងសំណល់ភស្តុតាងផ្សេងៗជាច្រើនទៀត។ គំនរនីមួយៗមានទំហំប្រមាណ២០ទៅ៣០ម៉ែត្រ បួនជ្រុងកម្ពស់ពី០,៥០ម៉ែត្រ ទៅ៤ម៉ែត្រ គ្របដណ្ដប់ដោយព្រៃក្រាស់។ គំនរសំណល់ដែកបុរាណទាំងអស់នោះជាភស្តុតាងបញ្ជាក់ថា ដែកជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គមនាសម័យនោះ។
អ្នកជំនាញផ្នែកបុរាណវិទ្យារូបនេះបានបន្ថែមថា តាមរយៈកម្ពស់គំនរអាចម៍ដែកដែលនៅសល់ និងផ្ទៃដីដែលមានគំនរអាចម៍ដែកនោះ នាំឱ្យលោកអាចសន្និ-ដ្ឋានបានទៀតថា ទាល់តែប្រើកម្លាំងមនុស្សរាប់ពាន់នាក់នៅក្នុងការដឹកជញ្ជូន និងផលិតទើបមានគំនរអាចម៍ដែកសល់ជាច្រើនបែបនេះ។
លោកមានប្រសាសន៍ថា៖ «បើប្រើកម្លាំងមនុស្ស រាប់ពាន់នាក់បែបនេះ វាមិនមែនជាសិប្បកម្មទេ ហេតុនេះយើងអាចសន្មតថា វាប្រហែលជាតំបន់ឧស្សាហកម្មផលិតដែកនៅក្នុងសម័យបុរាណ ហើយការផលិតនេះ ប្រហែលជាអាចនាំចេញទៅបរទេសទៀតផង»។
គួរបញ្ជាក់ថា តាមរយៈការស្រាវជ្រាវកន្លងមករកឃើញថា នៅទូទាំងប្រទេសកម្ពុជា មានទីតាំងដែលអាចជាកន្លែងឡស្លដែកប្រហែលជាង១០០កន្លែង ប៉ុន្តែព្រះវិហារជាខេត្តមានសំណល់អាចម៍ដែកច្រើនជាងតំបន់ដទៃ ទាំងអស់។
ទន្ទឹមនឹងនោះលោក យាង វីរៈបុត្រ អ្នកជំនាញភាសាវិទ្យា និងសិលាចារឹក ក៏បានលើកឡើងពីការយល់ស្របចំពោះការរកឃើញគំនរអាចម៍ដែកនៅតាម បណ្តាខេត្តទាំងនោះថា កន្លែងផលិតឧបករណ៍ប្រើប្រាស់អំពីដែកដ៏សំខាន់សម្រាប់បំពេញនូវរាល់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនាសម័យនោះផង។
លោកមានប្រសាសន៍ថា៖ «ជាការពិត កន្លែងទាំងនោះជាកន្លែងផលិតឧបករណ៍ និងសម្ភារប្រើប្រាស់នានារបស់ខ្មែរនាសម័យបុរាណ មានដូចជាកាំបិត ព្រួញ ស្នា និងរបស់របរជាច្រើនទៀត ដូចដែលយើងបានឃើញតឹកតាងស្រាប់នៅតាមជញ្ជាំងប្រាសាទបុរាណខ្មែរ»៕
(អ៊ុំ វ៉ុន មន្ត្រីស្រាវជ្រាវ នៅរាជបណ្ឌិត្យសភាកម្ពុជា)
ភ្នំពេញ ប៉ុស្តិ៍







