Headlines:

តើ​សុខភាព និង​លុយ មួយ​ណា​សំខាន់​ជាង?

120620_lift06

សុខភាព និង ការ​ងារ​ សុទ្ធ​តែ​ជារឿង​សំខាន់​ដើម្បី​ឲ្យ​មនុស្ស​ទទួល​បាន​ភាព​ជោគជ័យ​ក្នុង​ ជីវិត។ បើ​សិន​ជា​សុខភាព​មិន​ល្អ លទ្ធផល​នៃ​ការសិក្សា និង​ការងារ​ក៏​ធ្លាក់​ចុះ​ទៅ​តាម​នោះ​ដែរ​។ ដូច្នេះ​ហើយ​ វា​ជារឿង​ចាំបាច់​បំផុត​ក្នុង​នាម​ជា​យុវវ័យ​ដែល​កំពុង​តែ​មមាញឹក​ចំពោះ​ការ​ សិក្សា​ និង​ការងារ ឲ្យ​ចេះ​លៃ​លក​ចំពោះ​ពេល​វេលា​ចំពោះ​កត្តា​ទាំង​២ និង​ថែទាំ​សុខភាព​ឲ្យ​ដើរ​ទន្ទឹម​គ្នា និង​ដើម្បី​ចៀស​វាង​ជំងឺ​ដែល​អាច​ជួប​ប្រទះ​នា​ពេល​ខាង​មុខ។​ ដោយ​បច្ចុប្បន្ន​នេះ អ្នក​ដែល​សិក្សា​ និង​ធ្វើ​ការ​ងារ​គ្មាន​ពេល​ម៉ោង​កំណត់​ច្បាស់​លាស់​ ប្រឈម​មុខ​នឹង​ជំងឺ​មួយ​ចំនួន​។

បើ​យោង​ទៅ​តាម​ លោក ដួង តារារិទ្ធ ជា​អតីត​វេជ្ជបណ្ឌិត​នៃ​មន្ទីរពេទ្យ​មិត្ត​ភាព​សូវៀត និង​បច្ចុប្បន្ន​ជា​សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្រ្ត​ សុខាភិបាល​ បាន​ពន្យល់​ថា នា​ពេល​បច្ចុប្បន្ន​លោក​សង្កេត​ឃើញ​ថា​ ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល​កំពុង​តែ​មាន​ការ​កើន​ឡើង​ក្នុង​ ប្រទេស​កម្ពុជា​ ដែល​បញ្ហា​នោះ​កើត​មាន​ឡើង​បណ្តាល​មក​ពី​បញ្ហា​គួប​ផ្សំ​ដូច​ជា​ការ​តស៊ូ​ នឹង​ការងារ​ច្រើន​ដោយ​មិន​មាន​ពេល​សម្រាក​គ្រប់គ្រាន់ បញ្ហាស្រេ្តស​នៃ​ការងារ ឬ​ក៏​គ្រួសារ​ និង​បញ្ហា​លើស​ឈាម​ដែល​វា​ស្តែង​​ឡើង​តាម​រយៈ​ជីវភាព​ក្រីក្រ ហូបចុក​មិន​សម​ស្រប ដូចជា​ការ​បរិភោគ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន​ជាដើម។​

លោក តារារិទ្ធ បញ្ជាក់​ទៀត​ថា៖ «ក្នុង​នោះ​ការ​អង្គុយ​ធ្វើ​ការ​ច្រើន​នៅ​ក្នុង​ការិយាល័យ​ ក៏​ជា​ហេតុ​ចម្បង​ដែល​នាំ​ឲ្យ​កើត​បញ្ហា​ឈឺ​ក្រពះ​ផង​ដែរ​»។​

ចំណែកឯ​លោក កែវ ច័ន្ទ​សុធា​ វ័យ​៣១​ឆ្នាំ ជា​បុគ្គលិក​នៃ​ក្រុមហ៊ុន​ Cellcard​ បាន​និយាយ​ពី​បទពិសោធ​ដែល​លោក​ធ្លាប់​ជួប​ប្រទះ​នៅ​ពេល​ដែល​លោក​ខិត​ ខំ​ធ្វើ​ការ​ងារ​ច្រើន​ម៉ោង​ថា លោក​តែង​តែ​មាន​អារម្មណ៍​ស្ដ្រេស​ និង​ឈឺ​ក្បាល​។​ លោក​បន្ត​ថា លោក​ធ្លាប់​កើត​ជំងឺ​ក្រពះ​កាល​ពី​នៅ​សិក្សា​ ពីព្រោះ​លោក​ខិតខំ​រៀន​ពេល​យប់​ពេក​ និង​បរិភោគ​មិន​ទៀង​ពេលវេលា តែ​មក​ទល់​ពេល​នេះ លោក​ពុំ​សូវ​ជួប​ប្រទះ​បញ្ហា​ផ្នែក​សុខភាព​នោះ​ទេ​។ ​

លោក​ សុធា​ បាន​ប្រាប់​ឲ្យ​ដឹង​ថា៖ «នៅ​ពេល​ដែល​ខ្ញុំ​ធ្វើ​ការ​ងារ​ច្រើន​ពេក​ និង​មិន​អាច​បញ្ចប់​ទាន់​ពេលវេលា ខ្ញុំ​តែងតែ​មាន​អារម្មណ៍​មួម៉ៅ។​ បើ​ធ្វើ​ការ​ដល់​យប់​ជ្រៅ​ វា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​កើត​ស្ដ្រេស និង​អត់​ស្រឡះ​ក្នុង​ខ្លួន​ទេ»។​

យ៉ាងណាមិញ ការ​ខិត​ខំ​ប្រឹងប្រែង​ធ្វើ​ការ​ហួស​ហេតុ​ដោយ​មិន​បាន​គិត​ដល់​សុខភាព ​វា​មិន​ត្រឹម​តែ​អាច​ជះ​ឥទ្ធិពល​ដល់​បញ្ហា​ផ្លូវ​កាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បញ្ហា​ផ្លូវ​ចិត្ត​ក៏​អាច​ទទួល​រង​ផល​ប៉ះពាល់​អវិជ្ជមាន​ផង​ដែរ។

ជាក់​ស្តែង​ លោក ខាន់ សារ៉េត ជា​សាស្រ្ដាចារ្យ​ឯកទេស​ចិត្ត​វិទ្យាគ្លីនិក និង​ទីប្រឹក្សា​ផ្លូវ​ចិត្ត​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ បាន​និយាយ​ថា កាល​ដែល​មនុស្ស​ធ្វើ​ការងារ​ច្រើន​ នោះ​ទំនួល​ខុស​ត្រូវ​ក៏​ច្រើន​ វា​ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គេ​មាន​ភាព​តានតឹង​ក្នុង​ចិត្ត​ធ្ងន់ធ្ងរ​ជាង​ អ្វី​ៗ​ទាំងអស់​ ខណៈ​ពេល​ដែល​ពួក​គាត់​គ្មាន​ពេលវលា​សម្រាក និង​ទទួល​ទាន​គ្រប់គ្រាន់ ពួក​គេ​ងាយ​ប្រឈម​នឹង​បញ្ហា​ផ្លូវ​ចិត្ត។​

លោក សារ៉េត បាន​រៀបរាប់​ពី​រោគ​សញ្ញា​ត្រួសៗ​ថា ជំងឺ​ផ្លូវ​ចិត្ត​អាច​បង្ហាញ​ឲ្យ​ឃើញ​តាម​រយៈ​មុខ​សញ្ញា​មួយ​ចំនួន ​ដូចជា មាន​អារម្មណ៍​ឆេវឆាវ ឆាប់​ខឹង មាន​បញ្ហា​ដំណេក​ សម្ពាធ​ឈាម​ឡើង​ខ្ពស់​ ឈឺ​ក្បាល​ និង​ស្ដី​បន្ទោស​ខ្លួន​ឯង​ជាដើម​។

លោក​ សារ៉េត​ បាន​បកស្រាយ​ថា៖ «ជំងឺ​ផ្លូវ​ចិត្ត​ មិន​ខុស​ជំងឺ​ផ្លូវ​កាយ​ទេ បើ​ទុក​យូរ​វា​អាច​នឹង​ធ្ងន់ធ្ងរ​ដោយ​ប្រែ​ក្លាយ​ទៅ​ជា​ជំងឺ​រ៉ាំរ៉ៃ​ ហើយ​ពេល​ខ្លះ​អាច​ឈាន​កើត​ជា​រោគ​ធ្លាក់​ទឹក​ចិត្ត​ និង​សម្លាប់​ខ្លួន​ទៀត។​ ការ​ចេះ​គ្រប់​គ្រង​ពេលវេលា និង​ការ​ពិចារណា​បាន​ល្អ គឺជា​វិធីសាស្រ្ត​ក្នុង​ការ​កាត់​បន្ថយ​ស្ដ្រេស ហើយ​បើ​យើង​ដឹង​ថា​មាន​ជំងឺ​ទាក់ទង​នឹង​ផ្លូវ​ចិត្ត​ គួរ​តែ​ទៅ​ជួប​អ្នក​ជំនាញ​ជា​បន្ទាន់»។

ទោះ​ជា​យ៉ាង​នេះក្តី ក៏​មាន​វិធី​សាស្រ្ត​ជាច្រើន​ដែល​អាច​ឲ្យ​យើង​គេច​ផុត​ពី​បញ្ហា​ទាំង​នោះ​ បាន​ តាម​រយៈ​ការ​បង្កើត​កាល​វិភាគ​ប្រចាំ​ខ្លួន​ដែល​បែង​ចែក​ពេលវេលា​ធ្វើ​ ការ និង​ពេលវេលា​លម្ហែ​កាយ​ផ្ទាល់​ខ្លួន​ជាដើម​។​ ដោយ​ឡែក លោក សុធា ក៏​បាន​ប្រាប់​ពី​វិធីសាស្រ្ត​ដែល​លោក​តែង​តែ​ធ្វើ​ដើម្បី​ចៀស​វាង​ បញ្ហា​ប៉ះពាល់​ដល់​សុខភាព​ថា ​លោក​ត្រូវ​តែ​កំណត់​ពេលវេលា​ធ្វើ​ការងារ​ឲ្យ​បាន​ច្បាស់​ ថា​តើ​លោក​អាច​ស៊ូ​បាន​ប៉ុន្មាន​ម៉ោង? ហើយ​រាល់​ពេល​ដែល​លោក​បញ្ចប់​ការងារ ​តើ​លោក​ត្រូវ​ការ​ពេលវេលា​សម្រាក​ប៉ុន្មាន​ម៉ោង​? បើ​មិន​ដូច្នោះ​ទេ លោក​ត្រូវ​តែ​ឆ្លៀត​ពេល​ហាត់ប្រាណ។

លោក សុធា បាន​ប្រាប់​ពី​បទពិសោធ​របស់​ខ្លួន​ទៀត​ថា៖ «ការ​ស្តាប់​ចម្រៀង​នៅ​ពេល​ដែល​នឿយហត់ គឺគ្មាន​ប្រសិទ្ធភាព​ទេ​ចំពោះ​ខ្ញុំ ​ប៉ុន្ដែ​ខ្ញុំ​ចូល​ចិត្ត​និយាយ​លេង​សើច​ច្រើន​ជាមួយ​អ្នក​ដទៃ និង​មិន​ព្យាយាម​​គិត​ខ្លាំង​ពេក​»។

រីឯ​កញ្ញា​ ម៉ី ចាន់ធី ជាមន្រ្តី​ផ្នែក​គ្រប់​គ្រង​ធនធាន​មនុស្ស​ នៃ​សណ្ឋាគារ Hotel de la Paix បាន​និយាយ​ប្រាប់​ពី​ទ្រឹស្តី​៣​យ៉ាង​របស់​ខ្លួន​ក្នុង​ការ​ថែរក្សា សុខភាព​ថា ដំបូង​គឺ​ផ្ដើម​ចេញ​ពី​ខ្លួន​ឯង​ផ្ទាល់​ ទី២ កត្តា​ផ្លូវ​ចិត្ត ដូច​ជា​អារម្មណ៍​ស្ដ្រេស​ ឬ​ការ​មិន​សប្បាយ​ចិត្ត​ និង ចុង​ក្រោយ របប​អាហារ និង​ការ​កម្សាន្ត។​ កញ្ញា​បាន​បន្ត​ថា ទោះបីជា​កញ្ញា​មាន​ទ្រឹស្តី​ប្រចាំ​ខ្លួន​យ៉ាង​នេះក៏​ដោយ ក៏​កញ្ញា​ទទួល​ស្គាល់​ថា ​គ្មាន​នរណា​អាច​អនុវត្ដ​តាម​ទ្រឹស្ដី​បាន​១០០​ភាគរយ​នោះ​ទេ។

ថ្វី​ដ្បិត​តែ​ការងារ​រវល់​យ៉ាង​ណា​ក៏​ដោយ ក៏​កញ្ញា​ ចាន់​ធី មិន​ធ្វេស​ប្រហែសចំពោះ​សុខ​ភាព​នោះ​ទេ​។ កញ្ញា​ ​បាន​និយាយ​ថា៖ «​តុល្យភាព​រវាង​ការងារ​ និង​ពេលវេលា​សម្រាក ជា​សេចក្តី​ត្រូវ​ការ​ដ៏​ចាំបាច់​របស់​មនុស្ស​គ្រប់​រូប ហើយ​បើ​សិន​ជា​ជីវិត​មិន​មាន​តុល្យភាព​នោះ​ទេ យើង​នឹង​ជួប​វិបត្តិ​ស្មុគស្មាញ​ជា​ច្រើន ដូច​ជា​ ការ​ខាត​បង់​ថវិកា បញ្ហា​សុខភាព​ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ដ​ ​ព្រម​ទាំង​ការ​បែក​បាក់​ទំនាក់​ទំនងមិត្ត​ភាព​ជាដើម»៕