Headlines:

«សំណោក​ជីវិត»លាត​ត្រដាង​ភាព​ឈឺ​ចាប់​ក្នុង​សង្គម​ខ្មែរ

120621_21a
សកម្ម​ភាព​សម្តែង​ឈុត​មួយ​នៅ​ក្នុង​រឿង «​សំណោក​ជីវិត» របស់​អ្នក​និពន្ធ ព្រាម ណាក់​។ រូបថត សហ​ការី

ភ្នំពេញៈ ភាពយន្ត​របស់​ខ្មែរ​ភាគ​ច្រើន​ ដែល​ផលិត​ដោយ​ផលិតកម្ម​ក្តី ឬ ​ស្ថានីយ​ទូរទស្សន៍​ក្តី គឺ​សុទ្ធ​តែ​ផ្តោត​លើ​រឿង​ស្នេហា​ ឬ រឿង​ខ្មោច​។ ចំណែក​រឿង​ដែល​ឆ្លុះ​បញ្ចាំង​ពី​សង្គម​នាពេល​បច្ចុប្បន្ន​វិញ គឺ​ត្រូវ​បាន​គេ​សង្គេត​ឃើញ​ថា ​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​ដើរ​តួនាទី​យ៉ាង​ខ្លាំង​ក្នុង​ការ​ផលិត​ រឿង​ទាំង​នោះ។ ថ្មីៗ​នេះ​ ស្ថាប័ន​ក្រៅ​រដ្ឋាភិបាល​មួយ​ដែល​មាន​ឈ្មោះ​ថា សមាគម​វិចិត្រ​សិល្ប:​ បាន​ផលិត​ខ្សែ​ភាពយន្ត​មួយ​មាន​ចំណង​ជើង​ថា «សំណោក​ជីវិត» ដើម្បី​ឆ្លុះ​បញ្ចាំង​អំពី​សង្គម​ខ្មែរ។​

ស្ថិត​ក្នុង​វ័យ​៣១​ឆ្នាំ​ លោក​ព្រាម​ ណាក់​ ជា​អ្នក​សម្តែង​ល្ខោន​និយាយ​ដែល​បាន​ទទួល​ការ​សិក្សា​ផ្នែក​សិល្ប:ពី​ សាកលវិទ្យល័យ​ភូមិន្ទវិចិត្រ​សិល្ប:​ បាន​ផ្លោះ​ពី​ការ​ផលិត​រឿង​ល្ខោន​និយាយ ដែល​សម្តែង​អំពីការ​បោះឆ្នោត និង​ពន្យល់​ប្រជាជន​អំពី​ប្រព័ន្ធ​វិមជ្ឈការ​ ទៅ​និពន្ធ​ខ្សែ​ភាពយន្ត​«សំណោក​​ជីវិត»​ដែល​មាន​ប្រវែង​១០០​នាទី​ ដើម្បី​ពញ្ញាក់​ដល់​ប្រជា​ជន​ទូទៅ​អំពី​បញ្ហា​សង្គម​នា​ពេល​បច្ចុប្បន្ន។

លោក​ថ្លែង​ថា៖​«យើង​ផលិត​រឿង​សំណោក​ជីវិត​នេះ​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​បញ្ហា​ការ​រំលោភ​សិទ្ធិ​កុមារ ការ​បំបែក​បំបាក់​ស្នេហា​ដែល​ស្មោះត្រង់ ការ​ជួញ​ដូរ​គ្រឿង​ញៀន និង បញ្ហា​ថ្នាំ​ក្លែង​ក្លាយ»។

រឿង​«សំណោក​ជីវិត»គឺ​និយាយ​អំពី​កុមារ​ទុរគត​ម្នាក់​ឈ្មោះ​ វាសនា​ ធ្លាក់​ខ្លួន​ដេក​តាម​សំយាប​ផ្ទះ​អ្នក​​ស្រុក។ គាត់​ត្រូវ​បាន​ម្ចាស់​ផ្ទះ​នោះ​ធ្វើ​បាប​ស្ទើ​ររាល់​ពេល ដែល​គេ​ប្រទះ​ឃើញ​គាត់​នៅ​ដេក​ពីមុខ​ផ្ទះ​របស់​គេ។ ជា​ភ័ព្វ​សំណាង​ដែរ នា​ថ្ងៃ​មួយ​ គាត់​ត្រូវ​បាន​គ្រួសារ​សប្បុរស​រើស​យក​ទៅ​នៅ​ជាមួយ ហើយ​គាត់​ក៏ទទួល​បាន​ការ​រៀន​សូត្រ​ផង​ដែរ។ លុះ​បញ្ចប់​ការ​សិក្សា គាត់​ក៏បាន​ការ​ងារ​ធ្វើ​ក្នុង​ក្រុមហ៊ុន​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ មួយ ជា​ទី​ដែល​យុវជន​វាសនា បាន​លង់​ស្នេហ៍​នឹង​បុគ្គលិក​ស្ត្រី​ម្នាក់​ឈ្មោះថា ទេវី។

ប៉ុន្តែ​លោក​ ព្រាម ណាក់​ បាន​និពន្ធ​ឲ្យ​គូ​ស្នេហ៍​ទាំង​ពីរ​បែកបាក់​គ្នា​ទៅ​វិញ គឺ​គាត់​បាន​តម្រូវ​ឲ្យ​ឪពុក​របស់​នាង​ទេវី ពង្រាត់​ពួក​គេ​ទាំង​ពីរ ពីព្រោះ​តែ​វាសនា​មាន​ប្រវត្តិ​ក្រីក្រ។

«ឪពុក​របស់​នាង​ទេវី​បាន​ទៅ​ជួល​នារី​ម្នាក់​មក​បន្លំ​ជា​ស្រី​លួច​លាក់​របស់​ វាសនា ដែល​ធ្វើ​ឲ្យ​នាង​ទេវី​មានការ​ភាន់ច្រឡំ​ រហូត​នាង​សុខ​ចិត្ត​បែក»។ នេះ​ជា​កល​ល្បិច​ដែល​អ្នក​និពន្ធ​រូប​នេះ​បាន​ប្រើ​ប្រាស់​ក្នុង​សាច់​រឿង របស់​គាត់។

ឪពុក​របស់​នាង​ទេវា​បាន​ឲ្យ​នាង​រៀបការ​ជាមួយ​នឹង​បុរស​អ្នក​មាន​ម្នាក់ ខណ:​ដែល​វាសនា​រង​ការ​ឈឺ​ចាប់​ម្នាក់​ឯង ពី​កល​ល្បិច​បំបែក​បំបាក់​នេះ។ ជួន​ពេល​ខ្លះ​វាសនា​បាន​មក​រក​ នាង​ទេវី​ដល់​ផ្ទះ ប៉ុន្តែ​ត្រូវ​ ឪពុក​នាង​ បញ្ជា​ឲ្យ​គេ​វាយ​ធ្វើ​បាប​រហូត​របួស​ពេញ​ខ្លួន ដើម្បី​បង្ខំ​កុំ​ឲ្យ​មក​តាម​រំខាន​ដល់​កូន​ស្រី​គាត់។

លុះ​ថ្ងៃ​មួយ​នារី​ដែល​ត្រូវ​ឪពុក​ទេវី​ជួល​ឲ្យ​មក​បន្លំ​ធ្វើ​ជាស្រី​លួច​ លាក់​របស់​វាសនា បាន​រៀប​រាប់​ប្រាប់​ល្បិច​ទាំង​ប៉ុន្មាន​ដល់​ទេវី។​ លោក​ ព្រាម ណាក់​ថ្លែងថា៖ «នាង​ដែល​ត្រូវ​ឪពុក​ទេវី​ជួល​នោះ​បាន​បាត់​បង់​ស្វាមី​ដោយសារ​ជំងឺ​ តម្កាត់។ នាង​ក៏​ជឿថា​ នេះ​គឺ​ជា​អំពើ​បាប​មក​ចង​កម្មពៀរ​នឹង​រូប​នាង​ដែល​បាន​បោកប្រាស់​គេ​ កន្លង​មក»។

នាង​ទេវី​ក៏​បាន​ត្រឡប់​ទៅ​រក​វាសនា​វិញ​ ប៉ុន្តែ​អ្វីៗ​ហាក់​ហួស​ពេល​ទៅ​ហើយ​ ដោយ​យុវជន​រូប​នេះ​បាន​បាត់​បង់​ជីវិត​ដោយ​សារ​របួស​ក្នុង​ខ្លួន។ ទន្ទឹម​នឹង​ការ​បាត់​បង់​បុរស​ដែល​ស្មោះ​នឹង​ខ្លួន​រូប​នេះ នាង​ទេវី​ក៏​បាន​បាត់​បង់​ស្វាមី​ម្នាក់​ទៀត ដោយ​ត្រូវ​ប៉ូលិស​ស៊ើប​អង្កេត​រក​ឃើញ​ថា​ជា​អ្នក​ជួញ​ថ្នាំ​ញៀន​ដ៏​ធំ​ម្នាក់ ​។ នាង​ទេវី​ក៏បាន​ធ្លាក់​ខ្លួន​ឈឺ​ដោយ​សារ​បញ្ហា​ដ៏​ស្មុគស្មាញ​នេះ ហើយ​ក៏បាន​ស្លាប់​បាត់​បង់​ជីវិត​ទៅ​ ដោយ​សារការ​ពុល​ថ្នាំ​ក្លែងក្លាយ​ដែល​នាង​បាន​ទិញ​ពី​ឱសថ​ស្ថាន​មួយ​ កន្លែង​យក​ទៅ​លេប។

អ្នក​និពន្ធ​ខ្មែរ​មុន​ទសវត្សរ៍​ឆ្នាំ​១៩៧០​ ចូល​ចិត្ត​តម្រូវ​ឲ្យ​តួ​អង្គ​ក្នុង​រឿង​ មាន​សភាព​តោក​យ៉ាក ប្រសិន​បើគេ​មើល​ឃើញ​សង្គម​របស់​គេ​ប្រទះ​នឹង​បញ្ហា​ភាព​ក្រីក្រ ឬ ឲ្យ​តួ​ត្រូវ​បាន​គេ​ធ្វើ​បាប ប្រសិន​បើ​សង្គម​របស់​គេ​មាន​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស ឬ ក៏​សម្លាប់​តួ​ដោយ​ចុង​ប៉ាកកា​ របស់​គេ​តែ​ម្តង​ ប្រសិន​បើ​សង្គម​របស់​គេ​មាន​ភាព​អយុត្តិធម៌ ឬ ការ​រើស​អើង​ពិបាក​នឹង​ទទួល​យក​បាន។ ប៉ុន្តែ​នៅ​ដើម​សតវត្សរ៍​ទី​២១​នេះ​ទៅ​ហើយ នៅ​តែ​មាន​អ្នក​និពន្ធ​ដូច​លោក​ ព្រាម​ ណាក់​ បាន​រក្សា​ផ្នត់​គំនិត​ដូច​មុន​ដដែល។

អ្នក​និពន្ធ​ខ្សែ​ភាពយន្ត​រូប​នេះ​បញ្ជាក់​ថា៖​«​ជួន​កាល​រឿង​បែប​នេះ​កើត​ មាន​ក្នុង​សង្គម​យើង​ពិត​ប្រាកដ។ ថ្នាំ​ក្លែង​ក្លាយ​អាច​សម្លាប់​ជីវិត​របស់​មនុស្ស​បាន។ ចំណែក​មនុស្ស​ដែល​មាន​ការ​តស៊ូ​ដូច​វាសនា មិន​ប្រាកដ​ថា​អាច​មាន​ជីវិត​ប្រសើរ​ទេ​ក្នុង​សង្គម​ឥឡូវ។ ចំណែក​អ្នក​មាន​ទ្រព្យស្តុក​ស្តម​ដូច​ស្វាមី​របស់​នាង​ទេវី ក៏​មិន​ប្រាកដ​ជា​មនុស្ស​ល្អ​ដែរ។ គាត់​អាច​ជា​អ្នក​ជួញ​គ្រឿង​ញៀន​ផង​ក៏​មិន​ដឹង​»។

រឿង​នេះ​ចាប់​ផ្តើម​ថត​តាំង​ពី​ខែ​មករា​ដើម​ឆ្នាំ​នេះ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ពេល​ឆាប់ៗ​នេះ។ ដល់​ពេល​នោះ​ ខ្សែ​ភាពយន្ត​មួយ​នេះ​នឹង​ដាក់​បញ្ចាំង​​នៅ​តាម​រោង​កុន​នានា​នៅ​ភ្នំពេញ មិន​ខាន៕



This content has been locked. You can no longer post any comments.
Show/hide comments
busy