ប៉ូលិសចាប់ជនបួននាក់ល្មើសច្បាប់ចរាចរណ៍ឌឺដងប៉ោយដៃឲ្យចេញចាប់
បន្ទាយមានជ័យ៖ប៉ូលិសស្រុកម៉ាឡៃបានចាប់ខ្លួនបុរស៤នាក់បន្ទាប់ពីពួកគេជិះម៉ូតូអត់មួកសុវត្ថិភាពអត់កញ្ចក់និងបង្ហោះម៉ូតូឌឺប៉ូសិលកាលពីថ្ងៃព្រហស្បត្តិ៍។ប៉ូលិសបានឲ្យដឹងថាពេលប៉ូលិសចរាចរណ៍កំពុងតែត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍មានបុរស៤នាក់ជិះម៉ូតូ២គ្រឿងអត់ពាក់ពួកសុវត្ថិភាពនិងអត់កញ្ចក់កាត់កន្លែងត្រួតពិនិត្យ។ប៉ូលិសបានហៅឲ្យពួកគេឈប់ប៉ុន្តែពួកគេមិនឈប់បែរជាបន្ថែមល្បឿនជិះម៉ូតូរត់ដោយបានបង្ហោះម៉ូតូនិងប៉ោយដៃឌឺឲ្យប៉ូលិសដេញចាប់។ប៉ូលិសបានសហការគ្នាតាមចាប់បុរសទាំង៤នាក់។ប៉ូលិសបានអះអាងថាជនទាំង៤នាក់នោះនឹងត្រូវដោះលែងវិញបន្ទាប់ពីពួកគេត្រូវបានអប់រំហើយហៅអាណាព្យាបាលមកធានាដោយមានកិច្ចសន្យាត្រឹមត្រូវ។
ប៉ូលិសបាញ់មួយគ្រាប់ចាប់ចោរឆក់២នាក់
រាជធានីភ្នំពេញ៖បុរស២នាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីពួកគេជិះម៉ូតូមួយគ្រឿងឆក់ខ្សែកពីស្ត្រីម្នាក់កាលពីថ្ងៃអង្គារនៅក្នុងខណ្ឌទួលគោក។ប៉ូលិសបានឲ្យដឹងថាស្ត្រីម្នាក់កំពុងជិះនិយាយទូរស័ព្ទពេលនោះមានជនសង្ស័យ២នាក់ជិះពីក្រោយឆក់ទូរសព្ទ័នោះទៅបាត់។ប៉ូលិសល្បាតបានជិះម៉ូតូតាមចាប់ជនសង្ស័យដោយបានបាញ់មួយគ្រាប់ឡើងលើគំរាមឲ្យជនសង្ស័យឈប់។ជនសង្ស័យភ័យរត់ចោលម៉ូតូហើយត្រូវប៉ូលិសចាប់បានតែម្តង។ប៉ូលិសប្រគល់ទូរសព្ទ័ទៅឲ្យស្ត្រីរងគ្រោះវិញហើយបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការ។
ជម្លោះពេលធ្វើពិធីបណ្តេញខ្មោចបិសាចម្នាក់ស្លាប់៦នាក់ត្រូវចាប់ខ្លួន
កំពង់ឆ្នាំង៖ប៉ូលិសកាលពីថ្ងៃព្រហស្បត្តិ៍បានចាប់ខ្លួនបុរស៦នាក់ដែលមានអាយុចន្លោះពី១៩និង២២ឆ្នាំបន្ទាប់ពួកគេត្រូវបានសង្ស័យថាបានវាយបុរសអ្នកភូមិជាមួយគ្នាម្នាក់អាយុ២៤ឆ្នាំស្លាប់នៅក្នុងស្រុកកំពង់លេង។ក្រុមប៉ូលិសបានឲ្យដឹងថាជនសង្ស័យនិងជនរងគ្រោះបានចូលរួមពិធីបណ្តេញខ្មោចព្រាយបិសាចមួយនៅក្នុងភូមិកាលពីថ្ងៃអង្គារ។ពេលនោះពួកគេមានជម្លោះជាមួយគ្នា។ពេលឃើញជនរងគ្រោះដើរត្រឡប់មកផ្ទះវិញតែម្នាក់ឯងពួកជនសង្ស័យបានស្ទាក់ផ្លូវវាយគេមួយដំបងពីក្រោយបែកក្បាលហើយបានរត់គេចខ្លួន។ជនរងគ្រោះត្រូវបានគេសង្គ្រោះទៅមន្ទីរពេទ្យប៉ុន្តែបានស្លាប់មួយថ្ងៃក្រោយមកដោយសាររបួសធ្ងន់ធ្ងរពេក។គ្រួសារជនរងគ្រោះបានដាក់ពាក្យបណ្តឹងទៅប៉ូលិស។ប៉ូលិសបានចាប់ខ្លួនជនសង្ស័យ។ជនសង្ស័យបានសារភាពថាពួកគេបានវាយជនរងគ្រោះប៉ុន្តែមិនមានចេតនាសម្លាប់គេនោះទេ។
ចោរលួចឡានស៊ីទែនដឹកសាំងធំពេកលាក់មិនជិតដោះយកកង់រត់បាត់
រាជធានីភ្នំពេញ៖ប៉ូលិសខណ្ឌពោធិ៍សែនជយ័កំពុងស្វែងរកចាប់ខ្លួនជនសង្ស័យមួយក្រុមដែលបានលួចឡានស៊ីទែនសាំងកាលពីថ្ងៃសៅរ៍។ប៉ូលិសបានឲ្យដឹងថាឡានស៊ីទែនសម្រាប់ដឹកសាំងមួយគ្រឿងត្រូវបានគេលួចបើកចេញពីហ្គារាស់មួយកន្លែងនៅពេលយប់។ម្ចាស់រថយន្តអាយុ៤៨ឆ្នាំម្នាក់បានដាក់ពាក្យបណ្តឹងមកប៉ូលិស។ប៉ូលិសបានធ្វើការស៊ើបអង្កេតហើយនៅថ្ងៃដដែលនោះឡានស៊ីទែនោះត្រូវបានគេប្រទះឃើញចតចោលនៅលើផ្លូវមួយកន្លែងប៉ុន្តែកង់ក្រោយចំនួន៤ត្រូវបានពួកចោរដោះយកបាត់។ប៉ូលិសបានសង្ស័យថាករណីនេះមានរនុកក្នុងហើយអតីតអ្នកបើកឡានម្នាក់ដែលត្រូវបណ្តេញចេញពីការងារប្រហែលជាមានជាប់ពាក់ពន្ធ័នឹងករណីនេះ។
បុរសម្នាក់ត្រូវគេវាយសម្លាប់ប្លន់យកម៉ូតូ
កណ្តាល៖សាកសពរបស់កម្មកររោងចក្រកាត់ដេរម្នាក់អាយុ២៩ឆ្នាំត្រូវបានគេប្រទះឃើញកាលពីថ្ងៃសុក្រនៅក្នុងស្រះទឹកមួយកន្លែងស្ថិតនៅក្នុងស្រុកស្អាងបន្ទាប់ពីត្រូវគេសម្លាប់ប្លន់យកម៉ូតូ។ប៉ូលិសបានឲ្យដឹងថាជនរងគ្រោះបានផឹកស្រាជាមួយនឹងអ្នកស្គាល់គ្នាហើយត្រូវបានគេវាយសម្លាប់ប្លន់យកម៉ូតូកាលពីថ្ងៃអង្គារ។ប្រពន្ធរបស់ជនរងគ្រោះអាយុ៣០ឆ្នាំបានអះអាងប្រាប់ប៉ូលិសថានាងបានចេញទៅស្រុកកំណើតមុនប្តីទៅចូលរួមពិធីមង្គលការបងប្អូន។នាងបានទូរសព្ទ័មកប្តី។ប្តីមានសភាពស្រវឹងហើយបានប្រាប់នាងថាមានគេចង់សម្លាប់គាត់។បន្ទាប់មកទូរសព្ទ័ក៍ដាច់ហើយមិនអាចទាក់ទងបានរហូត។នាងបានមកផ្ទះវិញតែមិនឃើញប្តីហើយក្រោយមកក៍មានគេប្រទះឃើញសាកសពប្តី។ប៉ូលិសកំពុងតែធ្វើការស៊ើបអង្កេតលើករណីវាយប្លន់យកម៉ូតូនេះ។
ស្រវឹងស្រាជិះម៉ូតូទៅរាំត្រូវរថយន្តបុកស្លាប់
រាជធានីភ្នំពេញ៖បុរសជាកម្មកររោងចក្រកាត់ដេរម្នាក់អាយុ២៥ឆ្នាំបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុខណៈអ្នករួមការងារម្នាក់បានរងរបួសធ្ងន់នៅក្នុងឧប្បតិហេតុគ្រោះថ្នាក់ចរាចរណ៍មួយកាលពីយប់ថ្ងៃសៅរ៍នៅក្នុងខណ្ឌឬស្សីកែវ។ប៉ូលិសចរាចរណ៍បានឲ្យដឹងថាបុរសដែលស្លាប់បានជិះម៉ូតូឌុបអ្នករួមការងាររបស់ខ្លួនម្នាក់អាយុ២៦ឆ្នាំទៅរាំលេងនៅក្លឹបកំសាន្តមួយកន្លែងបន្ទាប់ពីពួកគេផឹកស៊ីរួច។បើកម៉ូតូដល់កន្លែងផ្លូវខ្វែងកាត់គ្នាមួយកន្លែងពួកគេត្រូវបានរថយន្តមួយគ្រឿងដែលបើកបរក្នុងល្បឿនលឿនបុកពេញទំហឹងបណ្តាលឲ្យពួកគេស្លាប់និងរបួស។អ្នកបើកបរអាយុ១៩ឆ្នាំម្នាក់ត្រូវប៉ូលិសឃាត់ខ្លួននៅពេលបំរុងរត់គេច។អ្នករងរបួសត្រូវគេដឹកទៅមន្ទីរពេទ្យរីឯម៉ូតូនិងរថយន្តត្រូវប៉ូលិសយកទៅរក្សាទុករងចាំដោះស្រាយនៅពេលក្រោយ។
ខ្មាន់កាំភ្លើងបាញ់សិស្ស២នាក់របួសសង្ស័យជំរះគំនុំ
កំពង់ចាម៖សិស្សពីរនាក់ក្នុងចំណោមបីនាក់ត្រូវបានជនមិនស្គាល់មុខបាញ់ប្រហារបណ្តាលឲ្យរបួសធ្ងន់កាលពីថ្ងៃសុក្រនៅក្នុងស្រុកព្រៃឈ។ប៉ូលិសបានឲ្យដឹងថាសិស្ស៣នាក់អាយុ១៧និង១៩ឆ្នាំកំពុងជិះម៉ូតូមួយគ្រឿងត្រឡប់ពីសាលារៀនវិញពេលនោះមានបុរសពីជិះម៉ូតូមួយគ្រឿងដេញពីក្រោយហើយបានដកកាំភ្លើងខ្លីមួយដើមបាញ់លើពួកគេមួយគ្រាប់ត្រង់ខ្នងនិងដៃរបួសពីរនាក់។ពួកជនសង្ស័យបានជិះម៉ូតូរត់គេចខ្លួនបាត់។ប៉ូលិសបានចុះទៅពិនិត្យកន្លែងកើតហេតុហើយបានសន្និដ្ឋានថាករណីបាញ់ប្រហារនេះបណ្តាលមកពីគំនុំព្រោះពួកជនរងគ្រោះមានជម្លោះវាយតប់គ្នាកាលពីប៉ុន្មានថ្ងៃមុន។ប៉ូលិលកំពុងស្រាវជ្រាវវែកមុខជនដៃដល់។
ជាងជុសជុលម៉ូតូជួបសង្សារចាស់ឌុបដើរលេងនាងឆ្លៀតឱកាសយកម៉ូតូជិះទៅបាត់
បន្ទាយមានជ័យ៖បុរសជាជាងជួសជុលម៉ូតូម្នាក់អាយុ៣១ឆ្នាំបានចាញ់បោកសង្សារចាស់អស់ម៉ូតូមួយគ្រឿងកាលពីពីរសប្តាហ៍មុននៅក្នុងក្រុងប៉ោយប៉ែត។ជនរងគ្រោះបានអះអាងថាកាលពីយប់ថ្ងៃទី៨ខែមិថុនានេះថាខ្លួនបានជួបនឹងសង្សារចាស់អាយុ១៨ឆ្នាំដោយចៃដន្យហើយបានជិះម៉ូតូឌុបនាងដើរលេងនៅក្នុងក្រុងប៉ោយប៉ែត។ស្ត្រីជាសង្សារនោះធ្វើការនៅក្នុងហាងខារ៉ាអូខេមួយកន្លែង។ពេលនោះនាងធ្វើជាស្រេកទឹកហើយឲ្យខ្លួនទៅទិញទឹកមកឲ្យនាងផឹក។នៅពេលគេឈប់ម៉ូតូដើរទៅទិញទឹកដោយមិនបានដកសោរម៉ូតូចេញផងនោះស្ត្រីជាសង្សារបានឆ្លៀតឱកាសជិះម៉ូតូរត់ទៅបាត់។ប៉ូលិសបានឲ្យដឹងថាជនរងគ្រោះបានដាក់ពាក្យបណ្តឹងមកប៉ូលិស។ប៉ូលិសកំពុងតែធ្វើការស្រាវជ្រាវលើករណីនេះ។
ប៉ូលិសចាប់អ្នកលេងដាវសាំម៉ូរ៉ៃខឹងកាប់ម្ចាស់មិនបានកាប់ម៉ូតូនិងកុំព្យូទ័រខ្ទេច
រាជធានីភ្នំពេញ៖អ្នកលេងដាវសាំម៉ូរ៉ៃម្នាក់អាយុ១៨ឆ្នាំត្រូវបានប៉ូលិសចាប់ខ្លួនកាលពីថ្ងៃសុក្រនៅពេលដែលគេនិងបក្សពួកកំពុងដេញកាប់និស្សិតម្នាក់នៅក្នុងខណ្ឌ៧មករា។ប៉ូលិសបានឲ្យដឹងថាអ្នកលេងដាវសាំម៉ូរ៉ៃ៤នាក់បានដេញកាប់ជនរងគ្រោះម្នាក់កំពុងជិះម៉ូតូ។ពេលនោះជនរងគ្រោះបានរត់ចោលម៉ូតូនិងកុំព្យូទរ័យួរដៃ។ពួកជនសង្ស័យបានកាប់ម៉ូតូនិងកុំព្យូទរ័យួរដៃនោះខ្ទេច។ប៉ូលិសបានចុះធ្វើអន្តរាគមន៍ភ្លាមៗចាប់បានជនសង្ស័យម្នាក់។រីឯបីនាក់រត់គេចខ្លួនបាត់។ប៉ូលិសបានអះអាងថាករណីនេះប្រហែលជាបណ្តាលមកពីគំនុំ។
៣នាក់ផ្លោះរបងលួចទ្រព្យសម្បត្តិម្នាក់ត្រូវចាប់ខ្លួនវាយស្ទើរស្លាប់ប្រគល់ឲ្យប៉ូលិស
កណ្តាល៖បុរសម្នាក់ក្នុងចំណោមបីនាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យនៅពេលផ្លោះរបងចូលលួចអាវយឺតនៅសិប្បកម្មមួយកន្លែងនៅក្នុងក្រុងតាខ្មៅ។សំណាងអាក្រក់ម្ចាស់ផ្ទះភ្ញាក់ទាន់បានចាប់ខ្លួនជនសង្ស័យបានម្នាក់អាយុ១៨ឆ្នាំហើយវាយទ្រោមខ្លួនមុនប្រគល់ឲ្យប៉ូលិស។ជនសង្ស័យបានសារភាពថាពិតជាបានចូលលួចមែនប៉ុន្តែទើបតែលើកទីមួយនោះទេ។តាមរយៈការសារភាពរបស់ជនសង្ស័យប៉ូលិសបានកំណត់អត្តសញ្ញាណបក្សពួកដែលរត់គេចហើយកំពុងតាមចាប់ខ្លួនពួកគេ។
យុវជនអត់លុយទិញថ្នាំញៀនចូលរួចសម្ភារៈក្នុងសណ្ឋាគារ
បាត់ដំបង៖យុវជនញៀនថ្នាំម្នាក់អាយុ១៧ឆ្នាំត្រូវបានចាប់ខ្លួនបន្ទាប់ពីអត់លុយទឹកថ្នាំលួចចូលក្នុងសណ្ឋាគារលួចទ្រព្យសម្បត្តិកាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃចន្ទ័។ប៉ូលិសបានឲ្យដឹងថាយុវជនរូបនោះបានធ្វើជាជួលបន្ទប់មួយរបស់សណ្ឋាគារស្នាក់នៅមួយយប់។ពេលមានឱកាសស្រាប់តែគេលួចយកទូរទស្សន៍នៅក្នុងបន្ទប់ដេកគេមួយគ្រឿងយកទៅទុកនៅក្រៅសណ្ឋាគារហើយបានចូលមកលួចយកកុំព្យូទ័រមួយគ្រឿងទៀតប៉ុន្តែសន្តិសុខឃើញក៍ចាប់ឃាត់ខ្លួនប្រគល់ឲ្យប៉េអឹមតែម្តង។ជនសង្ស័យបានសារភាពថាបានលួចរបស់ទាំងនោះមែនតែមិនបានសម្រេច។គេធ្វើបែបនេះដោយសារគ្មានលុយទឹកថ្នាំញៀនជក់ហើយកន្លងមកគេធ្លាប់លួចទ្រព្យសម្បត្តិរបស់អ្នកភូមិបានសម្រេចជាច្រើនដង។
ប៉ូលិសចាប់ខ្លួនប្រាំនាក់ស្ទាក់វាយម្នាក់របួសធ្ងន់
តាកែវ៖បុរស៥នាក់មានអាយុចន្លោះពី១៧និង២៣ឆ្នាំត្រូវប៉ូលិសចាប់ខ្លួនភ្លាមៗកាលពីថ្ងៃអាទិត្យបន្ទាប់ពីពួកគេស្ទាក់វាយបុរសម្នាក់របួសធ្ងន់នៅក្នុងស្រុកកោះអណ្តែត។ប៉ូលិសបានអោយដឹងថាជនរងគ្រោះនិងពួកជនសង្ស័យបានចូលរួមនៅក្នុងមង្គលការមួយ។បន្ទាប់ពីពួកគេផឹកស៊ីរួចស្រវឹងក៍កើតមានជម្លោះពាក្យសំដីជាមួយគ្នា។ជម្លោះបានចប់ពេលគេជួយឃាត់។ប៉ុន្តែពួកជនសង្ស័យបានស្ទាក់វាយជនរងគ្រោះនឹងដុំថ្មនិងដំបងចំក្បាលនិងដងខ្លួនរបួសធ្ងន់។ប៉ូលិសបានចុះអន្តរាគមន៍ភ្លាមៗចាប់ខ្លួនជនសង្ស័យនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
ប្តីវាយប្រពន្ធរបួសធ្ងន់យកកូន២រត់បាត់
កំពង់ឆ្នាំង៖បុរសអាយុ៣៣ឆ្នាំម្នាក់បានវាយប្រពន្ធរបួសធ្ងន់ហើយបានរត់បាត់កាលពីថ្ងៃចន្ទ័នៅក្នុងស្រុករលាប្អៀរ។ប៉ូលិសបានអោយដឹងថាប្តីប្រពន្ធទាំងពីរបានឈ្លោះគ្នាដោយជេរគ្នាទៅវិញទៅមក។ពេលនោះប្តីបានវាយប្រពន្ធនឹងដំបងបែកក្បាលហើយបានចាប់អុកទ្រូងនាងជាប្រពន្ធនឹងជង្គង់បណ្តាលអោយប្រកាន់ដួលសន្លប់នៅលើដី។បន្ទាប់មកប្តីរូបនោះបានយកកូនពីរនាក់ក្នុងចំណោមបីនាក់ទៅបាត់។ជនរងគ្រោះត្រូវអ្នកជិតខាងសង្គ្រោះទៅមន្ទីរពេទ្យ។ប៉ូលិសកំពុងស្វែងរកចាប់ខ្លួនបុរសជាប្តី។
ស្ត្រីនិងបុរសពីរនាក់ត្រូវចាប់ខ្លួនជាមួយនឹងថ្នាំញៀនជាង៦០គ្រាប់
បន្ទាយមានជ័យ៖បុរសអាយុ២៧និងស្ត្រីអាយុ២៦ត្រូវបានចាប់ខ្លួននៅពេលជក់និងលក់គ្រឿងញៀនជាង៦០គ្រាប់កាលពីយប់ថ្ងៃចន្ទ័នៅក្នុងក្រុងសិរីសោភណ្ឌ។ប៉ូលិសបានអោយដឹងថាជនសង្ស័យទាំងពីរនាក់ត្រូវបានប្រទះឃើញនៅក្នុងទីងងឹងនៅម្តុំផ្លូវរទេះភ្លើងដែលជាកន្លែងជក់និងចែកចាយគ្រឿងញៀន។ប៉ូលិសបានធ្វើការឆែកឆេរពួកគេឃើញថ្នាំញៀន៦៧គ្រាប់។ពួកគេបានសារភាពថាបានទិញថ្នាំញៀននោះពីគេយកមកជក់និងលក់បន្តក្នុងតម្លៃ២ម៉ឺនរៀលក្នុងមួយគ្រាប់។ប៉ូលិសបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការ។
ស្ត្រីចំណាស់អាយុ៨០ត្រូវម៉ូតូបុកស្លាប់ពេលដើរមកពីបុណ្យសពកូន
កំពង់ឆ្នាំង៖ស្ត្រីអាយុ៨០ឆ្នាំម្នាក់ត្រូវបានម៉ូតូបុកស្លាប់កាលពីថ្ងៃចន្ទ័ពេលដើរត្រឡប់ពីធ្វើបុណ្យសពកូននៅក្នុងស្រុកទឹកផុស។ប៉ូលិសបានអោយដឹងថាស្ត្រីរងគ្រោះបានធ្វើបុណ្យ៧ថ្ងៃអោយសពកូនស្រីដែលស្លាប់ដោយសារជម្ងឺចោលកូនពីរនាក់។ជាអកុសលពេលដើរឆ្លងផ្លូវគាត់ត្រូវម៉ូតូមួយគ្រឿងបុកស្លាប់មួយរំពេច។គ្រួសារនេះក្រីក្រណាស់។បន្ទាប់ពីកូនស្រីស្លាប់បានសន្សល់ទុកកូនពីរនាក់អោយតាយាយមើល។តែយាយត្រូវម៉ូតុបុកស្លាប់ទៀត។
បុរសពីរនាក់ចាប់ខ្លួនដោយលួចម៉ូតូគេ
ភ្នំពេញ៖បុរសពីរនាក់ត្រូវបានគេចាប់ខ្លួនបន្ទាប់ពីលួចម៉ូតូជនរងគ្រោះម្នាក់ស្ថិតនៅខណ្ឌទួលគោករាជធានីភ្នំពេញកាលពីថ្ងៃអង្គារ៏១៩មិថុនា។ប៉ូលិសនិយាយថាពួកគេបានលួចម៉ូតូជនរងគ្រោះដែលបានទុកម៉ូតូរបស់ខ្លួននៅមុខផ្ទះ។ផ្ទះម៉ូតូនិយាយថារូបគេបានទុកម៉ូតូតែមួយភ្លេតដើម្បីចូលផ្ទះយកឥវ៉ាន់ក៏ស្រាប់តែពេលចេញមកក៏បាត់ម៉ូតូ។ភា្លមៗម្ចាស់ម៉ូតូមានការសោកស្តាយ។តែសំណាងល្អអ្នកជិតខាងបានឃើញមនុស្សចម្លែកពីរនាក់បណ្តើរម៉ូតូក៏ប្តឹងប៉ូលិស។ប៉ូលិសបានមកចាប់ខ្លួនតែម្តង។ជននោះបានសារភាពថាខ្លួនបានលួច។ប៉ូលិសបានប្រគល់អោយម្ចាស់វិញ។ប៉ូលិសបានបញ្ជូនជននេះទៅកាន់តុលាការ។
ប្តីប្រពន្ឋមួយគូរកការងារសុចរិតធ្វើបែរជាមកគាស់ផ្ទះទ្វារជាប់អន្ទាក់ប៉ូលិស
ភ្នំពេញ៖ប្តីប្រពន្ឋមួយគូត្រូវបានចាប់ខ្លួនបន្ទាប់ពីពួកគេបានលួចគាស់ផ្ទះអ្នកស្រុកតែមិនបានជោគជ័យស្ថិតនៅខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញកាលពីថ្ងៃពុធទី២០មិថុនា។ប៉ូលិសនិយាយថាពួកគេបានប៉ុនប៉ងលួចគាស់ផ្ទះរបស់ជនរងគ្រោះតែម្ចាស់គេមកដល់ទាន់ពេលវេលាក៏ចាប់ខ្លួនបានតែម្តង។ពួកគេបានស្រែកអោយគេជួយ។ប៉ូលិសក៏បានចាប់ខ្លួនតែម្តង។ប៉ូលិសនិយាយថាជាការពិតនៅតំបន់នេះត្រូវបានគេរាយការណ៍មកថាមានករណីលួចគាស់ផ្ទះកើតឡើងជាញឹកញាប់។ប៉ូលិសក៏បានពង្រាយកំលាំងតែម្តងក៏ប្រទះឃើញជននោះកំពុងគាស់ផ្ទះគេ។បច្ចុប្បន្នប៉ូលិសបញ្ជូនពួកគេទៅកាន់តុលាការ។
ដេញវាយគ្នាតាមម៉ូតូរឿងដណ្តើមមិត្តស្រីបុកអ្នកដំណើរម្នាក់របួសធ្ងន់
ភ្នំពេញ៖បុរសពីរនាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីដេញវាយគ្នាតាមម៉ូតូបណ្តាលឲ្យអ្នករបួសម្នាក់ស្ថិតនៅខណ្ឌសែនសុខរាជធានីភ្នំពេញកាលពីពុធទី២០មិថុនា។ប៉ូលិសនិយាយថានៅថ្ងៃកើតហេតុពួកគេបានជិះម៉ូតូវាយប្រហារគ្នា។ពួកគេបានដេញបុកម៉ូតូគ្នាក៏បុកអ្នកធ្វើដំណើរម្នាក់អោយរបួសធ្ងន់។ប៉ូលិសក៏ចាប់ខ្លួនបានតែម្តង។ជនរងគ្រោះបានបញ្ជូនទៅកាន់តុលាការ។ពួកគេនិយាយថាដែលហេតុថាពួកគេដេញគ្នាដោយសារមានជំលោះរឿងដណ្តើមមិត្តស្រី។យ៉ាងណាក៏ដោយប៉ូលិសបញ្ជូនពួកគេទៅកាន់តុលាការ។
សង្សាមួយគូប្លន់ម៉ូតូគេតែជួបគ្រោះថ្នាក់ចរាចរត្រូវប៉ូលិសចាប់បាន
ព្រៃវែង៖គូរសង្សាមួយគូស្ថិតនៅស្រុកកំពង់ត្របែកខេត្តព្រៃវែងត្រូវបានចាប់ខ្លួនកាលពីថ្ងៃច័ន្ទទី១៨មិថុនាពាក់ព័ន្ឋនឹងករណីប្លន់ម៉ូតូគេ។ប៉ូលិសនិយាយថានៅថ្ងៃកើតហេតុពួកគេបានប្រើល្បិចជិះម៉ូតូឌុប។នៅពេលដល់កន្លែងស្ងាត់សង្សាមួយគូបានប្លន់ដោយគំរាមនឹងកាំបិត។ពួកគេបានប្លន់ម៉ូតូជោគជ័យ។តែនៅពេលជិះម៉ូតូនោះបានបុកនិងម៉ូតូកង់បីដួលរបួសធ្ងន់។ប៉ូលិសបានមកអន្តរាគមននិងរកឃើញថាម៉ូតូនោះមិនមែនជារបស់ពួកគេទាំងពីរនោះទេ។ពួកគេបានប្លន់ពីម្ចាស់ម៉ូតូឌុបម្នាក់។ប៉ូលិសបានចាប់ខ្លួន។បច្ចុប្បន្នប៉ូលិសកំពុងរៀបចំសំណុំរឿងទៅកាន់តុលាការ។
លួចគោអ្នកស្រុកកាលពីពីរឆ្នាំមុនត្រូវប៉ូលិសក្របួចបានតាមដីកាតុលាការ
កំពត៖បុរសអាយុ៤៥ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួនដោយយោងតាមដីកាពីតុលាការពីករណីលួចគោអ្នកស្រុកស្ថិតនៅក្រុងកំពតកាលពីថ្ងៃពុធទី២០មិថុនា។ប៉ូលិសនិយាថាប៉ូលិសបានចាប់ខ្លួនជននេះដោយយោងតាមដីការរបស់តុលាការចោទប្រកាន់ពីបទលួចគោអ្នកស្រុកដែលប្រព្រឹត្តទៅកាលពីពីរឆ្នាំមុន។ជននោះបានរត់គេចពីស្រុកកំណើតពីរឆ្នាំមកហើយទើបតែថ្ងៃចាប់ខ្លួនរូបគេមកលេងស្រុកក៏ត្រូវប៉ូលិសចាប់បានតែម្តង។ជននោះបានសារភាពថារូបគេបានលួចគោអ្នកស្រុកអស់ជាច្រើនកាលពីអតីត។បច្ចុប្បន្នប៉ូលិសបញ្ជូនពួកគេទៅកាន់តុលាការ។
ខឹងប្រពន្ឋផឹកស្រាវាយដល់ស្លាប់ប៉ូលិសឃាត់ខ្លួនបាន
កំពង់ចាម៖បុរសអាយុ38 ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីបានវាយដំប្រពន្ឋរបស់ខ្លួនស្ថិតនៅស្រុកស្រីសន្ឋរខេត្តកំពង់ចាមកាលពីថ្ងៃច័ន្ទទី១៨មិថុនា។ប៉ូលិសនិយាយថានេះជាករណីអំពើហិង្សា។អ្នកជិតខាងនិយាយថាប្រាប់ប៉ូលិសថាមានស្រ្តីម្នាក់ស្លាប់។ប៉ូលិសក៏បានចុះទៅត្រួតពិនិត្យសាកសព។ប៉ូលិសបានរកឃើញថាស្រ្តីររូបបានស្លាប់ដោយសារត្រូវគេវាយ។ប៉ូលិសបានចាប់ខ្លួនប្តីរបស់នាង។ជននោះបានសារភាពថាខ្លួនបានពិតជាបានវាយប្រពន្ឋរបស់ខ្លួនមែនបណ្តាលឲ្យនាងរងរបួសប៉ុន្តែនាងបានស្លាប់មួយរំពេចពេលបញ្ជូនទៅមន្ទីរពេទ្យ។ជននោះបាននាំប្រពន្ឋនាំសាកសពប្រពន្ឋមកវិញ។ជននោះនិយាយថាខ្លួនវាយដំនាងដោយសារតែនាងផឹកស្រាពេកមួយថ្ងៃ។ទោះជាយ់ាងណាប៉ូលិសបញ្ជូនជននេះទៅកាន់តុលាការ។
បុរសម្នាក់ជួយប្រពន្ឋរបស់ខ្លួនត្រូវអ្នកជិតខាងវាយឡើងទ្រោមខ្លួន
បន្ទាយមានជ័យ៖ប៉ូលិសក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យបាននិយាយថាបុរសអាយុ៣១ឆ្នាំម្នាក់ត្រូវបានគេព្រួតវាយឲ្យរបួសជាទម្ងន់បន្ទាប់ពីជននោះប្រុងនឹងជួយប្រពន្ឋរបស់ខ្លួនកាលពីថ្ងៃច័ន្ទទី១៨មិថុនា។ប៉ូលិសនិយាយថាជននោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ស្រ្តីជាប្រពន្ឋនិយាយថានៅថ្ងៃកើតហេតុនាងបានឈ្លោះគ្នាជាមួយអ្នកជិតខាងដោយសារពាក្យសម្តី។បន្ទាប់មកប្តីរបស់នាងបានឃើញនឹងជួយនាង។តែស្រាប់តែអ្នកជិតខាងបានព្រួតវាយនាង។ប៉ូលិសបានចុះជួយអន្តរាគមតែអ្នកជិតខាងនោះបានរត់គេចខ្លួនបាត់ទៅហើយ។ទោះជាយ៉ាងណាប៉ូលិសនិយាយថាកុំបារម្ភជននោះទៅណាមិនឆ្ងាយនោះទេព្រោះគេមានផ្ទះដែលជាកន្លែងកើតហេតុ។បច្ចុប្បន្នប៉ូលិសបន្តការស៊ើបអង្កេតករណីនេះជាបន្តទៀត។
បុរសម្នាក់ត្រូវគេប្លន់ម៉ូតូរហូតដល់ស្លាប់
បុរសអាយុ៣៤ឆ្នាំម្នាក់ត្រូវបានចោរប្លន់ម៉ូតូស្ថិតនៅខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញកាលពីថ្ងៃច័ន្ទទី១៨មិថុនា។ប្រពន្ឋជនរងគ្រោះនិយាយថានៅថ្ងៃកើតហេតុប្តីរបស់នាងមិនបានត្រលប់មកផ្ទះនោះទេធ្វើឲ្យនាងបារម្ភជាខ្លាំង។បន្ទាប់មកប៉ូលិសបានប្រាប់នាងថាប្តីរបស់នាងត្រូវគេចាក់ស្លាប់។ប៉ូលិសសន្និដ្ឋានថានេះគឺជាករណីឃាតកម្មប្លន់ម៉ូតូព្រោះម៉ូតូរបស់ជនរងគ្រោះមិនស្ថិតនៅកន្លែងកើតហេតុនោះទេ។នាងនិយាយថាប្តីរបស់នាងទើបតែទិញម៉ូតូមករត់ម៉ូតូឌុបតែត្រូវបានគេប្លន់ដល់ស្លាប់។បច្ចុប្បន្នប៉ូលិសកំពុងធ្វើការស្រាវជ្រាវចាប់ជនសង្ស័យ។
ស្រ្តីម្នាក់ត្រូវគេឆក់ខ្សែកបន្តោងពេជ្រយកទៅបាត់
ភ្នំពេញ៖ស្រ្តីអាយុ១៩ឆ្នាំម្នាក់ត្រូវបានគេឆក់ខ្សែកបន្តោងពេជ្របានសំរេចស្ថិតនៅខណ្ឌ៧មករារាជធានីភ្នំពេញ។ប៉ូលិសនិយាយថាខណៈដែលនាងកំពុងជិះម៉ូតូតាមផ្លូវទៅផ្ទះមានបុរសពីរនាក់ដែលជិះម៉ូតូដែលនោះបានមកឆាបនាងឆក់ខ្សែកបានសំរេចហើយរត់គេចខ្លួនបាត់ទៅ។ជននោះបានរត់គេចខ្លួនទៅបាត់ដោយសុវត្ថិភាព។រីឯជនរងគ្រោះបានធ្លាក់ពីលើម៉ូតូបណ្តាលរបួស។នាងនិយាយថាខ្សែកដែលបានឆក់នោះជាបណ្តោងពេជ្រ។នាងត្រៀមពាក់ដើម្បីចូលរូមមង្គលការព្រោះរាល់ដងនាងមិនពាក់នោះទេ។នាងបានដាក់ពាក្យបណ្តឹងទៅកាន់ប៉ូលិស។ប៉ូលិសកំពុងធ្វើការស៊ើបអង្កេតតាមចាប់ជននោះ។
បុរសពីរនាក់ផឹកស្រាស្រវឹងជោគបុកស្រ្តីម្នាក់របួសធ្ងន់
ភ្នំពេញ៖បុរសអាយុ៣៥ឆ្នាំម្នាក់ត្រូវបានម៉ូតូមួយបើកបុកដោយម៉ូតូមួយបណ្តាលឲ្យរបួសធ្ងន់ស្ថិតនៅខណ្ឌចំការមនរាជធានីភ្នំពេញកាលពីថ្ងៃច័ន្ទទី១៨មិថុនា។ប៉ូលិសនិយាយថាខណៈដែលជនរងគ្រោះកំពុងឆ្លងថ្នល់មានបុរសពីរនាក់់បានជិះបុកភ្លាមៗបណ្តាលឲ្យរបួសធ្ងន់។ពួកគេក៏បានដួលម៉ូតូផងដែរតែនៅពេលមនុស្សឈរអ៊ូអរជនទាំងពីរអ្នកនោះបានរត់គេចខ្លួនដោយទុកម៉ូតូចោល។ប៉ូលិសនិយាយសន្និដ្ឋានថាពួកគេបានផឹកស្រាជាខ្លាំងព្រោះពួកគេទើបតែចេញពីកន្លែងផឹកស៊ីហើយមកជិះលឿនដូចព្យុះមិនគិតថាជាកន្លែងទីផ្សារនោះទេ។បច្ចុប្បន្នប៉ូលិសកំពុងតាមចាប់ពួកគេហើយប៉ូលិសយកម៉ូតូរក្សាទុកនៅអធិការដ្ឋានប៉ូលិសដើម្បីស្វែងរកដំណោះស្រាយ។
ភ្នំពេញ ប៉ុស្តិ៍

