ភ្នំពេញៈ ការបាត់ខ្លួនរបស់តារាចម្រៀងពាក់ស័ក្តិ៥ លោក អ៊ឹង ប៊ុនលាភ យ៉ាងអាថ៌កំបាំងអស់រយៈពេលជិត១ខែនោះ នៅពេលនេះត្រូវបានទម្លាយឲ្យដឹងថា តារារូបនោះទំនងនឹងរត់ចោលប្រពន្ធរបស់ខ្លួនតាមជំទាវមានទ្រព្យ ម្នាក់ ដែលអ្នកទាំងពីរធ្លាប់មានទំនាក់ទំនងស្នេហ៍ស្អិតល្មួតនឹងគ្នា កាលពីប៉ុន្មានឆ្នាំមុន។
លោក អ៊ឹ ប៊ុនលាភ បានបាត់ខ្លួនកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១២ គឺនៅសល់តែប៉ុន្មានថ្ងៃទៀតមានរយៈពេលមួយខែពេញ។ ការបាត់ខ្លួនរបស់តារាចម្រៀងជើងចាស់រូបនេះ ត្រូវបានទម្លាយនៅពេលនេះថាមានជាប់ពាក់ព័ន្ធនឹងស្ត្រីមានឋានៈ ជាជំទាវម្នាក់ ដែលមានទាំងអំណាច និងទ្រព្យសម្បត្តិ។ គេបានដឹងថា ស្ត្រីចំណាស់ជាជំទាវរូបនោះ ធ្លាប់មានទំនាក់ទំនងស្នេហាដុះស្លែងជាមួយនឹងលោក អ៊ឹង ប៊ុនលាភ តែស្នេហាមួយនោះបានកាត់ផ្តាច់ម្តងនៅពេលលោក អ៊ឹងប៊ុនលាភ រៀបការជាមួយនឹងប្រពន្ធសព្វថ្ងៃឈ្មោះ ម៉ុក ភក្តី ដែលជាអាណិកជនអាមេរិកមានទ្រព្យម្នាក់។ ជំទាវម្នាក់នោះមានវ័យខ្ទង់៥០ឆ្នាំប្លាយ មានទាំងប្តី និងកូនរួចហើយដែរ ប៉ុន្តែនៅតែព្រើលចង់ឆក់ប្តីគេទៀត។
ការបាត់ខ្លួនរបស់ម្ចាស់បទ «រំដួលដូរដី» រូបនេះត្រូវបានមជ្ឈដ្ឋានទស្សនិកជន និងអ្នកសិល្បៈសន្និដ្ឋានថា អ៊ឹង ប៊ុនលាភ រត់តាមស្ត្រីមានឋានៈជាជំទាវរូបនោះចោលប្រពន្ធរបស់ខ្លួន ខណៈអ្នកនាង ម៉ុក ភក្តី ក៏បានអះអាងផងដែរថា ប្តីរបស់ខ្លួនបាត់ពីផ្ទះក្រោយស្ត្រីរូបនោះទូរស័ព្ទមកគំរាម កំហែងនោះ។
អ្នកស្រី ម៉ុក ភក្តី បានឲ្យដឹងថា ដោយមិនអាចទ្រាំនឹងការបាត់ដំណឹងសូន្យឈឹងរបស់ប្តីខ្លួនបែបនេះ អ្នកស្រីក៏សម្រេចចិត្តសុំឲ្យពិធីការិនីចាស់វស្សារបស់ស្ថានីយ ទូរទស្សន៍ស៊ីធីអិន អ្នកនាង យុគ ចិន្តា ជួយប្រកាសដំណឹងនេះ ក្រែងលោទទួលបានព័ត៌មានអ្វីជាជាងការដើររកគ្រប់ច្រកល្ហកតែ ម្នាក់ឯង។
ពិធីការិនីប្រចាំកម្មវិធី មន្តស្នេហ៍សំនៀង អ្នកនាង យុគ ចិន្តា បានប្រកាសជាសាធារណៈថា លោក អ៊ឹង ប៊ុនលាភ បានបាត់ខ្លួនអស់រយៈពេលជិតមួយខែមកហើយ មិនដឹងជាលោកទៅទីណា ឬមានអ្វីកើតឡើងចំពោះលោកឡើយ។
ទោះបីជាខំដើររកគ្រប់ទីកន្លែង និងដាក់ពាក្យបណ្តឹងដើម្បីសុំការជួយអន្តរាគមន៍ពីសមត្ថកិច្ចក៏ ដោយ តែនៅពេលនេះសូម្បីតែតម្រុយបន្តិចក៏មិនទាន់បានទទួលដែរ។
អ្នកស្រី ម៉ុក ភក្តី បានឲ្យដឹងថា នៅថ្ងៃទី២៨ ខែឧសភា ទូរស័ព្ទប្តីអ្នកស្រីរោទ៍រហូត គឺរោទ៍ចាប់តាំងពីពេលព្រឹកមកម្ល៉េះ ប្តីអ្នកស្រីដូចជាមួម៉ៅ តែគាត់អត់មានបញ្ហាអីនោះទេ ទើបតែពេលល្ងាច ពេលដែលទូរស័ព្ទនោះរោទ៍ខ្លាំងពេក គាត់ក៏លើកទូរស័ព្ទនោះ តែអ្នកស្រីមិនដឹងថា អ្នកណាគេទូរស័ព្ទមកមានការអ្វី ហើយជាអ្នកណាគេនោះទេ។
អ្នកស្រីបាននិយាយថា៖ «ទូរស័ព្ទរបស់គាត់ចេះតែរោទ៍រហូតរយៈពេលពេញមួយថ្ងៃហ្នឹង គឺតាំងពីព្រឹក ហើយគាត់ចេះតែចេញទៅនិយាយនៅខាងក្រៅអ៊ីចឹងណាស់ ហើយឮនិយាយថា ចាំល្ងាចចាំជួបគ្នា ហើយពេលសួរគាត់ គាត់ថាមិត្តភក្តិទូរស័ព្ទមកចង់ជួប គេហៅទៅហូបបាយទេ។ គាត់មុនពេលចេញទៅប្រាប់ខ្ញុំថា ឆាប់មកវិញទេ លុះដល់ម៉ោងប្រាំជាងហ្នឹងគាត់ក៏ចេញទៅ ហើយក៏បាត់រហូតទៅ សូម្បីតែទូរស័ព្ទក៏គាត់មិនយកទៅជាប់ខ្លួនដែរ»។
នារីអាណិកជនប្រពន្ធលោក អ៊ឹង ប៊ុនលាភ បានឲ្យដឹងថា ក្នុងរយៈពេល៦ឆ្នាំនៃការរស់នៅជាមួយគ្នា បន្ទាប់ពីរៀបការពេញផ្លូវច្បាប់កាលឆ្នាំ២០០៦ លោក អ៊ឹង ប៊ុនលាភ មិនដែលមានបញ្ហា ឬអាការបែបនេះទេ។ ដោយមានការសង្ស័យអ្នកស្រីក៏យកទូរស័ព្ទនោះ មកពិនិត្យមើលលេខដែលគេទូរស័ព្ទចូលមក តែលេខនោះត្រូវបានប្តីខ្លួនលុបចោលអស់រលីង។
អ្នកស្រីបានបន្តថា លុះក្រោយប្តីអ្នកស្រីចេញបន្តិច ក៏ស្រាប់តែមានអ្នកទូរស័ព្ទចូលមក ពេលដែលអ្នកស្រីលើកនិយាយ ស្រាប់តែស្ត្រីម្នាក់និយាយខ្លាំងៗដាក់អ្នកស្រី ជាមួយនឹងពាក្យគំរាមកំហែងអ្នកស្រី និងស្វាមីយ៉ាងធ្ងន់ធ្ងរទៀតផង ដែលនាំឲ្យមានការប៉ះសម្តីគ្នាមួយប្រាវធំ។
ប្រពន្ធ អ៊ឹង ប៊ុនលាភ បាននិយាយថា៖«ពេលលើកទូរស័ព្ទភ្លាម ខ្ញុំដឹងថា ប្តីខ្ញុំគាត់កុហក។ ស្ត្រីម្នាក់និយាយគំហកខ្លាំងៗដាក់ខ្ញុំ ហើយបាននិយាយគំរាមខ្ញុំថា អ្ហែង! ប្រយ័ត្នឲ្យមែនទែន អញមិនឲ្យអ្ហែង និងវារួចខ្លួនទេ! ពេលនោះ គឺមានឈ្លោះគ្នាខ្លាំងដែរហ្នឹង»។
អ្នកស្រី ម៉ុក ភក្តី បានឲ្យដឹងថា ដោយសារចង់ដឹងព័ត៌មានពីប្តីមានសុខទុក្ខ និងសុវត្ថិភាពយ៉ាងណា នាងក៏បានទូរស័ព្ទទៅជំទាវម្នាក់នោះម្តងជាពីរដើម្បីសួរនាំឲ្យ បានច្បាស់លាស់។ នាងបានបន្តថា ដោយមិនបានជួបប្តីបែរជាទទួលបានការគំរាមយ៉ាងខ្លាំងទៅវិញ។ ជំទាវនោះបានគំរាមថា៖ «កុំទាក់ទងនឹងវា[ អ៊ឹង ប៊ុនលាភ] ទៀត វាជាប្តីអញ វាមិនមែនជាប្តីនាងឯងទៀតទេ អញប្រពន្ធវា១០ឆ្នាំហើយ»។
តាំងពីរៀបការជាមួយលោក អ៊ឹង ប៊ុនលាភ នៅក្នុងឆ្នាំ២០០៦មក ប្រពន្ធដែលសុខចិត្តលះបង់ដែនដីអាមេរិកមករស់នៅឲ្យបានជុំគ្នា ជាមួយប្តីរូបនេះបានឲ្យដឹងថា ស្ត្រីចំណាស់រូបនេះតែងរករឿងនាង និងស្វាមីរហូតតាំងពីចូលរោងការមក មួយខែឬពីរខែតែងធ្វើអ្វីមួយឲ្យគ្រួសារនាងមានបញ្ហា តែមិនដែលកើតមានខ្លាំងដូចលើកនេះឡើយ។
ដើម្បីស្វែងរកដំណោះស្រាយ អ្នកស្រី ម៉ុក ភក្តី ក៏បានដាក់ពាក្យបណ្តឹងទៅកាន់ក្រសួងមហាផ្ទៃ ប៉ុន្តែរហូតមកទល់នឹងពេលនេះមិនទាន់មានដំណឹង ឬក៏ទទួលបានព័ត៌មានអ្វីបន្តិចពីលោក អ៊ឹង ប៊ុនលាភ នៅឡើយ។ ដូច្នេះអ្នកនាងគ្រោងនឹងដាក់ពាក្យបណ្តឹងមួយបន្ថែមទៀតទៅកាន់ អគ្គស្នងការនគបាលជាតិដើម្បីពន្លឿនរឿងនេះ។
ដោយមិនដឹងច្បាស់ថា លោកអ៊ឹង ប៊ុនលាភ រត់ទៅជ្រកកោនជាមួយជំទាវនោះ ឬបោះបង់នាងចោល ឬយ៉ាងណា តែនៅពេលនេះ អ្នកស្រី ម៉ុក ភក្តី បានសម្តែងភាពក្តៅក្រហាយចំពោះលោក អ៊ឹង ប៊ុនលាភ ដែលជាស្វាមីខ្លួន ដោយនាងបាននិយាយថា លោក អ៊ឹង ប៊ុនលាភ ធ្វើបែបនេះមិនសមជាមនុស្សប្រុសទេ។ អ្នកស្រីបន្តថា លោក អ៊ឹង ប៊ុនលាភ មិនគួរណាទៅចោលនាងបាត់ ដោយគ្មានដំណឹងសូម្បីបន្តិចបែបនេះទេ ហើយគាត់ក៏មិនគួរទៅបាត់ដោយគ្មានរវល់នឹងសុខទុក្ខអ្នកស្រីជា ប្រពន្ធដែរ។
នាងនិយាយថា៖ «ឥឡូវខ្ញុំដូចជាក្តៅក្រហាយណាស់ គាត់ធ្វើបែបនេះមិនត្រូវទេ មិនគួរគាត់ទៅបាត់ដោយគ្មានដំណឹងទុកខ្ញុំចោលក្បាលមួយម្នាក់ឯង ដែលខ្ញុំមកពីអាមេរិកអត់មានស្គាល់គេទេ។ បើគាត់កូនប្រុសគាត់គួរតែទូរស័ព្ទមកប្រាប់បន្តិចមក តែអានេះអត់ទេ បើគាត់មិនចង់និយាយជាមួយខ្ញុំ ចុះមិត្តភក្តិគាត់គគោកប្រាប់គេទៅ! ខ្ញុំហួសចិត្តណាស់ ព្រោះមុនបាត់ខ្លួន ខ្ញុំនិងគាត់គ្មានរឿងឈ្លោះប្រកែកគ្នាទេ បន្តិចក៏គ្មានផង»។
ពាក់ព័ន្ធនឹងស្ត្រីវ័យចំណាស់ម្នាក់ដែលកំពុងស្ថិតក្នុងការ សង្ស័យថា ជាអ្នកឆក់យកប្តីនាងពីទ្រូងនោះ ប្រពន្ធពេញច្បាប់ដែលអះអាងថាខ្លួនហ៊ានលះបង់អ្វីគ្រប់យ៉ាង សម្រាប់ ប៊ុនលាភ នោះបានបញ្ជាក់ថា នាងស្គាល់មុខស្ត្រីម្នាក់នោះ ហើយជាញឹកញាប់ស្ត្រីម្នាក់នោះតែងមានមុខនៅលើកញ្ចក់ទូរទស្សន៍ ។ ស្ត្រីមានឋានៈជាជំទាវរូបនោះមានទាំងប្រាក់ មានទាំងអំណាច ដូច្នេះទើបគេ[ ជំទាវ] ហ៊ានគំរាមនាងសព្វបែបយ៉ាង រួមទាំងអាយុជីវិតទៀតនោះ។
អ្នកស្រីប្រាប់ថា៖«និយាយទៅស្ត្រីម្នាក់ហ្នឹង គេមានឋានៈជាជំទាវ គេមានខ្នងធំណាស់ ហើយគេមានទៀត ខ្ញុំស្គាល់ម្នាក់ហ្នឹង គេឧស្សាហ៍ចេញមុខតាមទូរទស្សន៍ណាស់ ហើយពេលមួយខ្ញុំធ្លាប់ជួបផ្ទាល់ម្តងក្នុងពិធីជប់លៀងអ្នកធំៗ តែពេលនោះគ្មានបញ្ហាអីទេ»។
ដោយមិនហ៊ានសន្និដ្ឋានថា លោក អ៊ឹង ប៊ុនលាភ មានសម្ពាធអ្វី ហើយបែរខឹងវិញនោះ អ្នកស្រីអាណិកជនរូបនោះបានប្រកាសឲ្យដឹងថា ប្រសិនបើលោក អ៊ឹង ប៊ុនលាភ នៅតែធ្វើទង្វើបែបនេះ មិនព្រមចេញមុខមកទៀត អ្នកស្រីក៏បណ្តោយតាមហ្នឹងទៅចុះ ចង់ធ្វើអ្វីក៏ធ្វើទៅ តែគួរតែប្រាប់រូបនាងឲ្យដឹងផង ហើយបើលោក អ៊ឹង ប៊ុនលាភ ចង់គេចពីអ្នកស្រី គេគ្រាន់ផ្តិតមេដៃលែងលះឲ្យអ្នកស្រីជាការចប់រឿង។
នាងបានបញ្ជាក់ថា៖ «ខ្ញុំគិតថា គ្រាន់តែទូរស័ព្ទមកខ្ញុំបន្តិចហេតុអ្វីធ្វើមិនបាន។ បើគាត់ចង់គេចមុខពីខ្ញុំបែបនេះ គាត់ធ្វើអីក៏ធ្វើទៅចុះ តែបើគាត់ចង់ធ្វើដូច្នេះមែន គាត់ត្រូវមកផ្តិតមេដៃលែងលះជាមួយខ្ញុំដើម្បីបញ្ចប់សាច់រឿង»៕
ភ្នំពេញ ប៉ុស្តិ៍







