ខេត្តមណ្ឌលគិរីៈបន្ទាប់ពីការធ្វើដំណើរទស្សនាកម្សាន្តនៅលើទឹកដីខេត្តមណ្ឌលគិរី ដែលស្ថិតនៅភូមិភាគឦសាននៃប្រទេសកម្ពុជាមកនោះ បានធ្វើឲ្យបុរសជាតិអង់គ្លេសម្នាក់ត្រូវជាប់ចិត្តនឹងសត្វ ដំរីនៅប្រទេសមួយនេះ។
លោក ជេក ហៃវូដ ដែល ជាអ្នកគ្រប់គ្រងគម្រោង Elephant Valley បានចំណាយថវិកាជាច្រើនដើម្បីជួលលើវិសាលភាពព្រៃឈើនេះ ដោយមើលឃើញមានសត្វដំរី១២ក្បាលត្រូវបានគេយកទៅប្រើហួសកម្លាំង នៃការបម្រើសេវាកម្មទេសចរណ៍ កសិកម្ម និងការអូសឈើហ៊ុបជាដើមមកនោះ។
នៅឆ្នាំ២០០៥ គាត់បានបង្កើតអង្គការសប្បុរសធម៌នេះដោយផ្តោតលើផ្នែកសេវាកម្ម និងកម្មវិធីស្រាវជ្រាវថែរក្សា។ មួយឆ្នាំក្រោយមក លោកបានបង្កើតអង្គការគម្រោង Elephant Valley ដែលមានមហិច្ឆតាធំជាងមុន។
លោក ហៃវូដ មានក្រុមការងាររបស់លោកចំនួនប្រមាណជា៣៥ ទៅ៤០នាក់នៅតាមភូមិដ្ឋាននានានៃសហគមន៍របស់លោក។ លោកបាននិយាយថា៖ «យើងមិនត្រឹមតែចង់ផ្តល់ទីជម្រកដល់សត្វដំរីប៉ុណ្ណោះទេ គឺចង់ភ្ជាប់ទំនាក់ទំនងមនុស្សជាមួយការអភិរក្សព្រៃឈើទៀតផង»។
សហគមន៍របស់លោកមានសេវាកម្មបម្រើដល់ភ្ញៀវទេសចរដូចជា វិឡាតឿចំនួនបួន ផ្ទះស្នាក់នៅដាក់៧គ្រែមួយខ្នង និងមានមួយខ្នងទៀតអាចដាក់បានគ្រែ ១៦។ បន្ទប់ទឹកមានបំពាក់នូវប្រព័ន្ធទឹកផ្កាឈូកធ្វើឲ្យត្រជាក់ចិត្ត តែម្តង។
ជាអកុសល មានក្តីបារម្ភបន្តិចបន្តួចដែរសម្រាប់ភ្ញៀវគឺការរំខានពីសំណាក់ សត្វមូស។ វាជាទីកន្លែងមួយប្រកបដោយទិដ្ឋភាពមនោរម្យតែម្តងហើយសម្រាប់ ទឹកដីខេត្តមណ្ឌលគិរីនេះ។
នៅពេលព្រឹកគេឃើញនៅទីនេះមានសត្វដំរីគឺជាមធ្យោបាយធ្វើដំណើរ កម្សាន្តរបស់ទេសចរនៅជុំវិញព្រៃព្រឹក្សា និងភូមិដ្ឋាននៃសហគមន៍។ ក្រុមភ្ញៀវទេសចរភាគច្រើនទទួលបានអារម្មណ៍ស្រស់ស្រាយនឹងទិដ្ឋភាព ធម្មជាតិ និងមានផ្លែឈើគួរឲ្យចង់ទទួលទានផងដែរ។
គេក៏ឃើញមានក្រុមការងារស្ម័គ្រចិត្តមួយចំនួនបានធ្វើការយ៉ាង ដុតដៃដុតជើងនាពេលរសៀលក្នុងការកសាងសំណង់ និងការធ្វើសួនកម្សាន្តនានានៅទីនោះ។ លុះពេលសម្រាកពីការកម្សាន្តនោះ ក្រុមភ្ញៀវបានទទួលទានជាមួយម្ហូមអាហារស្រស់ៗតាមប្រពៃណីខ្មែរ ដែលមានចុងភៅដ៏ចំណានផងដែរ។
លោក ហៃវូដ គឺជាអ្នកបង្កើតនូវគម្រោងនេះឡើង និងបានបង្កើតក្រុមមគ្គុទេ្ទសក៍ទេសចរនៅតំបន់ និងមានក្រុមពេទ្យសត្វសម្រាប់ព្យាបាលដំរីនាពេលវាឈឺផងដែរ។
មានសត្វដំរីជាច្រើន ដែលអង្គការរបស់លោកមានគម្រោងជួយសង្គ្រោះ ដោយក្នុងនោះមានពីរក្បាលរងរបួសដោយគ្រាប់មីន ហើយលោកក៏មានគម្រោងចង់បង្កាត់ពូជពួកវាបន្ត ដើម្បីកុំឲ្យផុតពូជ និងជាគោលការណ៍នៃការអភិរក្សព្រៃឈើ និងសត្វព្រៃនៅកម្ពុជា។ ព័ត៌មានបន្ថែមសូមទៅកាន់www.elephantvalleyproject.org៕ PR
ភ្នំពេញ ប៉ុស្តិ៍







