Headlines:

ច្បាប់​ទាក់ទង​ការ​គ្រប់គ្រង​សំណង់​កំពុង​រៀបចំ​យ៉ាង​យក​ចិត្ត​ទុក​ដាក់

120621_06
ច្បាប់​គ្រប់​គ្រង​សំណង់ នឹង​ធ្វើ​ឲ្យ​មាន​ទំនុកចិត្ត​ពី​សាធារណជន ។ រូបថត ស្រេង ម៉េងស្រ៊ុន

ភ្នំពេញៈ ក្រសួង​រៀបចំ​ដែន​ដី នគរូបនីយកម្ម និង​សំណង់​ នៅ​ពេល​នេះ​កំពុង​រៀបចំ​អនុក្រឹត្យ​ស្តី​អំពី​បទដ្ឋាន​ដែល​ពាក់ព័ន្ធ​នឹង​ វិស័យ​សំណង់​មួយ​ចំនួន​បន្ថែម​ទៀត​ ដើម្បី​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​កំណើន​​វិស័យ​សំណង់​នា​ពេល​បច្ចុប្បន្ន។​

លោក ​ឡៅ ទិព្វ​សីហា​ អគ្គនាយក​រង​នៃ​អគ្គនាយក​ដ្ឋាន​សំណង់​ និង​ជា​អគ្គលេខាធិការ​រង​នៃ​គណៈ​ស្ថាបត្យករ​កម្ពុជា​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​បច្ចុប្បន្ន​ក្រសួង​កំពុង​មមាញឹក​យ៉ាង​ខ្លាំង​ក្នុង​ការ​រៀបចំ​ច្បាប់​ សំណង់​ មាន​ជាដូច​ជា ការ​កែសម្រួល​អនុក្រឹត្យ​លេខ៨៦ ស្តី​ពី​លិខិត​អនុញ្ញាត​សាង​សង់​ អនុក្រឹត្យ​ស្តី​ពី​ការ​ផាក​ពិន័យ​បទ​ល្មើស​សំណង់​ អនុក្រឹត្យ​ស្តី​ពី​ការ​ជួសជុល​សំណង់​អគារ​ អនុក្រឹត្យ​ស្តី​ពី​នគរូបនីយកម្ម​ សំណង់​ រាជធានី-ខេត្ត ក្រុង​ អនុក្រឹត្យ​ស្តី​ពី​ការ​រៀបចំ ទឹក​ដី​ និង​ច្បាប់​ផ្សេងៗ​ជា​ច្រើន​ទៀត​សម្រាប់​ផែន​ការ​ឆ្នាំ​២០១២ និង​២០១៣​។

លោក​អគ្គនាយក​រង​នៃ​អគ្គ​នាយកដ្ឋាន​សំណង់​រូប​នេះ​បាន​ថ្លែង​ថា​៖«ខ្ញុំ ​គិត​ថា ​វិស័យ​សំណង់​នៅ​កម្ពុជា​ពេល​នេះ​កំពុង​កើន​ឡើង​ ដូច្នេះ​ត្រូវ​ការ​មាន​ច្បាប់​សម្រាប់​ធ្វើ​ការ​គ្រប់​គ្រង ហើយ​ណាមួយ​វា​ជា​តម្រូវ​ការ​យ៉ាង​ទទូច​ពី​អ្នក​វិនិយោគទុន​ ដើម្បី​ឲ្យ​ការ​សាង​សង់​របស់​គេ​ប្រកប​ដោយ​សុវត្ថិភាព ​គុណភាព ​សោភ័ណភាព​នៃ​បរិស្ថាន​ទីក្រុង​ល្អ​ សម្រាប់​ការ​រស់នៅ​ផង»។

លោក​បាន​ថ្លែង​បន្ត​ទៀត​ថា បើ​ទោះបីជា​ច្បាប់​នេះ​កំពុង​រៀបចំ​យ៉ាង​ខ្លាំង​ក្លា​ក៏​ដោយ ប៉ុន្តែ​យើង​មិន​ដឹង​ច្បាស់​ថា​បញ្ចប់​នៅ​ពេល​ណា​នោះ​ទេ គឺ​វា​អាស្រ័យ​លើ​ពេលវេលា​នៃ​ការ​រៀបចំ​តែ​ប៉ុណ្ណោះ​។

លោក ​ច្រឹក ​សុខនីម​ អនុប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ​វីត្រាស់​ បាន​ឲ្យ​ដឹង​ថា​ ការ​រៀបចំ​ធ្វើ​ច្បាប់​នេះ​ជា​រឿង​ល្អ​ សម្រាប់​អ្នក​វិនិយោគ​ទាំងអស់​ដើម្បី​ពង្រឹង​គុណភាព​សំណង់​សម្រាប់​ជា​ការ ​ឆ្លើយ​តប​ទៅ​នឹង​ការ​រីក​ចម្រើន​នៃ​វិស័យ​សំណង់​អគារ​នៅ​កម្ពុជា​។​ លោក​បន្តថា​ បើ​ច្បាប់​ទាំង​អស់​នេះ​បាន​អនុម័ត​ហើយ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ នោះ​អ្នក​វិនិយោគ​ទាំង​អស់​នឹង​មាន​​ទំនុក​ចិត្ត​លើ​ការ​សាងសង់​ដោយ​យក​គុណ ភាព​ជា​មូលដ្ឋាន​។

លោក​អនុប្រធាន​ក្រុមហ៊ុន​រូប​នេះ​បាន​បញ្ជាក់​ថា​៖«​ច្បាប់​នេះ​ហាក់​បី​ ដូចជា​កំពុង​រឹត​បន្តឹង​ដល់​អ្នក​វិនិយោគ​លើ​ការ​សាងសង់​ ប៉ុន្តែ​ការ​ពិត​បែរ​ជា​វា​ផ្តល់​អត្ថប្រយោជន៍​ដល់​ពួក​គេ​ទៅ​វិញ​ទេ​ក្នុង ​ការ​ពង្រឹង​ការ​វិនិយោគ​ឲ្យ​មាន​ភាព​ច្បាស់​លាស់​អាច​ឲ្យ​ពួក​គេ​គេច​ផុត​ ពី​ហានិភ័យ​ផ្សេងៗ​ដែល​បង្ក​ឡើង​ពី​សំណង់​អគារ​គ្មាន​គុណភាព​ និង​ធ្វើ​ឲ្យ​មាន​ទំនុក​ចិត្ត​ពី​សាធារណជន​ទូទៅ​ ដោយ​សំណង់​មាន​ការ​ត្រួត​ពិនិត្យ​ត្រឹមត្រូវ​ពី​ប្រព័ន្ធ​ច្បាប់​សំណង់​ របស់​រដ្ឋាភិបាល​កម្ពុជា​»​។​

លោក​បន្ថែម​ថា ច្បាប់​នេះ​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​សប្បាយ​ចិត្ត​ទេ ​ប៉ុន្តែ​ក៏​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​មួយ​ចំនួន​មាន​ការ​បារម្ភ​ពី​ការ​រៀបចំ​ ធ្វើ​ច្បាប់​នេះ​ដែរ​។

លោក​ អ៊ូច ពិសាល ​ជំនួយ​ការ​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅដ្ឋាន​បុរី​វិមាន​ភ្នំពេញ​បាន ថ្លែង​ថា​ ច្បាប់នីមួយៗ​គួរតែ​ពិនិត្យឲ្យ​បាន​ច្បាស់​លាល់​ ​ពិសេស​ស្ថាប័ន​ពាក់​ព័ន្ធ​មេត្តា​ពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់​ទៅ​តាម​បច្ចេក ​ទេស​ឲ្យ​បាន​លឿន​ចៀសវាង​ធ្វើ​ឲ្យ​ការ​ស្នើសុំ​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅដ្ឋាន​មាន​ភាព​យឺតយ៉ាវ ​ដែល​អាច​រាំង​ស្ទះ​ដល់​ការ​សាង​សង់​។

លោក ពិសាល បាន​បញ្ជាក់​ថា​៖«​វាល្អ​នៅ​ពេល​ច្បាប់​នេះ​ចាប់​ផ្តើម​អនុវត្ត​ជា​ផ្លូវ​ការ ​ប៉ុន្តែ​គ្រប់​ស្ថាប័ន​ទាំង​អស់​ដែល​ពាក់​ព័ន្ធ​សូម​ជួយ​សហការ​ពន្លឿន សកម្ម​ភាព​ស្នើ​សុំ​របស់​វិនិយោគិន​ឲ្យ​បាន​លឿន​កាន់​តែ​ល្អ​»​។​ លោក​បន្ត​ថា ​បើ​លក្ខខណ្ឌ​នៅ​ក្នុង​ច្បាប់​មាន​ភាព​សម​ស្រប​គ្មាន​​គំនាប​ដល់​ក្រុមហ៊ុន​ សាង​សង់​ពោល​គឺ​ដើម្បី​ការ​ពារ​ គាំទ្រ​ និង​លើក​ទឹក​ចិត្ត​ដល់​អ្នក​វិនិយោគ​នោះ​លោក​ក៏​គ្មាន​អី្វ​បារម្ភ​ទេ​ ហើយ​បែរ​ជា​សាទរ​ទៅ​វិញ​៕