ក្រុងឡុងដ៍: គូប្រជែងណាម្នាក់ក្រៅពីកីឡាករ Novak Djokovic កីឡាករ Rafa Nadal ឬក៏ Roger Federer ប្រហែលជាមិនអាចធ្វើរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយនៅលើទីលាន All England Club សម្រាប់រយៈពេល៦សប្តាហ៍ខាងមុខនេះឡើយ ខណៈដែលការប្រកួតកីឡាវាយកូនបាល់ពិភពលោកនឹងបោះជំហានសម្រាប់ភាព អស្ចារ្យទ្វេដងនៅក្នុងព្រឹត្តិការណ៍ Wimbledon។
កីឡាករជាច្រើននាក់ផ្សេងទៀត នឹងព្យាយាមដើម្បីបំបែកនូវការគ្រប់គ្រងនេះ ដែលត្រូវបានស្ថិតក្រោមម្ចាស់ការពារតំណែងជើងឯក Djokovic ម្ចាស់ជើងឯកពីរសម័យកាល Nadal និងម្ចាស់ជើងឯក៦សម័យកាល Federer ប៉ុន្តែភស្តុតាងបង្ហាញថា គូប្រជែងទាំងនោះនឹងចាកចេញទាំងខកចិត្ត និងអស់សង្ឃឹម ដោយមិនមែនត្រឹមតែ១លើកឡើយ ប៉ុន្តែទ្វេដង។
បច្ចុប្បន្ន កីឡាករកំពូលទាំងបីរូបនេះ បានឈ្នះពានរង្វាន់ចំនួន២៨ក្នុងចំណោមពានរង្វាន់ក្របខ័ណ្ឌ Grand Slam ទាំង២៩ចុងក្រោយ ខណៈពួកគេនឹងទទួលជ័យជម្នះទាំង២៩លើក ប្រសិនបើ Federer មិនបានខ្ជះខ្ជាយនូវការនាំមុខចំនួនមួយសិតរបស់គេនៅពេលប្រកួត ជាមួយនឹង Juan Martin del Potro ក្នុងព្រឹត្តិការណ៍ US Open វគ្គផ្តាច់ព្រ័ត្រកាលពីឆ្នាំ២០០៩ទេនោះ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ មកដល់ពេលនេះ មិនមាននរណាម្នាក់ស្ថិតនៅយ៉ាងប្រកៀកដើម្បីបញ្ចប់រជ្ជកាលនោះឡើយ ។
គូប្រជែងនាំមុខគេទាំងបីរូបនេះ បានធ្វើដំណើរឆ្ពោះទៅមុខយ៉ាងងាយស្រួល ខណៈដែលពួកគេព្យាយាមដើម្បីទទួលជ័យជម្នះពានរង្វាន់ពីរលើកជាប់ៗ គ្នានៅលើទីលាននៃប្រទេសអង់គ្លេស ដោយ Wimbledon នឹងបើកទ្វាររបស់ខ្លួនយ៉ាងទូលាយសម្រាប់ការប្រកួតក្របខ័ណ្ឌ Grand Slam នៅទីលានស្មៅនៅថ្ងៃនេះ និងម្តងទៀតសម្រាប់ព្រឹត្តិការណ៍កីឡាវាយកូនបាល់អូឡាំពិកទីក្រុងឡុងដ៍នាថ្ងៃទី២៨ ខែកក្កដា។
នៅខណៈនោះផងដែរនៅក្នុងការចាប់ឆ្នោតប្រកួតផ្នែកស្ត្រី កីឡាការិនី Maria Sharapova នឹងធ្វើដំណើរទៅប្រកួតនៅលើទីលានវាលស្មៅក្នុងព្រឹត្តិការណ៍ Wimbledon ក្នុងនាមជាអ្នកមានក្តីសង្ឃឹមច្រើនជាងគេ ក្រោយពីបានបំពេញនូវការឈ្នះពានរង្វាន់របស់ក្របខ័ណ្ឌ Grand Slam ទាំងបួននៃអាជីពរបស់ខ្លួន និងដណ្តើមបានចំណាត់ថ្នាក់កំពូលរបស់ខ្លួនវិញ។
កីឡាការិនីសញ្ជាតិរុស្ស៊ីរូបនេះ នឹងទៅកាន់ទីលានប្រកួតក្នុងនាមជាអ្នកមានចំណាត់ថ្នាក់លេខ១ ប្រចាំព្រឹត្តិការណ៍ និងលេខ១នៅលើពិភពលោក ក្រោយពីបានរក្សានូវការអត់ធ្មត់ក្នុងរយៈពេលយ៉ាងយូររបស់ខ្លួន ដើម្បីឈ្នះពានរង្វាន់ French Open ជាលើកទី១របស់នាងក្នុងទីក្រុងប៉ារីសកាលពីដើមខែនេះ៕ IS
ភ្នំពេញ ប៉ុស្តិ៍

