Headlines:

កីឡាករ-ការិនី​៨នាក់​ទៅ​ហ្វឹកហាត់​នៅ​ចិន

120625_26a
កីឡាករ-ការិនីទាំង​៨​រូប​​​ថត​រួម​គ្នានៅ​អាកាស​យាន​​ដ្ឋាន​​​​​​​​​អន្តរជាតិ​ភ្នំពេញ នៅមុន​ពេល​ចេញ​ដំណើរ​​ទៅហ្វឹក​ហាត់នៅ​ចិន​។ រូប​ថត កាំង សុធា

ភ្នំពេញ: កីឡាករ-ការិនី​របស់​កម្ពុជា​ចំនួន​៨​រូប​បាន​ចេញ​ដំណើរ​ទៅ​កាន់​ទីក្រុង​ ប៉េកាំង ​កាល​ពី​ព្រឹក​ថ្ងៃ​ម្សិលមិញ ដើម្បី​ធ្វើ​ការ​ហ្វឹកហាត់​រយៈ​ពេល​ពីរ​សប្តាហ៍​ដើម្បី​ត្រៀម​លក្ខណៈ​ សម្រាប់​ព្រឹត្តិការណ៍​អូឡាំពិក​ទីក្រុង​ឡុងដ៍ ​និង​ការ​ប្រកួត​អន្តរជាតិ​នានា​។

ជំហាន​ដែល​នាំ​ឲ្យ​មាន​ការ​បញ្ជូន​ប្រតិភូ ​និង​អត្ត​ពលិក​គឺ​យោង​តាម​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​រវាង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ​និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​នៃ​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន (COC) កាល​ពី​ឆ្នាំ​២០១១​។

លោក វ៉ាត់ ចំរើន អគ្គ​លេខាធិការ NOCC  បាន​ឲ្យ​ភ្នំពេញ​ ប៉ុស្តិ៍​ដឹង​នា​ពិធី​ជូន​ដំណើរ​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថា ​ភាគី​កម្ពុជា​ទទួល​បន្ទុក​លើ​តម្លៃ​សំបុត្រ​យន្ត​ហោះ​ ហើយ​ភាគី​ចិន​ ជា​អ្នក​ទទួល​បន្ទុក​រ៉ាប់​រង​លើ​ការ​ហូប​ចុក ការ​ស្នាក់​នៅ រហូត​ដល់​បញ្ចប់​ការ​ហ្វឹកហាត់​នៅ​ថ្ងៃ​ទី៧ ខែ​កក្កដា ដែល​នេះ​គឺជា​ដំណាក់កាល​ចាប់​ផ្តើម​អនុវត្ត​កិច្ច​ព្រមព្រៀង។

ប្រតិភូ​ពីរ​នាក់​គឺ​លោក ហែម សំណាង អគ្គ​លេខាធិការ​រង និង លោក ញាន សុខ​វិសាល មន្ត្រី​សម្រប​សម្រួល​នៃ NOCC ក៏​បាន​រួម​ដំណើរ​ជាមួយ​ក្រុម កីឡាករ-កីឡាការិនី​ផង​ដែរ។

លោក កាំង សុធា មន្ត្រី​ព័ត៌មាន​នៃ NOCC បាន​បញ្ជាក់​ថា ក្នុង​ចំណោម​កីឡាករ-កីឡាការិនី​ទាំង​៨​រូប​នោះ ​មាន​៤​រូប​គឺជា​អត្តពលិក​ដែល​ត្រៀម​ខ្លួន​សម្រាប់​យុទ្ធនាការ​កីឡា​អូឡាំពិក​ទីក្រុង​ឡុងដ៍ ដូចជា កីឡាករ​ហែល​ទឹក​ ហែម ថុនពន្លឺ កីឡា​ការិនី​ហែល​ទឹក ហែម ថុនវិទិនី កីឡាករ​អត្ត​ពលកម្ម កៀង សាម៉ន កីឡា​ការិនី​អត្តពលកម្ម ចាន់ សីហា។

រីឯកីឡាករ-ការិនី​បួន​រូប​ទៀត មិន​មែន​ជា​បេក្ខភាព​សម្រាប់​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ទេ ប៉ុន្តែ​ពួក​គេ​ហ្វឹកហាត់​ដើម្បី​ត្រៀម​ខ្លួន​ក្នុង​ជំនួប​អន្តរជាតិ​នានា ដែល​ក្នុង​នោះ​រួម​មាន កីឡា​ការិនី​តេក្វាន់ដូ ស៊ន សៀវម៉ី កីឡាករ​តេក្វាន់ដូ ជ័យ រិទ្ធី កីឡាករ​វាយ​កូន​ឃ្លី​លើ​តុ តាំង ហាវ និង ណៃ សារ៉ាវ័យ។

ដោយ​ឡែក អត្តពលិក​ពីរ​រូប​ទៀត​ដែល​ត្រៀម​ខ្លួន​សម្រាប់​ព្រឹត្តិការណ៍​ទីក្រុង​ ឡុងដ៍​ដែរ​នោះ ​គឺ​កីឡាករ​យូដូ ខុម រតនៈមុនី និង កីឡាការិនី​តេក្វាន់ដូ ស៊ន ដាវីន។ រតនៈ​មុនី កំពុង​តែ​ហ្វឹក​ហាត់​នៅ​ក្នុង​ប្រទេស​បារាំង ខណៈ ដាវីន បាន​ចេញ​ទៅ​ហ្វឹក​ហាត់​នៅ​អង់គ្លេស​ចាប់​តាំង​ពី​ថ្ងៃ​ទី១៣ ខែ​មិថុនា មក​ម៉េ្លះ។

ទោះ​បី​មាន​ការ​ប្រឹងប្រែង​ពី​កីឡាករ​កីឡាការិនី​ និង​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​ថ្នាក់​ដឹក​នាំ​ និង​បណ្តា​ប្រទេស​ជា​មិត្ត​នៅ​លើ​ពិភពលោក​យ៉ាង​ណា​ក៏​ដោយ ​ប៉ុន្តែ​តាម​ការ​បញ្ជាក់​ពី​លោក​ វ៉ាត់ ចំរើន ការ​ប្រឹងប្រែង​ទាំង​នេះ មិន​រំពឹង​ថា​ កម្ពុជា​ទទួល​បាន​មេដាយ​ភ្លាមៗ​ពី​ព្រឹត្តិការណ៍ កីឡា​អូឡាំពិក ឬ​ព្រឹត្តិការណ៍​អន្តរជាតិ​នានា​នោះ​ទេ ប៉ុន្តែ​យើង​ត្រូវ​តែ​មាន​ការ​ខំ​ប្រឹងប្រែង​ដើម្បី​ឲ្យ​មាន​បច្ចេកទេស រីក​ចម្រើន​ទៅ​មុខ​ជា​លំដាប់​។

សម្រាប់​លោក​អគ្គលេខាធិការ NOCC កត្តា​ដែល​សំខាន់​នោះ​ គឺ​អត្តពលិក​អាច​បំបែក​កំណត់​ត្រា​ខ្លួន​ឯង៕



This content has been locked. You can no longer post any comments.
Show/hide comments
busy