Headlines:

ឡៅ ស៊ីណាត ក្លាយ​ជា​ម្ចាស់​ប្រាក់​ក្នុង​ធនាគារ

120625_25a
ស៊ីណាត (ខៀវ​) ទទួល​ជ័យ​ជម្នះ​លើ សីហា ដើម្បី​ក្លាយ​ជា​ម្ចាស់​ប្រាក់​ក្នុងធនាគារ​។ ស្រេង ម៉េង​ស្រ៊ុន​

ភ្នំពេញ: អ្នក​ប្រដាល់​ក្បាច់​ចម្រុះ​មក​ពី​ក្លិប​កង​ពល​តូច​ឆត្រ​យោង​៩១១ ឡៅ ស៊ីណាត បាន​ក្លាយ​ជា​ម្ចាស់​ប្រាក់​ក្នុង​ធនាគារ​ដែល​មាន​ទឹក​ប្រាក់​២​លាន​រៀល បន្ទាប់​ពី​រូប​គេ​បាន​ប្រើ​បច្ចេក​ទេស​ផ្ទាល់​ខ្លួន​យក​ឈ្នះ​អ្នក​លេង​ ទម្ងន់​ដៃ ពេជ្រ សីហា នា​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ នៅ​លើ​សង្វៀន​ប៉ុស្តិ៍​លេខ​៣ កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍​ កន្លង​មក​នេះ។

នៅ​ក្នុង​កម្មវិធី​ប្រកួត ដែល​មាន​កីឡាករ​ចំនួន​៤​នាក់​ចូល​រួម​ប្រកួត​នេះ ឡៅ ស៊ីណាត ធ្លាប់​បាន​ចាញ់​ក្រោម​ទម្ងន់​ដៃ ពេជ្រ សីហា ម្តង​រួច​មក​ហើយ នា​ជំនួប​វិល​ជុំ​សប្តាហ៍​ទី២ ខណៈ​រូប​គេ​បាន​ធ្លាក់​កម្លាំង​នៅ​ចុង​ទឹក​ទី​៥​។ ប៉ុន្តែ​ក្នុង​ការ​ប្រកួត​លើក​នេះ ស៊ីណាត បាន​កែប្រែ​ស្ថាន​ភាព​ប្រកួត​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ដើម្បី​លាង​ជម្រះ​ការ​បរាជ័យ​លើក​មុន។

ចាប់​ផ្តើម​ការ​ប្រកួត​ភ្លាម សីហា ដែល​បាន​អះអាង​មុន​ថា ខ្លួន​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​យក​ឈ្នះ ស៊ីណាត ម្តង​ទៀត​នោះ បាន​បង្ហាញ​ភាព​ខ្លាំង​តាម​រយៈ​ការ​ម៉ាត់​ចេញ​លឿនៗ​ ហើយ​វា​ក៏​ជា​ស្នៀត​ដែល​ដាក់​គំនាប​ដល់​ការ​ចូល​បុក​ជង្គង់ និង​វាយ​កែង​របស់​ ស៊ីណាត ផង​ដែរ។ នៅ​ទឹក​ទី​២​ និង​ទី៣ សីហា បាន​បង្កើន​ការ​ម៉ាត់​យ៉ាង​ខ្លាំង ប៉ុន្តែ​ស្រប​ពេល​ជា​មួយ​គ្នា​នោះ ស៊ីណាត បាន​ព្យាយាម​ប្តូរ​កណ្តាប់​ដៃ រួច​ស្ទុះ​ចូល​បុក​ជង្គង់ និង​ច្រាស​កែង​ចូល​ចំ​ផ្ទៃ​មុខ សីហា វិញ​បាន​យ៉ាង​ណាល្អ។ តែ​ទោះ​បី​ជា​យ៉ាង​ណា កណ្តាប់​ដៃ​វាយ​សន្ធាប់​ចំ​ផ្ទៃ​មុខ​និង​ចូល​ធុង​ទឹក​ពេញៗ​របស់ សីហា បាន​ធ្វើ​ឲ្យ ស៊ីណាត ស្រុត​កម្លាំង​យ៉ាង​ខ្លាំង នៅ​ចុង​ទឹក​ទី៣។

ស្ថានភាព​នេះ បាន​ធ្វើ​អ្នក​ឲ្យ​ទស្សនា​មួយ​ចំនួន​ធំ​ធ្វើ​ការ​វាយ​តម្លៃ​ថា​ «ស៊ីណាត​នឹង​អស់​ថាមពល​នៅ​ទឹក​ទី​៤​ឬ​ទី​៥ ហើយ​ពេល​នោះ​រូប​គេ​នឹង​បរាជ័យ​ក្រោម​កណ្តាប់​ដៃ សីហា ជា​ថ្មី​ម្តង​ទៀត»។

ប៉ុន្តែ ឡៅ ស៊ីណាត មិន​បាន​បណ្តោយ​ឲ្យ​ស្ថានភាព​ច្រំ​ដែល កើត​មាន​ឡើង​ចំពោះ​រូប​គេ​ម្តង​ទៀត​នោះ​ឡើយ។ គ្រាន់​តែ​ទឹក​ទី៤​ចាប់​ដំណើរ​ការ​ភ្លាម ស៊ីណាត បាន​ទាត់​ស្កាត់​ចូល​កណ្តៀត​ក្អម​ សីហា ពេញៗ មុន​ពេល​រូប​គេ​ចូល​ម៉ាត់ និង ច្រាស​កែង​បន្ថែម​។

ស្នៀត​ទាំង​នេះ បាន​ធ្វើ​ឲ្យ​មហិច្ឆតា​ចូល​វាយ​លុក​របស់ សីហា រង​ការ​លំបាក​យ៉ាង​ខ្លាំង ប៉ុន្តែ​នៅ​ចុង​ទឹក​នេះ សីហា បាន​ម៉ាត់​ចំផ្ទៃ​មុខ ស៊ីណាត ពេញៗ​ចំនួន​៣​ទៅ​៤​ដៃ ហើយ​១​ដៃ​ចុង​ក្រោយ​របស់​គេ ស្ទើរ​តែ​បណ្តាល​ឲ្យ ស៊ីណាត ដួល​អុកគូទ​។ តែ​ទោះបីជា​យ៉ាង​ណា សម្រាប់​ការ​ប្រកួត​កាត់​សេចក្តី​នៅ​ទឹក​ទី៥ ស៊ីណាត មិន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​ខ្លួន​បាក់​ទឹក​ចិត្ត​នោះ​ឡើយ។ រូប​គេ​បាន​ប្រើប្រាស់​កម្លាំង​ចុង​ក្រោយ វាយ​សង្គ្រប់​យ៉ាង​ខ្លាំង ហើយ​ការ​ទាត់​ស្កាត់​ចូល​ចំ​ពេញៗ​របស់​គេ​បាន​ធ្វើ​ឲ្យ សីហា ហាក់​មាន​ការ​ថម​ថយ​កម្លាំង​ច្រើន។ ជាង​នេះ​ទៅ​ទៀត​នៅ​ពេល សីហា ព្យាយាម​ចូល​ប្តូរ​ជង្គង់​នោះ ស៊ីណាត បាន​ច្រាស​កែង​ចូល​ចំ​ថ្គាម សីហា មួយ​ទំហឹង និង​បុក​ថែម​២​ទៅ​៣​ជង្គង់​ទៀត បណ្តាល​ឲ្យ សីហា ឡើង​គ្រាំ​តែ​ម្តង។

ការ​វាយ​ផ្តាច់​នៅ​ទឹក​ទី​៥​នេះ បាន​ធ្វើ​ឲ្យ​ការ​បូក​សរុប​ពិន្ទុ​របស់​ចៅ​ក្រម​ទាំង​៥​នាក់ បាន​ផ្តល់​ពិន្ទុ​ឲ្យ ស៊ីណាត ឈ្នះ សីហា ទាំង​៥​នាក់​តែ​ម្តង ដោយ​ក្នុង​នោះ​ចៅក្រម​លោក រាម កុសល ឲ្យ ស៊ីណាត ឈ្នះ សីហា ជាមួយ​ពិន្ទុ ៩៨-៩៧ លោក ឡុង សាលវ័ន្ត ៩៨-៩៧ លោក មាស វណ្ណឌី ៩៨-៩៧ លោក រ័ត្ន សត្ថា ៩៩-៩៦ និង លោក ទេស សារិន បាន​ផ្តល់​ឲ្យ ស៊ីណាត ឈ្នះ សីហា ជា​មួយ​ពិន្ទុ ៩៩-៩៦។

ឆ្លើយ​តប​ទៅ​នឹង​ការ​ដាក់​ពិន្ទុ​នៃ​ការ​ប្រកួត​នេះ​ លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា បាន​ថ្លែង​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ទាំង​ទឹក​មុខ​ញញឹម​ថា​៖​«​ការ​ប្រកួត​ថ្ងៃ​នេះ​ដំណើរ​ការ​បាន​ ល្អ​គ្រប់​យ៉ាង ជា​ពិសេស​គូ​ឯក​ដណ្តើម​ប្រាក់​ក្នុង​ធនាគារ​តែ​ម្តង ដោយ​អ្នក​វាយ​ក៏​ល្អ អ្នក​ផ្តល់​ពិន្ទុក៏​ល្អ ហើយ​សណ្តាប់​ធ្នាប់​នៃ​ការ​ប្រកួត​ក៏​បាន​ល្អ​ទៀត​»។

ចំណែក ពេជ្រ សីហា ក៏​បាន​ទទួល​ស្គាល់​ពី​ការ​បរាជ័យ​របស់​ខ្លួន​ផង​ដែរ។ សីហា បាន​បញ្ជាក់​ក្រោយ​ការ​ប្រកួត​ថា​៖ «ថ្វី​បើ​របួស​ចាស់​នៅ​ត្រង់​កណ្តាប់​ដៃ​ខាង​ស្តាំ​របស់​ខ្ញុំ នៅ​មាន​ការ​ឈឺ​ចាប់​ក៏​ដោយ​ចុះ ប៉ុន្តែ​ខ្ញុំ​បាន​កំណត់​ហើយ​ថា ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​លើក​នេះ ខ្ញុំ​នឹង​ចូល​ម៉ាត់​គេ​រហូត​បាក់​ដៃ​ខ្លួន​ឯងក៏​មិន​រាថយ​នោះ​ដែរ។ ផ្ទុយ​ទៅ​វិញ​ខ្ញុំ​បែរ​ជា​មិន​អាច​ធ្វើ​បាន ខណៈ​កម្លាំង​ស៊ុហ្វ​របស់​ខ្ញុំ​ត្រូវ​បាន​ធ្លាក់​ចុះ ក្រោម​ការ​ទាត់​ស្កាត់​ចូល​ពេញៗ​របស់​គេ នៅ​ទឹក​ទី៤ និង​ទី៥​នោះ»៕



This content has been locked. You can no longer post any comments.
Show/hide comments
busy