ក្រុងអាំម៉ានៈ ក្រុមឃ្លាំមើលមួយ បាននិយាយថា យ៉ាងតិចមានមនុស្ស៤០នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃសៅរ៍ នៅក្នុងអំពើហិង្សាទូទាំងស៊ីរី ភាគច្រើនត្រូវកម្លាំងរបបនេះសម្លាប់ ដោយផ្លោងគ្រាប់លើមូលដ្ឋានក្រុមឧទ្ទាម និងប៉ះទង្គិចជាមួយយុទ្ធជនបក្សប្រឆាំងនៅក្នុងតំបន់ជាច្រើន។
ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី បាននិយាយថា ចំនួនអ្នកស្លាប់ និងរបួសរួមមានយ៉ាងតិចទាហានរបបនេះ១០នាក់ ដែលបានព្យាយាមរត់ចោលជួរ នៅក្នុងខេត្តដាម៉ាស់។ ក្រុមដែលមានមូលដ្ឋាននៅអង់គ្លេសនេះ បាននិយាយថា នៅខេត្តហូម ភាគកណ្តាល ជនស៊ីវិល៩នាក់ ត្រូវបានសម្លាប់ដោយការបាញ់កាំភ្លើង និងការបាញ់ផ្លោងរបស់ទាហាន ក្នុងនោះពីរនាក់នៅក្នុងទីតាំងរឹងមាំគូសៃរបស់ក្រុមឧទ្ទាម និង៦នាក់ទៀតនៅក្រុងហូម ដែលទាហាន បានផ្លោងដាក់សង្កាត់ជាច្រើន។
នៅភាគកណ្តាលប្រទេសស៊ីរីវិញ ជនស៊ីវិលពីរនាក់ ត្រូវបានសម្លាប់ នៅក្រុងហាម៉ានៅក្នុងការពួនស្ទាក់វាយប្រហារមុនថ្ងៃរះពីទាហាន របបនេះ ឯជនស៊ីវិលទីបីម្នាក់ទៀត ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នាជាច្រើនរវាងទាហាន និងក្រុមឧទ្ទាមនៅកន្លែងផ្សេងនៅក្នុងខេត្តនេះ។
នៅទីប្រជុំជន ម៉ាហាចា ភាគខាងត្បូងនៃខេត្តដេរ៉ា ទាហាន បានប្រើប្រាស់រថក្រោះដើម្បីសម្រុកចូល ហើយជនស៊ីវិលម្នាក់ ត្រូវបានសម្លាប់៕ NR
ភ្នំពេញ ប៉ុស្តិ៍

