ក្រុងគែរៈ រយៈពេល៥០០ថ្ងៃបន្ទាប់ពីពួកគេ បានផ្តួលរំលំលោក ហូស្នី មូបារ៉ាក់ ពលរដ្ឋអេហ្ស៊ីបនៅទីបំផុត នឹងមានប្រធានាធិបតីថ្មីមួយនៅថ្ងៃចន្ទ ជាប្រធានាធិបតីដំបូង ដែលពួកគេបានជ្រើសរើសដោយសេរី និងដែលអាចមកពីក្រុមភាតរភាពមូស្លីម ដែលលោក មូបារ៉ាក់ និងក្រុមឧត្តមសេនីយ៍ បានចំណាយពេលប្រយុទ្ធប្រឆាំងមួយជីវិតមកហើយ។
លទ្ធផលនៃការបោះឆ្នោតផ្តាច់ព្រ័ត្រកាលពីចុងសប្តាហ៍មុន ដែលគណៈកម្មាធិការបោះឆ្នោត គ្រោងប្រកាសក្នុងសន្និសីទសារព័ត៌មានមួយនៅម៉ោង៣រសៀល នឹងក្លាយជារឿងប្រវត្តិសាស្រ្តសម្រាប់ប្រទេសអេហ្ស៊ីប និងតំបន់មជ្ឈិមបូព៌ា។ មនុស្សភាគច្រើនគិតថា ជនអ៊ិស្លាមនិយម ម៉ូហាម៉េត ម៉ូស៊ី នឹងក្លាយជាប្រមុខរដ្ឋរបស់ប្រទេសធំបំផុតរបស់អារ៉ាប់នេះ ដោយកែរូបរាងតំបន់នេះឡើងវិញបន្ទាប់ពីការគ្រប់គ្រងបែបយោធាដែល គាំទ្រដោយលោកខាងលិចជាច្រើនទសវត្សរ៍ ថ្វីបើកម្លាំងប្រដាប់អាវុធ មិនទាន់បោះបង់ចោលការគ្រប់គ្រងរបស់ពួកគេនៅឡើយក្តី។
ក្រុមភាតរភាពអាចមានប្រតិកម្ម ក្រេវក្រោធ បើសិនលទ្ធផល បានទៅអតីតមេបញ្ជាការទ័ពអាកាស និងជាសម្ព័ន្ធរបស់លោក មូបារ៉ាក់ លោកអះម៉េត សាហ្វីក។ ជ័យជម្នះ លោក នឹងធ្វើឲ្យពលរដ្ឋអេហ្ស៊ីបជាច្រើន និងមនុស្សរាប់លាននាក់នៅទូទាំងតំបន់ មានការព្រួយបារម្ភថា ជាបរាជ័យមរណៈចំពោះបដិវត្តន៍រដូវផ្ការីកអារ៉ាប់កាលពីឆ្នាំមុន ថ្វីបើមានការធានាពីលោកថា ចង់បង្កើតរដ្ឋាភិបាលមានគ្រប់ភាគី មួយក្តី។
បន្ទាប់ពីការតវ៉ាតាមផ្លូវដោយក្តីអន្ទះសាមួយសប្តាហ៍ នៅលើទីលានតារៀរ និងការចោទប្រកាន់ទាំងកំហឹងរវាងក្រុមគូប្រជែង ពីបទវិទ្ធង្សនាលទ្ធិប្រជាធិបតេយ្យបែបថ្មី ប្រធានាធិបតីថ្មី នឹងលេចមុខជាមួយអំណាចតិចជាងបេក្ខជន ដែលធ្លាក់ឆ្នោតនៅជុំទីមួយពីខែឧសភា៕ NR
ភ្នំពេញ ប៉ុស្តិ៍

