ក្រុងម៉ានីលៈ លោក អ៊ីស្មាអែល អេណុក បានឮសំឡេងផ្ទុះរបស់កាំភ្លើង និងបានឃើញក្រុមបុរស ប្រដាប់ដោយអាវុធវែងថាមពលខ្ពស់ ប្រព្រឹត្តអំពើឧក្រិដ្ឋសាហាវយង់ឃ្នងបំផុតនៅក្នុងប្រវត្តិសាស្ត្រ ហ្វីលីពីន គឺការសម្លាប់រង្គាលលើមនុស្ស៥៧នាក់ ក្នុងនោះមានអ្នក សារព័ត៌មាន៣១នាក់នៅព្រឹកមួយ ក្នុងខែវិច្ឆិកា កាលពីបីឆ្នាំមុន។
ប៉ុន្តែ៩ខែបន្ទាប់ពីលោកធ្វើជា កសិណសាក្សីនៅក្នុងតុលាការពីខែកក្កដាឆ្នាំមុន និងចង្អុលមុខចំពោះគ្រួសារមានអំណាចខាងនយោបាយមួយ លោកអេណុក ក៏បានបាត់ខ្លួនសូន្យ។ យោងតាមមេធាវីរបស់គាត់ឲ្យដឹងថា សាកសពគាត់ត្រូវគេប្រទះឃើញ នៅក្នុងការ៉ុងមួយនៅក្បែរវាលភក់មួយ កាលពីខែមុន ដោយត្រូវគេប្រើរណារកាត់ជាកង់ៗ។
សាក្សីពីរនាក់ទៀត ត្រូវបានគេសម្លាប់ បង្កជាក្តីមន្ទិលថា តើនឹង ត្រូវចាប់ខ្លួននរណាទៅកាត់ទោសសម្រាប់អំពើហិង្សាទាក់ទងការបោះ ឆ្នោតបង្ហូរឈាមបំផុត និងការវាយប្រហារមហាប្រល័យមិនធ្លាប់មានតែមួយគត់លើសារព័ត៌មានរបស់ប្រទេសនេះ។
ការពិបាកការពារសន្តិសុខសាក្សី និងការរក្សាជីវិតពួកគេ កំពុងបង្ហាញថាជាការធ្វើតេស្តដ៏ធំមួយ សម្រាប់រដ្ឋាភិបាលអាយុពីរឆ្នាំរបស់ប្រធានាធិបតី លោកបេនីក ណូ អាគីណូ ដែលប្រឆាំងអំពើពុករលួយ និងបានសន្យាដោះស្រាយករណីនេះឲ្យបានឆាប់។
ថាតើលោកអាចធ្វើវាឬអត់ គឺអាស្រ័យមួយផ្នែកលើតើថាលោក អាចកែទម្រង់ប្រព័ន្ធតុលាការដែល ញាំញីដោយអំពើពុករលួយ រាប់ទសវត្សរ៍បានស៊ីជម្រៅប៉ុនណា?
ក្រុមពិគ្រោះយោបល់មានមូលដ្ឋាននៅក្រុងវ៉ាស៊ីនតោន Heritage Foundation ចាត់ចំណាត់ថ្នាក់តុលាការរបស់ប្រទេសនេះថា គ្មានសមត្ថភាព និងនិយាយថាគេនៅតែសង្ស័យថា មានការជ្រៀតជ្រែកពីនយោបាយ។ «ថ្វីបើមានវឌ្ឍនភាពខ្លះក្តី ក៏កិច្ចប្រឹងប្រែងប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាល មិនបានខ្ជាប់ខ្ជួនដើម្បីកម្ចាត់ ការស៊ីសំណូកនិងពុករលួយទេ»។
ការសម្លាប់រង្គាលឆ្នាំ២០០៩នៅ ខេត្តម៉ាគ្វីនដាណាវ ភាគខាងត្បូង គឺគួរឲ្យរន្ធត់ណាស់។ កាលនោះ ក្បួនរថយន្តមួយក្នុងដំណើរទៅចុះ បញ្ជីលោកអេស្មាអែល ម៉ាន់ហ្គូដា ដាទូ ជាបេក្ខជនប្រឆាំងសម្រាប់តំណែងអភិបាលខេត្ត ត្រូវបានក្រុម ខ្មាន់កាំភ្លើងប្រមាណ១០០នាក់ពួន ស្ទាក់វាយប្រហារលើកំណាត់ផ្លូវហាយវ៉េមួយ។ ជនរងគ្រោះត្រូវគេ ដឹកទៅលើទួលមួយ ដោយបែងចែកជាក្រុមបុរស និងស្ត្រី មុនពេល ត្រូវគេបាញ់សម្លាប់។ ស្ត្រីជាច្រើន ត្រូវបានគេចាប់រំលោភ មុនពេលត្រូវគេសម្លាប់៕ IN
ភ្នំពេញ ប៉ុស្តិ៍

