Headlines:

អតិផរណា​វៀតណាម ធ្លាក់​ដល់​កម្រិត​ទាប

120625_15
អតិថិជន កំពុង​ដើរ​រក​ទិញ​ផ្លែឈើ​​​ក្នុង​ផ្សារ​ទំនើប Big C នា​​ទី​ក្រុង​ហាណូយ។ រូបថត Reuters

ក្រុង​ហាណូយៈ អតិផរណា​របស់​វៀតណាម បាន​ធ្លាក់​ចុះ​ជា​លើក​ទី​១០ គិត​ត្រឹម​ខែ​មិថុនា ពោល​គឺ​ដល់​កម្រិត​ទាប​បំផុត​ក្នុង​រយៈ​ពេល​ជាង​ពីរ​ឆ្នាំ​ ដែល​ផ្តល់​ឱកាស​ដល់​ប្រទេស​នេះ​ក្នុង​ការ​បន្ត​ទម្លាក់​អត្រា​ការ​ប្រាក់​ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​។

ការិយាល័យ​ស្ថិតិ​វៀតណាម បាន​ឲ្យ​ដឹង​នៅ​ទីក្រុង​ហាណូយ​ កាល​ពី​ម្សិលមិញ​ថា តម្លៃ​ទំនិញ​ប្រើ​ប្រាស់ បាន​កើន​ឡើង ៦,៩​ភាគរយ​កាល​ពី​ខែ​មិថុនា ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន ពោល​គឺ​នេះ​ជា​កំណើន​ទាប​បំផុត​ចាប់​តាំង​ពី​ខែ​ធ្នូ ឆ្នាំ​២០០៩​ មក ខណៈ​កំណើន​ថ្លៃ​នៅ​ខែ​ឧសភា​ក្នុង​ឆ្នាំ​នេះ​ បាន​កើន​ឡើង​៨,៣៤​ភាគរយ​។ តាម​ការ​ព្យាករ​ជា​មធ្យម​ចំនួន​ ៥ ​លើក ដែល​អង្កេត​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Bloomberg បាន​ឲ្យ​ដឹង​ថា​ កំណើន​ថ្លៃ​ក្នុង​ខែ​មិថុនា​កន្លង​ទៅ​នេះ អាច​នឹង​កើន​ឡើង ៧,៥​ភាគរយ​។

កំណើន​ថ្លៃ​គ្រាប់​ធញ្ញជាតិ បាន​ធ្លាក់​ចុះ ដោយ​សារ​កំណើន​សេដ្ឋកិច្ច​ទាប បាន​កាត់​បន្ថយ​តម្រូវ​ការ​ប្រើ​ប្រាស់ និង​ដោយ​សារ​ក្តី​បារម្ភ​ជុំវិញ​ស្ថានភាព​ឧស្សាហកម្ម​ធនាគារ​របស់​វៀត​ ណាម ដែល​បាន​បង្ក​ឲ្យ​ការ​ផ្តល់​ឥណទាន ធ្លាក់​ចុះ​ក្នុង​ខែ​មេសា។

ផលិតផល​ក្នុង​ស្រុក​សរុប បាន​កើន​ឡើង​ក្នុង​កម្រិត​ទាប​បំផុត​ចាប់​តាំង​ពី​ត្រីមាស​ចុង​ក្រោយ​ឆ្នាំ​ ២០០៩​ មក ហើយ​ធនាគារ​កណ្តាល​វៀតណាម ​បាន​ទម្លាក់​អត្រាការ​ប្រាក់​កម្ចី​រយៈ​ពេល​៤​ខែ​ជាប់​គ្នា ដើម្បី​ប្រឆាំង​នឹង​ការ​ធ្លាក់​ចុះ​នៃ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​។

លោក Hai Pham អ្នក​វិភាគ​ប្រចាំ​ក្រុមហ៊ុន Australia & New Zealand Banking Group Ltd ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី បាន​សរសេរ​ក្នុង​របាយការណ៍​មួយ​ក្នុង​ខែ​នេះ​ថា​៖ ​«ការ​ធ្លាក់​ចុះ​តម្លៃ​ទំនិញ​ពិភពលោក​ ជា​ពិសេស​តម្លៃ​ស្បៀង​អាហារ និង​កំណើន​តម្រូវ​ការ​ក្នុង​ស្រុក ដែល​មាន​កម្រិត​ទាប​ជាង​ការ​រំពឹង​ទុក កំពុង​ជួយ​កាត់​បន្ថយ​អត្រា​អតិផរណា​»។

ធនាគារ ANZ បាន​បន្ត​ឲ្យ​ដឹង​ថា ខ្លួន​បាន​វាយ​តម្លៃ​ការ​ព្យាករ​ពី​អតិផរណា​របស់​ប្រទេស​វៀត​ណាម​នៅ​ចុង​ ឆ្នាំ​រួច​ហើយ ពោល​គឺ​មាន​កម្រិត​ជិត​៧​ភាគរយ ធៀប​នឹង​អតិផរណា​ចន្លោះ​ពី​ ៩​ ទៅ ១០​ភាគរយ ដែល​បាន​ព្យាករ​នាពេល​កន្លង​មក៕ BP



This content has been locked. You can no longer post any comments.
Show/hide comments
busy