រដ្ឋឈីកាហ្គោៈ តុលាការអាមេរិកកាលពីថ្ងៃសុក្រ បានសម្រេចថា ក្រុមហ៊ុន Apple Inc មិនអាចប្តឹងទាស់ប្រឆាំងនឹងក្រុមហ៊ុន Motorola Mobility ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Google បានទេ ដែលសេចក្តីសម្រេចនេះ បានបញ្ចប់បណ្តឹងដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុនផលិតទូរស័ព្ទ iPhone នៅក្នុងជម្លោះប៉ាតង់ទូរស័ព្ទទំនើបនេះ។
សេចក្តីសម្រេចនេះ បានចេញដោយចៅក្រម Richard Posner នៅតុលាការសហព័ន្ធរដ្ឋឈីកាហ្គោ។ លោកបានទាត់ចោលបណ្តឹងរវាងក្រុមហ៊ុន Apple និងក្រុមហ៊ុន Motorola Mobility ដែលមានន័យថា ករណីនេះ មិនអាចប្តឹងជាថ្មីបានទេ។
សេចក្តីសម្រេចនេះ គឺជាការខកចិត្តមួយសម្រាប់ក្រុមហ៊ុន Apple ដែលបានសង្ឃឹមថា សេចក្តីសម្រេចប្រឆាំងនឹងក្រុមហ៊ុន Motorola នឹងអាចជួយឲ្យក្រុមហ៊ុនរបស់ខ្លួន ទទួលបានអត្ថប្រយោជន៍បន្ថែមទៀតនៅក្នុងទីផ្សារទូរស័ព្ទទំនើប ដើម្បីប្រកួតប្រជែងនឹងទូរស័ព្ទដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ។
លោក Posner បានសរសេរក្នុងសេចក្តីសម្រេចនោះថា៖ «ក្រុមហ៊ុន Apple កំពុងប្តឹងថា ទូរស័ព្ទរបស់ក្រុមហ៊ុន Motorola ទាំងអស់ បានលួចចម្លងតាមទូរស័ព្ទ iPhone របស់ខ្លួនទាំងស្រុង»។ លោកបានសរសេរបន្តថា៖ «តែមហិច្ឆតារបស់ក្រុមហ៊ុន Motorola ក្នុងការលក់ផលិតផល ដែលប្រកួតប្រជែងជាមួយនឹងទូរស័ព្ទ iPhone គឺជាបញ្ហាមួយផ្សេងពីគ្នា និងជាការប្រកួតប្រជែងដោយស្របច្បាប់ដែរ ពោលគឺខុសពីបញ្ហា ដែលបង្កឡើងដោយសារការរំលោភបំពានលើប៉ាតង់»។
លោកស្រី Kristin Huguet អ្នកនាំពាក្យរបស់ក្រុមហ៊ុន Apple បានបដិសេធមិនអធិប្បាយពីសេចក្តីសម្រេចនេះទេ។ រីឯលោកស្រី Jennifer Erickson អ្នកនាំពាក្យរបស់ក្រុមហ៊ុន Motorola Mobility វិញរីករាយនៅពេលដឹងថា លោក Posner បានទាត់ចោលនូវបណ្តឹងរបស់ក្រុមហ៊ុន Apple។
ភាគីទាំងពីរ អាចប្តឹងឧទ្ធរណ៍ជំទាស់នឹងការសម្រេចរបស់លោកPosner បាន៕ BP
ភ្នំពេញ ប៉ុស្តិ៍

