ក្រុងរីយ៉ូដឺហ្សាណេរ៉ូៈ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងធនាគារអភិវឌ្ឍន៍ពហុជាតិចំនួន ៧ ផ្សេងទៀត កាលពីថ្ងៃសៅរ៍ បានសន្យាផ្តល់កម្ចី និងជំនួយឥតសំណងក្នុងទឹកប្រាក់ជាង ១៧៥ ពាន់លានដុល្លារអាមេរិក សម្រាប់គម្រោងគមនាគមន៍នៅតាមប្រទេសកំពុងអភិវឌ្ឍន៍។
ក្នុងឱកាសថ្លែងសុន្ទរកថាជំនួសឲ្យធនាគារអភិវឌ្ឍន៍ពហុជាតិចំនួន ៧ នៅក្នុងសន្និសីទមួយនៅទីក្រុង Rio de Janeiro លោក Haruhiko Kuroda ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី បានឲ្យដឹងថា កំណើនចំនួនរថយន្តយ៉ាងឆាប់រហ័ស កំពុងបង្កឲ្យមានការកកស្ទះចរាចរណ៍ ការបំពុលបរិស្ថាន គ្រោះថ្នាក់ចរាចរណ៍ និងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់កាន់តែច្រើន ជាពិសេសនៅតាមប្រទេសកំពុងអភិវឌ្ឍន៍។
ប្រទេសកំពុងអភិវឌ្ឍន៍ មានឱកាសយកឈ្នះលើប្រទេសអភិវឌ្ឍន៍ក្នុងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់នាពេលអនាគត ក្នុងការធ្វើដំណើរដោយចំណាយពេលតិចជាងមុន និងបង្កើតប្រព័ន្ធគមនាគមន៍ដែលចំណាយថាមពលតិចជាង។
លោក Kuroda និងធនាគារអភិវឌ្ឍន៍ពហុជាតិផ្សេងទៀត បានឲ្យដឹងថា ការបញ្ចេញឧស្ម័នកាបូនិចពីមធ្យោបាយធ្វើដំណើរ នឹងកើនឡើងជិត ៥០ភាគរយនៅក្នុងរយៈពេលតិចជាង ២០ឆ្នាំ ដែលប៉ះពាល់ដល់បរិស្ថាន សេដ្ឋកិច្ច និងសង្គម។
នៅតាមបណ្តាប្រទេសជាច្រើនក្នុងតំបន់អាស៊ី ការខាតបង់ដោយសារការកកស្ទះចរាចរណ៍ មានចំនួនស្មើនឹង៥ភាគរយនៃផលិតផលក្នុងស្រុកសរុប។
ធនាគារទាំងនោះ បានបន្តឲ្យដឹងថា ទីក្រុងធំៗជាច្រើននៅក្នុងតំបន់អាស៊ី ក៏កំពុងរងផលប៉ះពាល់ពីកម្រិតបំពុលបរិយាកាសខ្ពស់បំផុតក្នុង ពិភពលោកផងដែរ ដោយបានធ្វើឲ្យប្រជាពលរដ្ឋកន្លះលាននាក់ ស្លាប់មុនអាយុក្នុងមួយឆ្នាំៗ។
ក្រុមធនាគារទាំងនោះ បានបន្តថា កង្វះខាតផ្លូវគមនាគមន៍ កំពុងបន្តបង្កើតភាពក្រីក្រ និងវិសមភាពក្នុងតំបន់ជាច្រើននៅជុំវិញពិភពលោក ដោយកាត់បន្ថយលទ្ធភាពធ្វើដំណើរទៅសាលារៀន មន្ទីរពេទ្យ ទីផ្សារ និងស្វែងរកការងារធ្វើ។
ក្រុមធនាគារ បានបន្តឲ្យដឹងថា បើទោះជាផ្លូវគមនាគមន៍មានសារៈសំខាន់ ដោយបានចូលរួមចំណែកបង្កើន GDP ដោយផ្ទាល់ចាប់ពី ៥ ទៅ ១០ភាគរយនៅតាមបណ្តាប្រទេសភាគច្រើននោះក៏ដោយ ក៏គម្រោងផ្លូវគមនាគមន៍នេះ មិនត្រូវបានដាក់បញ្ចូលក្នុងរបៀបវារៈអភិវឌ្ឍន៍ធំៗ នៅទូទាំងពិភពលោកនៅឡើយដែរ។
ធនាគារអភិវឌ្ឍន៍អាស៊ី បានឲ្យដឹងថា ខ្លួនកំពុងផ្តល់ជំនួយដល់គម្រោងផ្លូវគមនាគមន៍ជាច្រើននៅទូទាំង តំបន់អាស៊ីនេះ រួមមានរថយន្តអគ្គិសនីនៅក្នុងប្រទេសហ្វីលីពីន ប្រព័ន្ធផ្លូវដែកនៅប្រទេសវៀតណាម ប្រព័ន្ធរថយន្តក្រុងនៅប្រទេសម៉ុងហ្គោលី និងនៅបង់ក្លាដែស និងគម្រោងនានានៅប្រទេសផ្សេងទៀត៕ BP
ភ្នំពេញ ប៉ុស្តិ៍

