Headlines:

Wild Bull នឹង​យក​រ៉ែ​រយៈ​ពេល​ពីរ​ឆ្នាំ​ទៀត

បាត់ដំបងៈ ក្រុម​ហ៊ុន​រុករក​រ៉ែ​មួយ​នៅ​ខេត្ត​បាត់ដំបង​នឹង​ចាប់​ផ្តើម​ទាញ​យក​រ៉ែ ទង់​ដែង និង​ប្រាក់​ពីការ​រុករក​របស់​ខ្លួន​ក្នុង​រយៈ​ពេល​២​ឆ្នាំ​ទៀត​។​ នេះ​បើ​តាម​ប្រធាន​នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន។

Wild Bull Resources ដែល​ជា​ក្រុមហ៊ុន​អូស្ត្រាលី ចាប់​ដៃ​គូ​ជា​មួយ​ក្រុមហ៊ុន​ក្នុង​ស្រុក​ Angkor Thumopich Resources (ATR) នឹង​ចូល​រួម​ជា​មួយ​ក្រុមហ៊ុន​តូចៗ បន្ទាប់​ពី​បើក​អាជីវកម្ម​រយៈ​​ពេល​ជាង​៧​ខែ​មក។​

លោក Paul Menere ប្រធាន​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Wild Bull បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​របស់​លោក បាន​ដាក់​ពាក្យ​សុំ​អាជ្ញាប័ណ្ណ ហើយ​នឹង​ស្វែង​រក​រណ្តៅ​រុក​រក​រ៉ែ​នៅ​តំបន់​ដូនត្រេត ខេត្ត​បាត់ដំបង យ៉ាង​ហោច​ណាស់​រយៈពេល​៦​ខែ។ លោក​បាន​លើក​ឡើង​ថា៖ «យើង​នឹង​អនុវត្ត​កម្មវិធី​រុករក​រ៉ែ ព្រោះ​យើង​ប្រាកដ​ថា យើង​មិន​បង្ក​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​ប្រជាជន​ក្នុង​តំបន់​ឡើយ​»។ លោក​បាន​បន្ថែម​ថា ក្រុម​ហ៊ុន​របស់​លោក នឹង​ផ្តល់​ការងារ​ដល់​ប្រជាជន​កម្ពុជា។ លោក​បាន​បញ្ជាក់​ថា៖ «យើង​នឹង​ទាញ​យក​រ៉ែ​ទាំង​នោះ​​ក្នុង​រយៈពេល ២​ឆ្នាំ»។ លោក Menere បាន​ឲ្យ​ដឹង​ថា Wild Bull នឹង​វិនិយោគ​រហូត​ដល់ ៦​លាន​ដុល្លារ​អាមេរិក។

លោក សូ យៀង ទីប្រឹក្សា​លោក ជា ស៊ីម ប្រធាន​ព្រឹទ្ធ​សភា ដែល​លោក​ក៏​ជា​ម្ចាស់​ភាគហ៊ុន និង​ប្រធាន​ផ្នែក​ប្រតិបត្តិ​នៅ​ក្នុង​ក្រុមហ៊ុន​នេះ​ឲ្យ​ដឹង​ថា លោក​មាន​ទំនុក​ចិត្ត​ថា ការ​ជីក​ខួង​នេះ​នឹង​ចាប់​ផ្តើម​ក្នុង​ពេល​ឆាប់ៗ ហើយ​នាំ​ឲ្យ​មាន​ការ​ទាញ​យក​រ៉ែ​យ៉ាង​ឆាប់​រហ័ស។

កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១១ ក្រុមហ៊ុន​បណ្តាក់ទុន​រួម​គ្នា​រវាង​កម្ពុជា និង​កូវ៉ែត គឺ​ក្រុមហ៊ុន PIMA-D&D International បាន​ឲ្យ​ដឹង​ថា ខ្លួន​នឹង​ទាញ​យក​រ៉ែ​មាស និង​ដែក ក្នុង​រយៈពេល​ពីរ​ឆ្នាំ​។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ភ្នំពេញ ប៉ុស្តិ៍ នៅ​ពេល​នោះ។

ក្រុមហ៊ុន Astra Resources ដែល​ជា​ក្រុមហ៊ុន​ចុះ​បញ្ជី​នៅ​ក្នុង​ក្រុមហ៊ុន Frankfurt Stock Exchange ប្រទេស​អាល្លឺម៉ង់ បាន​ប្រកាស​ស្រដៀង​គ្នា កាល​ពី​ខែ​តុលា ដោយ​បញ្ជាក់​ថា ខ្លួន​នឹង​កំណត់​រ៉ែ​មាស​៣៥០ ០០០​អោន ហើយ​នឹង​ចាប់​ផ្តើម​ទាញ​យក​រ៉ែ​ទាំង​នោះ​ក្នុង​រយៈពេល​១​ឆ្នាំ។

ជាមួយ​គ្នា​នេះ​ដែរ អ្នក​មក​ពី​ខាង​ក្នុង​ឧស្សាហកម្ម​នេះ​បាន​ឲ្យ​ដឹង​ថា​ ពួក​គេ​ជឿ ដរាប​ណា​គេ​ឃើញ​រ៉ែ​ទាំង​នោះ​ជាក់​ស្តែង​។

លោក Richard Stanger អគ្គនាយក ក្រុមហ៊ុន Liberty និង​ជា​ប្រធាន​សមាគម​រុក​រករ៉ែ​នៅ​កម្ពុជា ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា Renaissance Minerals ដែល​បាន​ទិញ​ភាគហ៊ុន​របស់ Oz Mineral នៅ​កម្ពុជា ក្នុង​ឆ្នាំ​នេះ និង​ Liberty Mining International បាន​ចាប់​ផ្តើម​ការ​រុក​រករ៉ែ ពី​២០០៥​។ ក្រោយ​៧​ឆ្នាំ ការ​រុក​រក​នោះ នៅ​តែ​ត្រូវ​ការ​ពេល​ប៉ុន្មាន​ឆ្នាំ​ទៀត។ លោក​បន្ត​ថា៖ «ក្នុង​រយៈពេល ២ ទៅ​៥​ឆ្នាំ Renaissance អាច​ស្ថិត​ក្នុង​ទីតាំង​មួយ ដើម្បី​ប្រកាស​ថា ពួក​គេ​មាន​ធនធាន​រ៉ែ»៕ CS



This content has been locked. You can no longer post any comments.
Show/hide comments
busy