Headlines:

ពលរដ្ឋ​ខ្មែរ​១០​នាក់​រងរបួស​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ស្រះកែវ​-ថៃ

បន្ទាយមានជ័យៈ ប្រជាពលរដ្ឋ​ខ្មែរ​១០នាក់​បាន​រង​របួស​ធ្ងន់ និង​ស្រាល ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​កាល​ពីព្រឹក​ថ្ងៃសុក្រ នៅក្នុង​ខេត្តស្រះ​កែវ ប្រទេស​ថៃ នៅ​ពេល​ដែល​ពួក​គេ​នាំគ្នា​ធ្វើ​ដំណើរ​ តាម​ត្រាក់ទ័រ​ពី​ខេត្ត​បន្ទាយ​មាន​ជ័យ ទៅ​ធ្វើការ​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​ប្រទេស​ថៃ​។

អធិការ​នគរបាល​ស្រុក​ម៉ាឡៃ លោក​ សៅ ប៊ុន ​កាលពី​ម្សិល​មិញ បាន​ឲ្យដឹង​ថា ​ពលរដ្ឋ​មក​ពី​ស្រុក​ម៉ាឡៃ និង​ស្រុក​ស្វាយ​ចេក​ចំនួន​១០​នាក់​ ក្នុង​នោះ​ មាន​២នាក់​រង​របួស​ធ្ងន់ នៅ​ក្នុង​ឧប្បត្តិ​ហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នោះ។

លោក​បាន​ថ្លែង​ថា៖ «ពួកគេ​បាន​ចេញ​ដំណើរ​ទៅ​ធ្វើជា​កម្មករ​នៅក្នុង​ស្រុក​ខ្លង​ហាត ខេត្ត​ស្រះកែវ​ ប្រទេស​ថៃ ​ដោយ​ចេញ​ទៅ​ព្រឹក ​មក​វិញ​ពេល​ល្ងាច​ ជារៀង​រាល់​ថ្ងៃ ​ក្រោយ​ពី​ទំនេរ​ពី​ការងារ​ស្រែ​ចម្ការ​ប៉ុន្តែ ​អកុសល​បាន​រង​គ្រោះ​ថ្នាក់​ចរាចរណ៍​ត្រូវ​រថយន្ត​មួយ​ផ្សេង​បុក​ត្រាក់ទ័រ ​ពួកគេ​ជិះ​ធ្លាក់​ពី​លើផ្លូវ​»​។​

លោក សៅ ប៊ុន​ ​បញ្ជាក់​ដែរ​ថា ពួកគេ​ត្រូវ​បាន​បញ្ចូន​ទៅ​ជួយ​សង្គ្រោះ​នៅ​មន្ទីរ ពេទ្យ​ក្នុង​ស្រុក​ខ្លង​ហាត ហើយ​ពុំ​មាន​អ្នក​ណា​ម្នាក់​រង​គ្រោះ​ដល់​ជីវិត​ទេ​។

លោក ​សៅ ប៊ុន​ បន្ត​ថា​៖​ «វាជា​រឿង​ធម្មតា​​ដែល​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត ​បន្ទាយ​មាន​ជ័យ ចាក​ចេញ​ទៅ​ស៊ី​ឈ្នួល​ធ្វើ​ការងារ​ក្នុង​ប្រទេស​ថៃ​ ពេល​ព្រឹក​ត្រឡប់​មក​វិញ​ល្ងាច ព្រោះ​ទំនេរ​ពី​ស្រែ​ចម្ការ​» ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ដែរ​ថា ពួកគេ​បាន​បញ្ជូន​មក​កាន់​ស្រុក​កំណើត​វិញ បន្ទាប់​ពី​សម្រាក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​ស្រុក​ខ្លង​ហាត​បាន​មួយ​ថ្ងៃ​ ៕



This content has been locked. You can no longer post any comments.
Show/hide comments
busy