Headlines:

សិល្បករ​ខ្មែរ​ម្នាក់​ត្រូវ​ឃាត់​ខ្លួន​នៅ​ទីក្រុង​ឡុងដ៍​មួយ​រយៈ

ភ្នំពេញៈ លោក ខៀវ កុសល ដែល​ជា​សិល្បករ​កំណាព្យ​ម្នាក់ ត្រូវ​បាន​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​សៅរ៍​អស់​ប៉ុន្មាន​ម៉ោង​ បន្ទាប់​ពី​ទៅ​ដល់​ព្រលាន​យន្ត​ហោះ​ដើម្បី​ចូលរួម​ពិធី​បុណ្យ​ Poetry Parnassus ដែល​ជា​ពិធី​បុណ្យ​អក្សរសាស្រ្ត​អន្តរជាតិ​ និង​រៀបចំ​ធ្វើ​តាម​បែប​វប្បធម៌​នៃ​អូឡាំពិក​នៅ​ទីក្រុង​ឡុងដ៍។

លោក កុសល​ ដែល​រត់​គេច​ទៅ​រស់នៅ​រដ្ឋ កាលីហ្វ័រនីញ៉ា ជា​ជន​ភៀស​ខ្លួន​តាំង​ពី​វ័យ​កុមារ ​ត្រូវ​បាន​និរទេស​ពី​សហរដ្ឋ​អាមេរិក​មក​កម្ពុជា កាល​ពី​ឆ្នាំ​មុន​បន្ទាប់​ពី​ការ​បញ្ចប់​ទោស​ជាប់​ពន្ធនាគារ​ពី​បទឧក្រិដ្ឋ​ដែល​បាន​ប្រព្រឹត្ត​តាំងពី​នៅ​វ័យ​ជំទង់។

ថ្លែង​ពី​កន្លែង​ឃុំ​នៅ​មណ្ឌល​អន្តោប្រវេសន៍​ Colnbrook Immigration Removal នៅ​ជាយ​ទីក្រុង​ឡុងដ៍ លោក កុសល ប្រាប់​ថា លោក​ត្រូវ​ឃាត់​ខ្លួន​ដោយ​«ការ​មិន​បាន​ផ្តល់​នូវ​ចម្លើយ​ពេញ​ចិត្ត​ទៅ​មន្រ្តី​អន្តោ​ប្រវេសន៍​»។

លោក​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ថា៖ «ខ្ញុំ​មិន​ដែល​កុហក​នៅ​ក្នុង​ការ​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​ទេ »។ខ្ញុំ​មាន​លិខិត​បញ្ជាក់​ការ​ធានា​ឧបត្ថម្ភ​អំពី​ហេតុផល​ដែល​ខ្ញុំ មក​ទីនេះ អ្វី​ដែល​ខ្ញុំ​នឹង​ត្រូវ​ធ្វើ​នៅ​ទី​នេះ លេខ​ទំនាក់​ទំនង​អ្នក​រៀបចំ​ពិធី​បុណ្យ​  ដែល​គេ​អាច​ទូរស័ព្ទ​ទៅ​បាន​។

Linda Kwon ជា​អ្នក​គ្រប់គ្រង​ផ្លូវ​ធ្វើ​ដំណើរ​ដែល​មាន​មូល​ដ្ឋាន​នៅ​ទីក្រុង​ឡុងដ៍ បាន​មក​ដល់​ព្រលាន​យន្តហោះ Heathrow Airport ​ពី​ល្ងាច​ថ្ងៃ​សៅរ៍​មក​ទទួល​លោក កុសល និង​លោក Masahiro Sugano អ្នក​ផលិត​ខ្សែ​ភាពយន្ត​ដែល​អម​ដំណើរ​លោក​បាន​ឃើញ​សិល្បករ​រូប​នេះ​ត្រូវ អាជ្ញាធរ​អន្តោប្រវេសន៍​អង់គ្លេស​ឃាត់​ខ្លួន។ Kwon​ថា​៖ «ពួក​គេ​ត្រូវ​ដក​យក​លិខិត​ឆ្លង​ដែន​ និង​ឯកសារ​ដែល​គាត់​បាន​ផ្តល់​ឲ្យ ប៉ុន្តែ​គេ​មិន​ប្រាប់​អ្វី​នោះ​ទេ​»។

លោក​ត្រូវ​អញ្ជើញ​កាលពី​ខែ​មេសា​ឲ្យ​តំណាង​កម្ពុជា​នៅ​ពិធី​បុណ្យ​ នៅ​ទីក្រុង​ឡុងដ៍ ដែល​គ្រោង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃទី​២៦ ខែ​មិថុនា ដល់​ថ្ងៃ​ទី១ កក្កដា។

យោង​តាម Anida Yoeu Ali សហ​ស្ថាបនិក​នៃ Studio Revolt ថា អាជ្ញាធរ​អន្តោ​ប្រវេសន៍​អង់គ្លេស អះអាង​ថា ទិដ្ឋាការ​ចេញ​ឲ្យ​គាត់​ដោយ​ស្ថាន​ទូត​អង់គ្លេស​នៅ​ភ្នំពេញ​ប្រហែល ជា​មិន​ត្រឹមត្រូវ ហើយ​ថា​ គាត់​ប្រហែល​ជា​នឹង​ត្រូវ​ឃាត់​ខ្លួន​រយៈ​ពេល​យ៉ាង​ហោច​ណាស់​៣៦​​ម៉ោង។

លោក​បាន​ថ្លែង​ថា​៖ «ខ្ញុំ​បាន​ទទួល​រង​ការ​ប្រព្រឹត្ត​មក​លើ​ខ្លួន​ខ្ញុំ​ដូច​ជា​ឧក្រិដ្ឋជន នៅ​ពេល​ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ខុស​ទាល់​តែ​សោះ​ពី​សំណាក់​ប្រទេស​ ដែល​អញ្ជើញ​ខ្ញុំ»។

តាម​សេចក្តី​រាយការណ៍​ព័ត៌មាន​ចុង​ក្រោយ​បាន​ឲ្យ​ដឹង​ថា  លោក កុសល ត្រូវ​បាន​ដោះ​លែង​វិញ​កាល​ពី​ល្ងាច​ម្សិលមិញ ប៉ុន្តែ​លិខិត​ឆ្លង​ដែន​របស់​លោក សមត្ថកិច្ច​អន្តោ​ប្រវេសន៍​ ក្រុង​ឡុងដ៍ មិន​ទាន់​ប្រគល់​ឲ្យ​លោក​វិញ​នៅ​ឡើយ​។ មន្ត្រី​អង់គ្លេស​ពាក់ព័ន្ធ​នឹង​ទូត​ប្រចាំ​នៅ​ភ្នំពេញ​មិន​អាច​ទាក់ទង​បាន ទេ៕ PS



This content has been locked. You can no longer post any comments.
Show/hide comments
busy