កំពតៈ បង្គោលព្រំដែនចុងក្រោយលេខ ៣១៤ ត្រូវមេដឹកនាំកម្ពុជានិងវៀតណាមអះអាងក្នុងពិធីសម្ពោធរួមគ្នា កាលពីម្សិលមិញថា ជាចំណុចសំខាន់ ហើយត្រូវបានបោះតាមច្បាប់ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងថា ជាចំណុចចាប់ផ្តើមលើការសម្រេចនូវព្រំដែនទឹករវាងប្រទេស ទាំងពីរ។
ថ្លែងនៅចំពោះមុខមន្រ្តី ជាន់ខ្ពស់ប្រមាណជា១០០នាក់មកពីប្រទេសទាំងពីរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង ង្វៀង តិនយ៉ុង បានអបអរសាទរ និងកោតសរសើរគណៈកម្មាធិការកិច្ចការព្រំដែនចម្រុះរវាងកម្ពុជា និងវៀតណាម ដែលបានបំពេញកាតព្វកិច្ចរបស់ខ្លួនដោយរលូន និងទទួលស្គាល់តាមច្បាប់។
បច្ចុប្បន្នបង្គោលព្រំដែន ២៨៦ នៃបង្គោលទាំងអស់ ៣១៤ បានបោះរួចហើយនៅតាមបណ្តោយព្រំដែនប្រវែង១២៧០គីឡូម៉ែត្រ។ ប្រទេសទាំងពីរមិនទាន់បញ្ចប់ដំណើរការនេះទេ ប៉ុន្តែបានរំលងមកបោះបង្គោលព្រំដែនចុងក្រោយ ជាមុនសិន។
លោក ហ៊ុន សែន បានថ្លែងថា បន្ទាប់ពីបញ្ចប់ដំណើរការបោះបង្គោលព្រំដែនគោក កម្ពុជាមានគោលដៅឆ្ពោះទៅកំណត់ព្រំដែនទឹកថែមទៀត ដោយចាប់ផ្តើមពីព្រំដែនដីគោកប្រទេសទាំងពីរ។
តែទោះជាយ៉ាងណា គណបក្សប្រឆាំងនិងសង្គមស៊ីវិលមិនសាទរការសម្រេចនៃដំណើរការ បោះបង្គោលព្រំដែនរវាងកម្ពុជានិងវៀតណាមនោះទេ ដោយបានអះអាងថា បង្គោលព្រំដែនទាំងនោះ បោះដោយខុសច្បាប់ អនុលោមតាមសន្ធិសញ្ញាបំពេញបន្ថែម ដែលចុះហត្ថលេខាដោយប្រមុខរដ្ឋាភិបាលទាំងពីរ កាលពីឆ្នាំ ២០០៥។
លោក ហ៊ុន សែន បានលើកឡើងថា៖ «ខ្ញុំជឿថា ប្រទេសយើងទាំងពីរនឹងសម្រេចបានការកំណត់ព្រំដែនសមុទ្រពេញលេញ គ្មានលម្អៀងដោយឈរលើគោលការណ៍ច្បាប់ និងក្របខ័ណ្ឌគតិយុត្តអន្តរជាតិ»។ លោកថ្លែងបន្តថា៖ «ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមប្រកាសជាឱឡារិកថា កិច្ចការព្រំដែនត្រូវបានអនុវត្តដោយឈរលើមូលដ្ឋានច្បាប់ជាតិ និងអន្តរជាតិ និងការអនុវត្តជាអន្តរជាតិស្តីពីការទទួលស្គាល់បន្ទាត់ព្រំដែន ដែលអាណានិគមបារាំងបន្សល់ទុក [ឲ្យយើង] ប្រើជាឧបករណ៍នាំមុខឆ្ពោះទៅបញ្ចប់ទាំងស្រុងការកំណត់ខណ្ឌសីមា និងបោះបង្គោលព្រំដែនដីគោករវាងប្រទេសទាំងពីរ»។
លោក ហ៊ុន សែន អះអាងថា បង្គោលព្រំដែនលេខ ៣១៤ ជាបង្គោលដ៏សំខាន់ ព្រោះវាជាចំណុចក្នុងការចាប់ផ្តើមគូសព្រំដែនសមុទ្រ នៃប្រទេសទាំងពីរ។
ជាមួយគ្នានេះដែរ លោក ង្វៀង តិនយ៉ុង លើកឡើងថា បង្គោលព្រំដែននេះនឹងបង្កើនកិច្ចសហការរវាងប្រទេសទាំងពីរ និងសហការអភិវឌ្ឍសេដ្ឋកិច្ច នាំស្ថិរភាពដល់ប្រជាជនក្នុងខេត្ត គៀនយ៉ាង និងខេត្តកំពត ហើយក៏ជំរុញឲ្យមានទំនាក់ទំនងនិងកិច្ចសហប្រតិបតិ្តការ គ្រប់ផ្នែក ពិសេសវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងការវិនិយោគ នៅតាមបណ្តាខេត្តតាមព្រំដែន។ លោក ង្វៀង តិនយ៉ុង ថ្លែងថា៖ «បង្គោលលេខ៣១៤ ជាការសាងសង់ស្រស់ស្អាតស្ថិតនៅតំបន់ឆ្នេរសមុទ្រនៃប្រទេសទាំង ពីរ មានខ្យល់បរិសុទ្ធ និងទេសភាពស្អាត ស្ថិតនៅក្បែរច្រកព្រំដែនអន្តរជាតិ។ ខ្ញុំជឿថានៅថ្ងៃអនាគតដ៏ខ្លីទីនេះនឹងក្លាយជាតំបន់ទេសចរណ៍ដ៏ ស្រស់បំព្រង»។
ប៉ុន្តែ គណបក្ស សម រង្ស៊ី នៅតែគិតថា បង្គោលព្រំដែនទាំងអស់ ដែលបោះនៅតាមបណ្តោយព្រំដែនកម្ពុជា និងវៀតណាម មិនផ្តល់ប្រយោជន៍ដល់ប្រជាជនកម្ពុជាទេ ផ្ទុយទៅវិញ កសិករខ្មែរបាត់បង់ដីធ្លីទៅខាងវៀតណាម ពីការបោះបង្គោលព្រំដែននេះ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសមរង្ស៊ី បានថ្លែងថា៖ «បើ [ការបោះបង្គោលព្រំដែន]ត្រឹមត្រូវ នោះ [លោក ហ៊ុន សែន]អនុញ្ញាតឲ្យអ្នកសង្កេតការណ៍អន្តរជាតិ ជាតិ និងតំណាងរាស្រ្តគណបក្សនយោបាយដទៃទៀតចូលរួមនិងពិនិត្យមើល»។
លោកបន្តថា៖ «វាល្អសម្រាប់សេដ្ឋកិច្ច ប៉ុន្តែ ល្អសម្រាប់សេដ្ឋកិច្ចវៀតណាម។ ខ្មែរយើងជញ្ជីងពាណិជ្ជកម្មបាត់តុល្យភាពគ្នាជាមួយនឹងវៀតណាម។ [វៀតណាម]នាំចូល២ពាន់លានដុល្លារអាមេរិកមកលក់ក្នុងស្រុក ខ្មែរ តែខ្មែរនាំចេញទៅលក់[នៅវៀតណាម] តិចជាង ១០០ លានដុល្លារអាមេរិក»៕ TK
ភ្នំពេញ ប៉ុស្តិ៍

