ភំ្នពេញៈសាលាដំបូងរាជធានីភំ្នពេញនៅថ្ងៃនេះ បានបើកសវនាការ ជំនុំជម្រះស្ត្រីម្នាក់ជាថៅកែហាងកោសជប់ ម៉ាស្សា យីហោ សមប្រាថ្នា ក្រោមការចោទប្រកាន់ពីបទផ្តល់ទីកន្លែងសម្រាប់ពេស្យាចារ ។
លោក កែវ មុនី ប្រធានក្រុមប្រឹក្សា ជំនុំជម្រះសាលាដំបូងរាជធានី បានថ្លែងថា ឈ្មោះ គួច សុខឡេង ភេទស្រី អាយុ ៣៤ឆ្នាំ ជាប់ចោទពីបទផ្តល់ទីកន្លែងសម្រាប់ពេស្យាចារ នៅផ្ទះលេខ ៤៧ ផ្លូវមុនីរ៉េត សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ហើយត្រូវសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០១២ និងឃុំខ្លួននៅថ្ងៃទី ១៤ ខែកុម្ភះ ឆ្នាំដដែល។
ក្នុងសវនាការ សុខឡេង បានសារភាពប្រាប់តុលាការថា អ្នកស្រីបានបើកហាងកោសជប់ ម៉ាស្សានេះ ជាង២ឆ្នាំមកហើយ ដោយមានការអនុញ្ញាតពីអាជ្ញាធរខណ្ឌ និងសង្កាត់។អ្នកស្រីបន្តថា ថ្លៃជួលផ្ទះ៣៥០ដុល្លារក្នុងមួយខែ មាន៣បន្ទប់ មាននារីបំរើការ៧នាក់ តម្លៃម៉ាស្សាក្នុងមួយម៉ោង មួយម៊ឺនរៀលគាត់ដកយក៨ពាន់ បើចេញទៅក្រៅគាត់ដក១ម៊ឺនរៀល។
សុខឡេង បានអះអាងថា គាត់បានហាមមិនឲ្យមានការរួមភេទនៅក្នុងហាងទេ នៅថ្ងៃឃាត់ខ្លួនមានបុរសម្នាក់បានចូលមកម៉ាស្សា ដោយបានយកស្រោមមកជាមួយ ហើយបានទូរស័ព្ទហៅនគរបាល។ អ្នកស្រីបញ្ជាក់ថា៖ « នគរបាលឈ្មោះហុង និងបុរសម្នាក់ទៀត បានឲ្យគាត់បង់លុយឲ្យគេក្នុងមួយខែ ២០០ដុល្លារ តែគាត់មិនព្រម។ នៅខណ្ឌឈ្មោះនេះបានប្រាប់គាត់ថា អ្នកចាប់អ្នកឯងក៏អ្នកហ្នឹង អ្នកដោះលែងក៏អ្នកហ្នឹង»។
សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញ ប៉ុស្តិ៍

