ភ្នំពេញ : ជម្រាបសួរមិត្តអ្នកអាន ភ្នំពេញ ប៉ុស្ដិ៍ជាទីមេត្រី! សប្ដាហ៍នេះ គឺខុសពីសប្ដាហ៍មុនៗ ដោយខ្ញុំនឹងនាំលោកអ្នកទៅសិក្សាវិធីធ្វើអាហារបែបជប៉ុន ពីអ្នកជំនាញនៅសាលាបង្រៀនធ្វើម្ហូបអន្តរជាតិ ពិភពថ្មី។ នៅទីនេះ លោក វិត ថន ដែលជាគ្រូបង្រៀនធ្វើម្ហូបដ៏ចំណាន នឹងបង្ហាញពីវិធីធ្វើអាហារស៊ូស៊ីដ៏មានប្រជាប្រិយភាពនៅជប៉ុន។
គ្រឿងផ្សំ :
ត្រីសាម៉ុន សាច់ក្ដាម ត្រសក់ ផ្លែប៊័រ ទឹកម៉ាយូណេស ត្រីធូណា ពងបង្គាក្រហម ពងបង្គាខៀវ សារាយជប៉ុន បាយស៊ូស៊ី ម៉ាគីស៊ូ (makisu បន្ទះឫស្សីសម្រាប់មូរដុំបាយ) ទឹកស៊ីអ៊ីវខាប់ជប៉ុន និងគ្រឿងហឹរវ៉ាសាប៊ិ។
វិធីចម្អិន : ដំបូងលោកអ្នកត្រូវយកអង្ករជប៉ុនមកដាំជាបាយស៊ូស៊ីឲ្យឆ្អិន រួចដួសមួយវែកធំមកដាក់លើបន្ទះសារាយជប៉ុន។
បន្ទាប់មកយកគ្រឿងផ្សំរួមមាន សាច់ត្រីសាម៉ុន សាច់ក្ដាម ត្រសក់ ផ្លែប៊័រ ទឹកម៉ាយូណេស ត្រីធូណា យកទៅដាក់ពីលើដុំបាយ រួចរុំជាមួយបន្ទះសារាយសមុទ្រឲ្យណែនល្អ ដោយប្រើបន្ទះឫស្សីសម្រាប់មូរដុំបាយនោះ។ នៅពេលដែលមូរតឹងណែនល្អ និងខ្ចប់ស្រេចបាច់ហើយ យើងត្រូវយកកាំបិតមកកាត់ជាកង់ៗប្រវែងប្រមាណជា២ថ្នាំងដៃ រួចទើបយកពងបង្គាក្រហម ពងបង្គាខៀវ ឬត្រីសាម៉ុន មកដាក់បន្តុបពីលើដុំបាយដែលខ្ចប់សារាយសមុទ្រនោះ តាមចំណូលចិត្ត។
ជាទូទៅ គេនិយមញ៉ាំស៊ូស៊ីដោយជ្រលក់ក្នុងទឹកស៊ីអ៊ីវខាប់របស់ជប៉ុន ដែលមានលាយគ្រឿងហឹរម្យ៉ាងពណ៌បៃតងហៅថា វ៉ាសាប៊ិ។
គួរបញ្ជាក់ផងដែរថា បាយដែលយកមកធ្វើស៊ូស៊ី ចាំបាច់ត្រូវតែដាំពីអង្គរពិសេសម៉្យាងរបស់ជប៉ុន ទើបអាចវេចខ្ចប់ជាមួយគ្រឿងផ្សំដទៃទៀតបាន ដោយសារតែវាមានជាតិស្អិតល្មួតខុសពីបាយដែលចម្អិនពីអង្ករយើង ធម្មតា។
ប្រសិនបើលោកអ្នកចង់ភ្លក្សរសជាតិ ស៊ូស៊ី បែបជប៉ុន ឬក៏ចង់រៀនសិក្សាជំនាញនេះពីមេចុងភៅល្បីឈ្មោះផ្ទាល់តែម្ដង សូមទំនាក់ទំនងសាលាបង្រៀនធ្វើម្ហូបអន្តរជាតិ ពិភពថ្មី ដែលមានអាសយដ្ឋាននៅភោជនីយដ្ឋានពិភពថ្មី ផ្ទះលេខ ១២ ផ្លូវលេខ ៨៨ សង្កាត់ស្រះចក និងទំនាក់ទំនងទូរស័ព្ទលេខ ០៨១ ៨៣២ ១២៣ និង ០៨៩ ៨៣២ ១២៣។
បណ្ដាភោជនីយដ្ឋាន សាលាបង្រៀនធ្វើម្ហូប និងលោកអ្នកដែលមានបំណងចង់ចែករំលែកវិធីចម្អិនម្ហូបជាមួយមិត្ត អ្នកអាន ភ្នំពេញ ប៉ុស្ដិ៍ សូមទំនាក់ទំនងមកកាន់ផ្នែកជីវិតកម្សាន្តតាមរយៈលេខ ០៧៧ ៧១៧ ៧១៥ និង ០១៦ ៩៣ ១៣ ១៣៕
ភ្នំពេញ ប៉ុស្តិ៍







