Headlines:

យុវជន​គួរ​ផ្ដើម​គិត​គូរ​ពី​ការងារ​អំឡុង​ពេល​សិក្សា​?

120627_04

នៅ​ពេល​ដែល​ប្រទេស​កំពុង​តែ​រីក​ចម្រើន​ តម្រូវ​ការ​ធនធាន​មនុស្ស​ និង​តម្រូវ​ការ​ទីផ្សារ​ការ​ងារ​ក៏​កើន​ឡើង​ដែរ​។ យុវជន​បច្ចុប្បន្ន​នេះ​កំពុង​តែ​ព្យាយាម​ស្រូប​យក​ចំណេះ​វិជ្ជា​ឲ្យ​បាន ជ្រៅ​ជ្រះ​ដើម្បី​ទទួល​បាន​ការងារ​ធ្វើ​ដ៏​សមរម្យ និង​មាន​អនាគត​ល្អ​។

បើ​យើង​ក្រឡេក​ទៅ​មើល​ទីផ្សារ​ការងារ​នា​ពេល​បច្ចុប្បន្ន​វិញ តម្រូវ​ការ​ក្នុង​ការ​ជ្រើសរើស​បុគ្គលិក​ តែងតែ​ត្រូវ​ការ​អ្នក​ដែល​មាន​ចំណេះដឹង និង​បទ​ពិសោធ​ការងារ​។ ដូចនេះ ​ការ​ស្វែងរក​ការងារ​ ពេល​ខ្លះ​មិន​មែន​ជា​ការ​ងាយ​ស្រួល​ទេ ​ទោះ​បី​ជា​អ្នក​នោះ​មាន​ចំណេះដឹង​ខ្ពង់ខ្ពស់​ ប៉ុន្តែ បើ​គ្មាន​បទពិសោធ​ជាក់ស្ដែង​នោះ​។

លោក​ សាម៉េន សុខា​ ជា​អនុប្រធាន​នៃ​ទីភ្នាក់ងារ​ជាតិ​មុខរបរ​ និង​ការងារ ​បាន​ពន្យល់​ថា​ មាន​កន្លែង​ការងារ​មួយ​ចំនួន​ត្រូវ​ការ​ជ្រើសរើស​បុគ្គលិក​មុខ​តំណែង​​ ខ្ពស់ និង​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​ដែល​នាំ​ឲ្យ​គេ​ត្រូវ​ការ​ស្វែងរក​បេក្ខជន​ ឬ​បុគ្គលិក​ណា​ដែល​មាន​ចំណេះដឹង​​ជ្រៅ​ជ្រះ និង​បទពិសោធ​ការងារ​ច្រើន។

លោក​បាន ​បន្ត​ទៀត​ថា​៖ «សម្រាប់​តំណែង​នៅ​ក្នុង​ក្រុមហ៊ុន​ធំៗ ឬ​ក្នុង​ការិយាល័យ​ ពួក​គេ​តែងតែ​ចង់​បាន​បុគ្គលិក​មាន​បទពិសោធ​ការងារ​ ​រីឯ​មុខ​តំណែង​ខ្លះ​ ក៏​មិន​ចាំបាច់​មាន​បទពិសោធ​ច្រើន​ទេ ដោយ​គ្រាន់​តែ​អាច​ធ្វើ​ការងារ​បាន​ជា​ការ​ស្រេច។ ​ដូច្នេះ ​យុវជន​ខ្លួន​ឯង​​គួរ​តែ​គិត​គូរ​ពី​អ្វី​ដែល​ខ្លួន​គួរ​តែ​ធ្វើ​ពី ថ្ងៃ​នេះ​តទៅ»។

ដោយ​ឡែក កញ្ញា នូ បូរ៉ែន ជា​ប្រធាន​រដ្ឋបាល​ និង​ហិរញ្ញវត្ថុ​ នៅ​អង្គការ​យុវ​សន្តិភាព​ បាន​ប្រាប់​ថា៖ «​រាល់​ការ​ជ្រើសរើស​បុគ្គលិក​ មិនមែន​តែ​អង្គការ​របស់​ខ្ញុំ​នោះ​ទេ​ ប៉ុន្តែ​កន្លែង​ដទៃ​ទៀត​ក៏​ដូចគ្នា​ដែរ​ គឺ​តែងតែ​ផ្តល់​អាទិភាព​ទៅ​អ្នក​ដែល​មាន​បទពិសោធ​ការងារ​ និង​អ្នក​ដែល​បាន​ចូល​រួម​ធ្វើ​ការងារ​សង្គម​បាន​ច្រើន​»។

កញ្ញា បូរ៉ែន​ បាន​ផ្តល់​យោបល់​ថា​៖ «ការ​សិក្សា​ពិត​ជា​សំខាន់​ ហើយ​អ្នក​រាល់​គ្នា​មិន​អាច​រស់​ដោយ​គ្មាន​ការ​អប់រំ​បាន​ឡើយ​ ប៉ុន្តែ​ចំពោះ​គំនិត​ខ្ញុំ យុវជន​ក៏​គួរ​តែ​ចូល​រួម​ជាមួយ​សកម្មភាព​សង្គម​និង​ការងារ​ផ្សេងៗ ដូចជា​ ការ​ចុះ​កម្ម​សិក្សា ​ឬ​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​ជាដើម​ ដើម្បី​បង្កើន​ចំណេះដឹង​និង​ទទួល​បាន​បទពិសោធ​ការងារ​»។

ចំណែក​ឯកញ្ញា​ សេង​ សុផន​ ជា​និស្សិត​បញ្ចប់​ការ​សិក្សា​ខាង​ផ្នែក​កសិកម្ម​ បាន​ប្រាប់​ឲ្យ​ដឹង​ពី​បញ្ហា របស់​កញ្ញា​ថា​៖ «ខ្ញុំចំណាយ​ពេល​ស្វែង​រក​ការងារ​ធ្វើ​បី​ឆ្នាំ ប៉ុន្តែ​នៅ​តែ​រក​មិន​បាន​សោះ​ ហើយ​អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ឆ្ងល់​ពី​បញ្ហា​នេះ គឺថា​តើ​ហេតុ​អ្វី​បាន​ជា​រាល់​កន្លែង​ការងារ​ទាំងអស់​សុទ្ធតែ​តម្រូវ​ឲ្យ​មាន ​បទពិសោធ​ច្រើន​បែប​នេះ?​»។ កញ្ញា សុផន ​បន្ត​ថា​៖ «ពួក​គេ​ហាក់​ដូចជា​មិន​ផ្តល់​ឱកាស​ឲ្យ​អ្នក​ដែល​ទើប​បញ្ចប់​ការ​សិក្សា ​ឬ​ក៏​មាន​បទពិសោធ​តិច​នោះ​ទេ»។

យ៉ាង​ណា​មិញ អ្វី​ដែល​យើង​បាន​សង្កេត​ឃើញ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ ក៏​មាន​យុវជន​មួយ​ចំនួន​មិន​សូវ​ខ្វាយខ្វល់​ពី​បញ្ហា​នេះ​ដែរ​។ ​ពួក​គេ​គ្រាន់​តែ​ចង់​មាន​ពេលវេលា​ច្រើន​នៅ​ក្នុង​ការ​សិក្សា​ប៉ុណ្ណោះ​ រីឯ​ការ​ស្វែង​រក​ការងារ​ ឬ​ក៏​បទពិសោធ​វិញ ​ពួក​គេ​ទំនង​ជា​រង់ចំា​ដល់​ពេល​រៀន​ចប់​ទើប​គិត​គូរ​។

កញ្ញា ឃី គីមចេង​ អាយុ​២១ឆ្នាំ ជា​និស្សិត​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទនីតិសាស្ត្រ​ និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច​ និង​ជា​និស្សិត​នៅ​សាកល​វិទ្យាល័យ​បញ្ញាសាស្ត្រ​នៃ​កម្ពុជា​ បាន​ឲ្យ​ដឹង​​ថា​៖ «​បទពិសោធ ពិត​ជា​សំខាន់​សម្រាប់​ការ​ដាក់​ពាក្យ​សុំ​ចូល​ធ្វើ​ការងារ​។ ​យ៉ាង​ណា​មិញ ការ​អប់រំ​ក៏មាន​សារៈសំខាន់​ដូចគ្នា​ដែរ ដូច​នេះ​ហេតុអ្វី​បាន​ជា​យើង​មិន​ចំណាយ​ពេល​៤​ឆ្នាំ​ក្នុង​ការ​សិក្សា​ឲ្យ​ ចប់​ជា​មុន​សិន សឹម​ស្វែងរក​ការងារ?»។ ​

យ៉ាង​ណា​មិញ គំនិត​របស់​មនុស្ស​រមែង​ខុស​ប្លែក​ពី​គ្នា ប៉ុន្តែ​គំនិត​ទាំងអស់ ​ហាក់​ដូចជា​មិន​សូវ​ត្រូវ​ជាមួយ​នឹង​លក្ខខណ្ឌ​ទីផ្សារ​ការងារ​នា​ពេល​ បច្ចុប្បន្ន​ទេ​ ដោយ​សារ​តែ​ការ​ប្រកួត​ប្រជែង​ក្នុង​វិស័យ​ការងារ​របស់​យុវជន​ខ្មែរ​កំពុង​តែ ​មាន​ការ​កើន​ឡើង​ជា​លំដាប់។

ក្រៅ​ពី​ក្រុម​និស្សិត​មិន​ខ្វល់​ខ្វាយ​ ក៏​មាន​និស្សិត​មួយ​ចំនួន​ទៀត​ កំពុង​តែ​អន្ទះ​អន្ទែង និង​គិត​គូរ​ជា​ខ្លាំង​ទៅ​លើ​ការ​ស្វែងរក​បទពិសោធ​ការងារ​ ហើយ​ពួកគេ​បែរ​ជា​មាន​ការ​មិន​ពេញ​ចិត្ត​ចំពោះ​គោលការណ៍​របស់​ស្ថាប័ន​ឬ​ក៏ ក្រុមហ៊ុន​មួយ​ចំនួន​ដែល​មិន​ផ្តល់​ឱកាស​ដល់​ពួក​គេ​ក្នុង​ការ​ចុះ​កម្ម​សិក្សា ឬ​ធ្វើ​ការ​ពេល​កំពុង​រៀន​នោះ​ទេ​។

កញ្ញា ​ចាន់​ ណារី បច្ចុប្បន្ន​ជា​ជំនួយ​ការ​ផ្នែក​រដ្ឋបាល​នៃ​ AMB Events Cambodia និង​ជា​និស្សិត​ឆ្នាំ​ទី​បួន បាន​ប្រាប់​ឲ្យ​ដឹង​ថា​៖  «​ឆ្នាំ​នេះ​ខ្ញុំ​ត្រូវ​ធ្វើ​សារណា​ (និក្ខេបបទ​) បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ប៉ុន្តែ​ការ​ចុះ​កម្ម​សិក្សា​ពិត​ជា​មិន​ងាយស្រួល​នោះ​ទេ​ ដោយ​សារ​តែ​មាន​ស្ថាប័ន​ជា​ច្រើន​បាន​បដិសេធ​ចំពោះ​សំណើ​របស់​ខ្ញុំ​»។ ក្រោយ​មក ទើប​មាន​ស្ថាប័ន​មួយ​បាន​អនុញ្ញាត​ឲ្យ​ខ្ញុំ​ចុះ​កម្មសិក្សា។

កញ្ញា ណារី បាន​អះអាង​ថា យុវជន​ពិត​ជា​ស្វះស្វែង​ណាស់​ក្នុង​ការ​ស្វែងរក​បទពិសោធ​ការងារ ប៉ុន្តែ​ថា​តើ​ពួក​គេ​នឹង​ទទួល​បាន​វា​យ៉ាង​ដូចម្តេច​ បើ​សិន​ជា​ខាង​ស្ថាប័ន​ឬ​ក៏​ក្រុមហ៊ុន​មួយ​ចំនួន​មិន​ផ្តល់​ឱកាស សម្រាប់​ពួក​គេ​នោះ។

លោក​ ផុន​ ណា​វុឌ្ឍ​ ដែល​ជា​អ្នក​គ្រប់គ្រង​ផ្នែក​ការ​វាយ​តម្លៃ​ និង​រៀបចំ​គម្រោង​ នៅ​​ Industrial and Commercial Bank បាន​ប្រាប់​ឲ្យ​ដឹង​ថា៖ «ធនាគារ​របស់​យើង មិន​មាន​​គោលការណ៍​ផ្តល់​កម្មវិធី​កម្ម​សិក្សា ឬ​ការងារ​ស្ម័គ្រចិត្ត​សម្រាប់​សិស្ស-និស្សិត​នោះ​ទេ»។

លោក ​បាន​បន្ត​ថា​៖ «​មូលហេតុ​ដែល​មិន​អនុញ្ញាត​ឲ្យ​សិស្ស​មក​ចុះ​កម្មសិក្សា​នៅ​ក្នុង​កន្លែង ​របស់​យើង​ វា​មិន​​មែន​ដោយ​សារ​តែ​បញ្ហា​ខ្វះ​សមត្ថភាព​របស់​យុវជន​នោះ​ទេ​ គឺ​ដោយ​សារ​តែ​យើង​ជា​កន្លែង​ថ្មី​ហើយ​យើង​មិនមាន​ពេល​វេលា​គ្រប់គ្រាន់​ សម្រាប់​បណ្តុះ​បណ្តាល​ពួក​គេ​។ ប៉ុន្តែ ពេល​ថ្មីៗ​នេះ​យើង​កំពុង​តែ​មាន​គម្រោង​បង្កើត​ឲ្យ​មាន​កម្មវិធី​នេះ​នៅ​នា​ពេល ​អនាគត​»។

លោក​បាន​ចែក​រំលែក​នូវ​យោបល់​ផ្ទាល់​ខ្លួន​ថា​ មាន​ស្ថាប័នជា​ច្រើន​ក៏​ដូចជា​ស្ថាប័ន​របស់​លោក​ដែរ ក៏​ចង់​ផ្តល់​ឱកាស​ដល់​និស្សិត​ដែរ​ ប៉ុន្តែ​ពួកគេ​ខ្លាច​ថា​គ្មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុង​ការ​បណ្តុះ​ បណ្តាល​សិស្ស​ទាំង​នោះ​។ សព្វ​ថ្ងៃ​មាន​កន្លែង​ការងារ​ជា​ច្រើន​ដែល​អនុញ្ញាត​ឲ្យ​សិស្ស​ចុះ​ កម្មសិក្សា ឬ​ផ្ដល់​ការងារ​ស្ម័គ្រចិត្ត​ ដូចនេះ​ វា​មិន​មែន​ជា​បញ្ហា​ឡើយ ប្រសិន​បើ​​កន្លែង​ខ្លះ​មិន​អនុញ្ញាត​នោះ។

ចំណែកឯ​លោក សាម៉េន​ សុខា​ បាន​ផ្តល់​ជូន​នូវ​យោបល់​មួយ​ចំនួន​ដល់​សិស្ស​និស្សិត​ទាំង​អស់​ថា៖ «សូម​កុំ​គិត​ថា​ យើង​គួរ​តែ​រង់ចាំ​រហូត​ដល់​ពេល​បញ្ចប់​ការ​សិក្សា​ ទើប​ខំ​ស្វះស្វែង​រក​ការងារ​ធ្វើ​ឲ្យ​សោះ​​។ ​អំឡុង​ពេល​សិក្សា យើង​គួរ​តែ​ចែក​រំលែក​ពេលវេលា​ខ្លះ​ដើម្បី​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​ ឬ​ក៏​ចុះ​កម្ម​សិក្សា ដែល​សុទ្ធសឹង​ជា​ប្រភព​នៃ​បទពិសោធ​ការងារ​សម្រាប់​​ឱកាស​ថ្ងៃ​ក្រោយ»​។

ដូច្នេះ​ក្នុង​នាម​ជា​យុវជន​សម័យ​ទំនើប យើង​គួរ​តែ​សម្លឹង​មើល​ពី​អ្វី​ដែល​ថ្មី ជា​ពិសេស​តម្រូវ​ការ​ទីផ្សារ​ការងារ ​និង​ចេះ​ច្នៃប្រឌិត​ដើម្បី​ឲ្យ​ស្រប​ទៅ​សង្គម​បច្ចុប្បន្ន​។ ដូចនេះ​អ្នក​ត្រូវ​ចង​ចាំ​ថា ​គ្មាន​អ្នក​ណា​អាច​ជួយ​អ្នក​បាន​ទេ​ បើ​អ្នក​មិន​ចេះ​ជួយ​ខ្លួន​ឯង​នោះ​។ លើសពី​នេះ​ទៀត​​ យើង​ខ្ញុំ​សង្ឃឹម​ថា បណ្ដារ​ក្រុមហ៊ុន និង​ស្ថាប័ន​នានា នឹង​បើក    ​ឱកាស​ការ​ងារ​ដល់​យុវជន​ឲ្យ​កាន់​តែ​ច្រើន​ក្នុង​ការ​ចែក​រំលែក​គ្នា​ ទៅ​វិញ​ទៅ​មក​ ដូច​ពាក្យ​មួយ​តែង​តែ​និយាយ​ថា បើ​អ្នក​ជួយ​គេ​ គេ​នឹង​មិន​ភ្លេច​គុណ​អ្នក​នោះ​ទេ៕