ខេត្តក្រចេះ: ស្រី្តជាប្រពន្ធ និងកូនពីរនាក់ ត្រូវបានកម្លាំងនគរបាលស្រុកស្នួល ចាប់ឃាត់ខ្លួន ក្រោយពីមានការសង្ស័យថា មានជាប់ពាក់ព័ន្ឋនឹងករណីឃាតកម្ម ទៅលើប្តី និងឪពុកបង្កើត កាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៦ មិថុនា នៅនឹងឯរោងចាំចម្ការ ចំណុចអូររមុល ភូមិឃ្សឹមក្រៅ ឃុំឃ្សឹម ស្រុកស្នួល។
មន្រ្តីនគរបាលព្រហ្មទណ្ឌស្រុកស្នួល បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ថ្លុង សុខុម អាយុ៤៧ឆ្នាំមានមុខរបរជាអ្នកធ្វើចម្ការនៅចំណុចខាងលើ ត្រូវបានកូនបង្កើត ឈ្មោះខុម ដាវី អាយុ ១៩ឆ្នាំ យកពូថៅវាយរហូតដល់ស្លាប់ និងព្យាយាមយកសាកសពរុំកន្ទេលទៅប្លុងចោលនៅរបងព្រំដីចម្ការ រួចបានរត់គេចខ្លួនបាត់ ប៉ុន្តែ ដោយតែមានសាក្សីបញ្ជាក់ថាគេឃើញប្រពន្ធនិងកូនៗ
រុំកន្ទេលបុរសជាប្តីទៅទម្លាក់នៅជាយរបងចម្ការនោះ សមត្ថកិច្ចនគរបាលស្រុកក៏បានឃាត់ខ្លួន ស្រ្តីជាប្រពន្ធ ឈ្មោះ រត្ន័ មឿន អាយុ៤៦ឆ្នាំ និងកូនប្រុសឈ្មោះ សុខុម ធីតា អាយុ២២ឆ្នាំ និងឈ្មោះ សុខុម រ៉ា អាយុ២៦ឆ្នាំ យកមកសួរនាំ។
មន្ត្រីនគរបាលស្រុកដដែលបានឲ្យដឹងថា គ្រួសារបុរសរងគ្រោះ មានកូនចំនួន ៧នាក់ ជនដៃដល់ជាកូន បានរត់បាត់ ហើយមូលហេតុដែលបង្កឲ្យមានករណីឃាតកម្មនេះ គឺមកពីទំនាស់រឿងលក់ដី ខណៈដែល ជនដៃដល់ជាកូនបានបង្គាប់ឲ្យឪពុកលក់ដីចម្ការ តែគាត់មិនព្រមលក់ កូនក៏បានយកពូថៅវាយមកលើបុរសជាឪពុក រហូតដល់ស្លាប់បាត់បង់ ជីវិត។ លោកបានអះអាងថា៖« ជនសង្ស័យកំពុងឃុំខ្លួន និងសាកសួរ នៅអធិការ ហើយនឹងបញ្ជូនទៅតុលាការខេត្តនៅថ្ងៃស្អែក»។
លោក អ៊ីវ សាភុំ អភិបាលស្រុកស្នួល បានឲ្យដឹងថា ពិតជាមានរឿងឃាតកម្មកើតឡើងមែន ជនរងគ្រោះជាឪពុក ត្រូវជនដៃដល់ជាកូន វាយនឹងពូថៅបណ្តាលឲ្យរងរបួសធ្ងន់ត្រង់ក្បាល និងដងខ្លួន និងត្រូវស្លាប់នៅនឹងកន្លែង។ លោកបន្តថា ជនសង្ស័យកំពុងឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានស្រុកនៅឡើយ៕
ភ្នំពេញ ប៉ុស្តិ៍

