ភ្នំពេញៈ អ្នកប្រដាល់ជើងខ្លាំងចំនួន៤រូប មានអ្នកលេងស្នៀតជង្គង់ ឡុង សុភី វ៉ាន់ ចាន់វៃ ផុន ផាន់ណា និង កីឡាករកំពុងឡើងកូដ ពុទ្ធ ឆាយរិទ្ធី នឹងឡើងប្រឈមដាក់គ្នា នៅក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ជើងឯក១០លានស្រាផែនដី វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅលើសង្វៀនស៊ីធីអិន នារសៀលថ្ងៃសៅរ៍នេះ។
ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ឡុង សុភី មកពីក្លិបសាលវ័ន្តកីឡា ត្រូវប្រកួតជាមួយអ្នកប្រដាល់ខ្លួនតូចចិត្តធំ វ៉ាន់ ចាន់វៃ របស់ក្លិបសិង្ហកីឡា រីឯ ជើងខ្លាំងគ្មានគូប្រៀបមកពីក្លិបអប្សរាគុនខ្មែរ ផុន ផាន់ណា ត្រូវជួបជាមួយកីឡាករទើបសាងភាពល្បី ពុទ្ធ ឆាយរិទ្ធី មកពីក្លិបពុទ្ធសេរីវង្សកីឡា។
មុនពេលឡើងមកជួបគ្នានៅក្នុងវគ្គនេះ អ្នកទាំង៤បានឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញនៅតាមពូលទាំង ពីរ។ ពូល A ដែលមាន ឡុង សុភី ហ៊ឹម សារ៉ាន់ ពុទ្ធ ឆាយរិទ្ធី ជាម អាដាំ នន់ ជំនិត និង អ៊ឹង បូរិន នោះ សុភី ទទួលបានចំណាត់ថ្នាក់លេខ១ប្រចាំពូល បន្ទាប់ពីរូបគេយកឈ្នះលើគូប្រកួតទាំង៥លើកជាប់គ្នា។ ចំណែកឯ ពុទ្ធ ឆាយរិទ្ធី បានទទួលចំណាត់ថ្នាក់លេខ២ ខណៈដែលរូបគេប្រកួតចាញ់ពិន្ទុ ឡុង សុភី។
សម្រាប់ការប្រកួតនៅក្នុងពូលB ដែលមាន ផុន ផាន់ណា ភេឌី ម៉ឺនសុភា វ៉ាន់ ចាន់វៃ ពេជ្រ អារុណ ហេង វិឆ័យ និង ខុន ចាន់ថននោះ អ្នកលេងស្នៀតចម្រុះ ផុន ផាន់ណា បានក្លាយជាជើងខ្លាំងប្រចាំពូល តាមរយៈការប្រកួតផ្តួលគូប្រកួតទាំង៥លើកដូច ឡុង សុភី ដែរ ហើយគេបានបំបាក់ភាពអំណត់របស់កីឡាករចំណាត់ថ្នាក់លេខ២ វ៉ាន់ ចាន់វៃ បានយ៉ាងជោគជ័យ។
ផ្អែកលើលទ្ធផលនៃការប្រកួតវិលជុំនៅតាមពូលទាំងពីរតាមរយៈពេល ១៥សប្តាហ៍កន្លងមកនោះ អ្នកតាមដានក្នុងព្រឹត្តិការណ៍នេះ នៅតែផ្តោតអារម្មណ៍ និងធ្វើការវាយតម្លៃថា ឡុង សុភី និង ផុន ផាន់ណា នឹងឆ្លងផុតពីការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដើម្បីឡើងទៅជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រប្រជែងយកប្រាក់១០លានរៀល ពីក្រុមហ៊ុនស្រាផែនដី។
ផុន ផាន់ណា បានប្រាប់កាលពីម្សិលមិញថា៖ «ខ្ញុំទទួលស្គាល់ថា ឆាយរិទ្ធី មានស្នៀតប្រយុទ្ធគ្រាន់បើ ហើយខ្ញុំក៏មិនធ្លាប់ជួបគ្នាគេពីមុនមកនោះដែរ ប៉ុន្តែខ្ញុំគិតថា វានឹងមិនមានអ្វីដែលត្រូវធ្វើឲ្យខ្ញុំព្រួយបារម្ភនោះទេ ព្រោះខ្ញុំអាងទៅលើកម្លាំងនៃការហ្វឹកហាត់ និងបទពិសោធន៍»។
ផុន ផាន់ណា បានកត់សម្គាល់បន្ថែមថា៖«ពិតណាស់ ឆាយរិទ្ធី ខ្ពស់ជាងខ្ញុំ ប៉ុន្តែការមានប្រៀបលើផ្នែកកម្ពស់នេះ ក៏មិនអាចធ្វើអ្វីខ្ញុំបាននោះដែរ ព្រោះខ្ញុំមានស្នៀតវាយដែលខ្ញុំនឹងប្រើប្រាស់ទៅតាមកាលៈទេសៈ។ ខ្ញុំមានសង្ឃឹម៨០ភាគរយក្នុងការឡើងបន្តទៅវគ្គផ្តាច់ព្រ័ត្រ ហើយអ្នកដែលខ្ញុំនឹងត្រូវជួបនៅពេលនោះ ខ្ញុំគិតថាអាចជា ឡុង សុភី»៕
ភ្នំពេញ ប៉ុស្តិ៍

