ភ្នំពេញៈ រដ្ឋាភិបាលអំពាវនាវឲ្យមានការប្រើប្រាស់ផលិតផលផលិតក្នុងស្រុក ឲ្យបានច្រើន ដើម្បីទប់ស្កាត់ការហូរចូលទំនិញពីបរទេស ដែលជាហេតុនាំឲ្យកម្ពុជាបាត់បង់ចំណូល។
ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន បានថ្លែងក្នុងសន្និបាតបូកសរុបការងារនៃក្រសួងទេសចរណ៍ កាលពីថ្ងៃម្សិលមិញថា ការធ្លុះធ្លាយចំណូលបានពីវិស័យទេសចរណ៍ ប្រមាណ២៥ភាគរយនៃចំណូលសរុបជិត២ពាន់លានដុល្លារក្នុងឆ្នាំ២០១១ កើតមានដោយសារកម្ពុជានាំចូលផលិតផលពីបរទេសយកមកផ្គត់ផ្គង់ ទេសចរនៅក្នុងប្រទេស។
លោកស្រី ម៉ែន សំអន បានបន្តថា ការមិនប្រើប្រាស់ផលិតផលក្នុងស្រុកឲ្យបានច្រើន ពេលប្រជាកសិករផលិតបាន ដូចជា បន្លែ ផ្លែឈើ វាជាកត្តាធ្វើឲ្យផលិតករបាក់ទឹកចិត្ត និងផ្អាកសកម្មភាព។ លោកស្រីបន្តថា៖ «យើងគួរតែធ្វើការសិក្សាលើកទឹកចិត្តដល់ផលិតផលនៅក្នុង ប្រទេសដែលជាបាតដៃកសិករ»។
លោកស្រី បន្តថា ក្រោយពីបានសួរអ្នកជំនាញលើវិស័យទេសចរណ៍ ចំណូលពីវិស័យនេះមួយភាគបានបាត់បង់ ដោយសារម្ចាស់សណ្ឋាគារជាជនជាតិបរទេសបាននាំចូល ទាំងបន្លែ សាច់ សម្រាប់ការផ្គត់ផ្គង់ភ្ញៀវ។
លោកស្រីថ្លែងថា៖ «ជួនកាលគាត់[កសិករខ្មែរ]ធ្វើបាន យើងមិនទទួលយករបស់គាត់ទេ ដោយចាត់ទុកថាមិនល្អ ហើយបន្ទាបតម្លៃ ដូចនេះធ្វើឲ្យការចិញ្ចឹមមាន់ ចិញ្ចឹមជ្រូក ចិញ្ចឹមត្រី មានចលនាមិនទៀងទាត់»។
លោក លូ ម៉េង ប្រធានសមាគមសណ្ឋាគារកម្ពុជា និងជាម្ចាស់ភោជនីយដ្ឋានម្លិះនៅរាជធានីភ្នំពេញបាននិយាយថា នេះជាការលើកទឹកចិត្តកូនខ្មែរឲ្យវិនិយោគក្នុងសេវាកម្មទេសចរណ៍ឲ្យ បានច្រើន ពិសេសភោជនីយដ្ឋាន និងសណ្ឋាគារ ឬក៏ចូលទុនផ្នែកណាមួយជាមួយបរទេស។ លោកបន្តថា៖ «នេះគឺជាការបង្កើតការងារនៅកម្ពុជា ហើយលុយកាក់គឺនៅទីនេះ។ យើងអត់អាចរៀនអ្វីថ្មីទេ ប្រសិនយើងធ្វើការតែម្នាក់ឯង»។
លោកបានបន្តថា ភោជនីយដ្ឋានម្លិះបានប្រើប្រាស់ផលិតផលដាំដុះក្នុងស្រុក និង សាច់ផលិតក្នុងស្រុកប្រមាណ ៨០ភាគរយនៃការផ្គត់ផ្គង់សរុប ហើយប្រើផលិតផលនាំចូលមួយចំនួនដែលមិនមានផលិតនៅក្នុងស្រុក ដូចជា ប្រេងឆា ប័រ សាច់ចៀម។
លោក និយាយថា បន្លែដាំដុះក្នុងស្រុកមានគុណភាពល្អជាងបន្លែនាំចូលពីបរទេស។
លោកបន្តថា៖ « បន្លែនាំចូលគឺល្អមើល បន្លែក្នុងស្រុកអត់ល្អមើល តែរស់ជាតិឆ្ងាញ់ជាងរបស់នាំចូល។ របស់នាំចូលខ្លះ គេប្រើគីមី ឆាប់ធំ ស្រស់ល្អ ពណ៌ល្អ តែបន្លែក្នុងស្រុក នៅតែដំាដុះតាមធម្មជាតិនៅឡើយ»។
លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឲ្យដឹងថា បើទោះបីវិស័យទេសចរណ៍មានការរីកចម្រើនគួរឲ្យកត់សម្គាល់ក៏ដោយ តែវិស័យនេះនៅមានបញ្ហាប្រឈមមួយចំនួនដូចជា កង្វះខាតធនធានមនុស្ស ថវិកាផ្សព្វផ្សាយនៅមានកម្រិត ហើយម្យ៉ាងវិញទៀតការចូលរួមរបស់វិស័យឯកជននៅខ្សោយនិងភាព ខ្សោយនៃសមាគមឧស្សាហកម្មទេសចរណ៍។
ទេសចរណ៍ជាវិស័យសំខាន់មួយក្នុងការជំរុញសេដ្ឋកិច្ចជាតិ៕
ភ្នំពេញ ប៉ុស្តិ៍

