ស្របពេលដែលការចេញម៉ូដ និងស៊េរីថ្មីរបស់ម៉ូតូ ទំនើប ជាការពេញនិយមរបស់អតិថិជន ជាពិសេសគឺយុវវ័យទាន់សម័យដែលចង់ប្តូរស៊េរីនោះ ជាធម្មតា ការចង់បាននេះត្រូវបានបង្អាក់ដោយសារតែបញ្ហាថវិកា។ ទោះជាយ៉ាងណាក៏ដោយ យើងរកឃើញថា លោកអ្នកក៏អាចទទួលបានម៉ូតូស៊េរីថ្មីមួយគ្រឿងដែរ ដោយពុំចាំបាច់ចំណាយថវិកាច្រើនណាស់ណានោះទេ គឺអ្នកយកម៉ូតូរបស់អ្នកដែលមានរូបរាងដូចម៉ូតូស៊េរីថ្មី ទៅកន្លែងឡើងស៊េរីម៉ូតូតែប៉ុណ្ណោះ។
ទាក់ទិននឹងការឡើងស៊េរីម៉ូតូនេះដែរ អ្នកនាង សុខ គីម ម្ចាស់ហាងបាញ់ថ្នាំម៉ូតូ និងរថយន្តមួយកន្លែងបានឲ្យដឹងថា៖ «កន្លែងរបស់ខ្ញុំទទួលឡើងស៊េរីម៉ូតូគ្រប់ប្រភេទ បើទោះបីជាម៉ូតូនោះខុសតែម ឬពណ៌ និងចាស់ បើប្រៀបធៀបនឹងម៉ូតូស៊េរីថ្មីក៏ដោយ។ រីឯតម្លៃក្នុងការឡើងស៊េរីម៉ូតូមូយគ្រឿង អតិថិជនចំណាយពី ៥០ដុល្លារ ដល់ជាង១៥០ដុល្លារ វាអាស្រ័យលើទំហំនៃការឡើង និងជួសជុល មានដូចជាការប្តូរតែម និងពណ៌ជាដើម ហើយពួកគេនឹងទទួលបានម៉ូតូស៊េរីថ្មីស្រឡាងមួយគ្រឿង»។ សរុបទៅ ការឡើងស៊េរីម៉ូតូ គឺជាការពេញនិយមណាស់នៅក្នុងស្រទាប់យុវវ័យបច្ចុប្បន្នដែលចូល ចិត្តសម្ភារប្រើប្រាស់ទំនើប និងទាន់សម័យ ព្រមទាំងអ្នកមិនចាំបាច់ ចំណាយថវិកាច្រើនទេ៕
ភ្នំពេញ ប៉ុស្តិ៍







