មន្ត្រីកម្មវិធីជាតិផ្តល់ថ្នាំបង្ការនៅកម្ពុជាបានថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីព្រឹកថ្ងៃពុធថា ក្នុងចំណោមកុមារអាយុក្រោម១ឆ្នាំប្រមាណ៣៨០,០០០នាក់ មានកុមារប្រហែលតែ១៥ភាគរយប៉ុណ្ណោះ នៅមិនទាន់ទទួលបានការគ្របដណ្តប់នៃកម្មវិធីចាក់ថ្នាំបង្កាជំងឺឲ្យបានគ្រប់មុខនៅឡើយទេ។
លោកសាន់ ចន្ទ័សឿន ប្រធានកម្មវិធីជាតិផ្តល់ថ្នាំបង្ការបានមានប្រសាសន៍ថា ការធ្វើចំណាកស្រុក និងការផ្លាស់ប្តូរលំនៅដ្ឋាន រឺអាណាព្យាបាលគ្មានពេលទំនេរយកកូនមកមន្ទីរពេទ្យ គឺជាមូលហេតុធំបំផុតដែលនាំឲ្យកុមារមិនបានទទួលវ៉ាក់សាំងការពារជំងឺឲ្យបានគ្រប់មុខ។
លោកថ្លែងថា៖«ឆ្លើយបតនិងវិធានការខាងលើ យើងត្រូវធ្វើយុទ្ធនាការមួយទៀត ដើម្បីចុះទៅមូលដ្ឋានភូមិ-ឃុំ ជាពិសេសឈានទៅកន្លែងឆ្ងាយៗ ដើម្បីស្វែងរកកុមារទាំងនោះ រឺស្រ្តីក្នុងវ័យបន្តពូជ និងស្រ្តីមានផ្ទៃពោះ ដើម្បីធ្វើការផ្សព្វផ្សាយអំពីការផ្តល់ថ្នាំបង្កាជំងឺផ្សេងៗ ជាពិសេសជំងឺតេតាណុស និងជំងឺកញ្ជ្រិលផងដែរ»។
រាល់បញ្ហាដែលជាប់ពាក់ពន្ធ័និងកម្មវិធីជាតិផ្តល់ថ្នាំបង្កាសម្រាប់ស្រ្តីនិងកុមារ គឺត្រូវបានលើកឡើងនៅក្នុងសន្និសិទថ្នាក់អនុតំបន់អាស៊ីលើកទី៤ ស្តីពីការផ្តល់ហិរញ្ញប្បទានសម្រាប់ផ្តល់ថ្នាំបង្កាប្រកបដោយចីរភាព ដែលប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃពុធម្សិលមិញនេះ នៅសណ្ឋាគារ សូហ្វីតែល រាជធានីភ្នំពេញ។ សន្និសិទនេះត្រូវបានចូលរួមពីតំណាងប្រតិភូរដ្ឋសភានៃប្រទេស Nepal, Srilanka, Mongolie និងប្រទេសកម្ពុជា ដើម្បីបើកកិច្ចពិភាក្សាគ្នាស្វែងរកដំណោះស្រាយពាក់ពន្ធ័និងបញ្ហានេះ។
សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញ ប៉ុស្តិ៍

