ក្រុងសានចូសេៈ តុលាការអាមេរិក កាលពីថ្ងៃអង្គារ បានបដិសេធសំណើររបស់ក្រុមហ៊ុន Samsung Electronics ក្នុងការសុំលើកលែងសេចក្តីបង្គាប់មុនសវនាការរបស់តុលាការ ប្រឆាំងនឹងការលក់ទូរស័ព្ទ Galaxy Nexus របស់ខ្លួន ដែលជាឧបសគ្គផ្លូវច្បាប់មួយទៀតសម្រាប់ក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ មុនជម្លោះផ្លូវច្បាប់ជាមួយនឹងក្រុមហ៊ុន Apple Inc មកដល់នាពេលខាងមុខ។
កាលពីសប្តាហ៍មុន ចៅក្រមប្រចាំតំបន់ (U.S. District Judge) របស់អាមេរិក គឺលោកស្រី Lucy Koh នៅទីក្រុង San Jose រដ្ឋកាលីហ្វ័រញ៉ា បានយល់ព្រមតាមសំណើររបស់ក្រុមហ៊ុន Apple ក្នុងការរារាំងការលក់ទូរស័ព្ទទំនើបរបស់ក្រុមហ៊ុន Samsung តែក្រុមហ៊ុន Samsung បានស្នើទៅតុលាការនេះឲ្យរក្សាទុកសេចក្តីបង្គាប់នេះឲ្យឋិតក្នុងការដោះស្រាយនៅសាលាឧទ្ធរណ៍វិញ។
កាលពីថ្ងៃចន្ទ លោកស្រី Koh បានបដិសេធនឹងសំណើរស្រដៀងគ្នានេះដែរ ដែលស្នើសុំឲ្យលុបចោលការហាមឃាតការលក់កុំព្យូទ័រ Galaxy Tab 10.1 របស់ក្រុមហ៊ុន Samsung ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android របស់ក្រុមហ៊ុន Google Inc និងជាគូប្រជែងនឹងកុំព្យូទ័រ iPad របស់ក្រុមហ៊ុន Apple ផងដែរ។
ភ្នំពេញ ប៉ុស្តិ៍

